សាច់ញាតិ និងអ្នកគាំទ្រលោករ៉ុង ឈុនប្រមាណ២០នាក់ បានដាក់ញត្តិនៅការិយាល័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពមួយរូប។
លោក រ៉ុង ឈុន ជាប្រធានសហភាពសហជីពកម្ពុជា ត្រូវចាប់ឃុំខ្លួនកាលពីចុងខែកក្កដា ក្រោយនិយាយរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា វៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ។
លោក រ៉ុង វ៉ាន់ អាយុ២២ឆ្នាំ ក្មួយប្រុសបង្កើតរបស់លោក រ៉ុង ឈុន បានប្រាប់វីអូអេនៅថ្ងៃច័ន្ទនេះថា ការដាក់ញត្តិទៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនេះ ជាការខិតខំមួយសុំឲ្យមានការផ្តល់យុត្តិធម៌ជូនលោក រ៉ុង ឈុន។
«គោលបំណងរបស់យើងដែលទៅដាក់ញត្តិទៅខាងអង្គការសហប្រជាជាតិ គឺយើងចង់ឲ្យគាត់ជួយដោះស្រាយ និងឃ្លាំមើលអំពីបញ្ហា សិទិ្ធមនុស្សនៅកម្ពុជា ហើយនឹងជួយដោះស្រាយបញ្ហាដែលករណីលោកគ្រូ រ៉ុង ឈុន ដែលគាត់រងភាពអយុត្តិធម៌»។
ញត្តិដែលមានខ្លឹមសារដូចញត្តិដាក់ទៅស្ថានទូតនានាកាលពីកន្លងទៅដូចជាសហរដ្ឋអាមេរិកបារាំង និងសហភាពអឺរ៉ុបជាដើម បានសរសេរក្នុងន័យដើមថា៖ «ការសម្រុកចូលទៅចាប់ខ្លួនលោក រ៉ុង ឈុន នៅវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និងការសម្រេចឃុំខ្លួនលោកនៅពន្ធនាគារនេះ គឺជាទង្វើដ៏អយុត្តិធម៌បំផុត» ដោយសារតែលោក រ៉ុង ឈុន បានការពារផលប្រយោជន៍សង្គមជាតិ ដូចជាឈឺឆ្អាលរឿងព្រំដែន និងចូលរួមតវ៉ាជាមួយកម្មកររោងចក្រកាត់ដេរ។
ញត្តិដដែលពន្យល់ថា លោក រ៉ុង ឈុន មានសិទ្ធិសេរីភាពចូលរួមសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ហេតុដូច្នេះ«បណ្តាប្រទេសប្រជាធិបតេយ្យ ទាំងអស់នឹងជួយអន្តរាគមន៍ ដើម្បីឲ្យមានការដោះលែងលោក រ៉ុង ឈុន ជាបន្ទាន់ និងឥតលក្ខខណ្ឌ»។
លោក Pradee Wagle តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ការិយាល័យនេះបានទទួលញត្តិរបស់គ្រួសារលោករ៉ុង ឈុន។លោកមានប្រសាសន៍ក្នុងន័យដើមថា៖ «ច្បាប់អន្តរជាតិបានធានានូវសិទ្ធិទទួលបានសន្តិសុខ និងសេរីភាពនៃមនុស្សម្នាក់ៗ ហើយនឹងការការពារបុគ្គលពីការឃុំខ្លួន និងការចាប់ខ្លួនតាមតែអំពើចិត្ត។ ការិយាល័យនេះសូមរំឭកអាជ្ញាធរពាក់ព័ន្ធអំពីកាតព្វកិច្ចរបស់ពួកគេ ដើម្បីធានាថា មនុស្សដែលបានចាប់ឃុំខ្លួនមានសិទ្ធិទទួលបានការកាត់ទោសក្នុងពេលសមស្របមួយ។ ជាងនេះទៅទៀត វាមិនគួរតែជាវិធានទូទៅដែលអ្នករង់ចាំការកាត់ទោស ត្រូវតែស្ថិតក្នុងការឃុំខ្លួននោះទេ»។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថាសំណើសុំការជួយពីអង្គការជាតិ និងអន្តរជាតិណាមួយនោះ មិនមានតម្លៃផ្នែកច្បាប់ ដែលអាចបើកផ្លូវឲ្យមានការដោះលែងលោក រ៉ុង ឈុន បានទេ។
«ជាគោលការណ៍ច្បាប់ មិនមានអង្គការឬក៏ស្ថាប័នណាមួយអាចធ្វើការបង្គាប់បញ្ជាឬក៏ដាក់សម្ពាធទៅដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះបានទេ។ មានតែការចូលរួមនៅក្នុងដំណើរការ នីតិវិធីតុលាការហើយធ្វើការការពារខ្លួនតាមផ្លូវច្បាប់ទេ ដែលជាមធ្យោបាយស្របច្បាប់តែមួយគត់»។
លោកបន្ថែមថា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក៏គ្មានអំណាចតាមផ្លូវច្បាប់មកលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យនោះដែរ។
ដោយឡែកនៅក្នុងដំណើរការដាក់ញត្តិថ្ងៃនេះ ក្រុមគ្រួសារ និងអ្នកគាំទ្រលោករ៉ុង ឈុនគ្រោងដើរដោយថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា ក៏ប៉ុន្តែអាជ្ញាធរបានឃាត់មិនឲ្យមានការដើរក្បួន។ នេះបើតាមការបញ្ជាក់របស់លោករ៉ុង វ៉ាន់។
ក្នុងការដាក់ញត្តិនៅព្រឹកថ្ងៃច័ន្ទនេះ មិនមានការឃាត់ខ្លួន ឬចាប់ខ្លួននរណាម្នាក់នោះទេ។ ការតវ៉ាកន្លងទៅ មានការបង្រ្កាបទៅលើអ្នកតវ៉ា និងឃាត់ខ្លួនមនុស្ស ក្នុងនោះមនុស្ស៥នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងចោទប្រកាន់តាមផ្លូវតុលាការរហូតមកដល់ពេលនេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ចាត់ទុកថា ការរារាំងរបស់អាជ្ញាធរលើការតវ៉ាជាផ្នែកមួយនៃការបិទសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ៕