ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​​ពីរនាក់​ត្រូវ​​តុលាការ​ចោទ​ប្រកាន់​​​ពាក់ព័ន្ធ​ការ​​​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន


លោក ហ៊ុន វណ្ណៈ សមាជិក​យុវជន​ខ្មែរ​ថាវរៈ រាប់ពី​ឆ្វេងដៃ​ទៅ ឈរ​នៅ​កណ្តាល កំពុង​ជជែក​ជាមួយ​អាជ្ញាធរ​ផ្សារ​អូឡាំពិក ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១២ ខែសីហា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)​

សកម្មជន​ពីរនាក់​គឺ កញ្ញា​ ឈឿន ដារ៉ាវី ​និង​លោក​ ហ៊ុន វណ្ណៈ​ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ​ហើយ​អ្នក​ផ្សេង​ទៀត​ត្រូវបាន​ឃាត់​ខ្លួន​ ដោយសារ​ចេញ​មុខ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ រ៉ុង ឈុន​ មេដឹកនាំ​សហជីព​ ដែល​ត្រូវបាន​ចាប់​ខ្លួន​ ទាក់ទង​នឹងការរិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម។​ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​តុលាការ​លោក​ គុជ គឹមឡុង។ ​

លោក​ គុជ គឹម​ឡុង​ មាន​ប្រសាសន៍​នៅ​យប់​ថ្ងៃ​សុក្រ​នេះថា បន្ទាប់​ពី​ការ​សាកសួរចៅក្រម​ស៊ើប​សួរ​លោក​ ស៊ិន សុវណ្ណារ័ត្ន​ បាន​សម្រេច​ឃុំ​ខ្លួន​នាង​ ឈឿន ដារ៉ាវី​ និង​លោក​ ហ៊ុន វណ្ណៈ​ ជា​បណ្តោះ​អាសន្ន​ពីបទ​ញុះញង់​ បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។​

នៅ​ក្នុង​ការ​តវ៉ា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ សកម្មជន​របស់​បណ្តាញ​យុវជនខ្មែរ​ថាវរៈ​បាន​ចេញ​មុខទាមទារ​ឲ្យ​ដោះ​លែង​លោក ​រ៉ុង ឈុន​ ដែល​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ កាល​ពី​ចុង​ខែ​កក្កដា។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ពួក​គេ​ ៦នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន ​ក្នុង​នោះ​មាន​កញ្ញា ឈឿន ដារ៉ាវី ​និង​លោក ហ៊ុន វណ្ណៈ។ ​នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​សិទ្ធិ​មនុស្ស។​

សកម្មជន​ម្នាក់ឈ្មោះ​ ឈឿន ដារ៉ាវី​ ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ «ញុះ​ញង់​ឲ្យ​មានភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម» ​ដែល​ប្រព្រឹត្ត​ នៅ​ក្នុង​ខែ​សីហា ​ឆ្នាំ​២០២០។​ នេះ​បើ​យោង​តាម​ដីកា​ឆែក​ឆេរ​លំនៅដ្ឋាន​របស់​តុលាការ​រាជធានី​ភ្នំពេញ ​ចុះ​ថ្ងៃ​ទី​១៣​ ខែសីហា។​

បើ​តាម​ដីកា​នោះ​ ​ចៅ​ក្រម​ស៊ើប​សួរ​ លោក ពេជ្រ វិជ្ជាធរ​ លើក​ឡើង​ថា ផ្ទះ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ ឈឿន ដារ៉ាវី​ ត្រូវសង្ស័យ​ថា​ជា​ទី​ជម្រក​ប្រព្រឹត្ត​បទ​ល្មើស​ ហើយដើម្បី​ស្វែង​រក​ភស្តុតាង​បន្ថែម គប្បី​ឆែក​ឆេរ​លំនៅ​ដ្ឋាន​របស់​ជន​ត្រូវ​ចោទ​នោះ។​

កញ្ញា ​ឈឿន ដារ៉ាវី ​និង​លោក ​ហ៊ុន វណ្ណៈ​ ជា​មនុស្ស​ទី​៤និង​ទី​៥​ហើយ ​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក ​រ៉ុង ឈុន។​

កញ្ញា​ ឈឿន ដារ៉ាវី​ អាយុ​៣០​ឆ្នាំ ​ត្រូវ​បាន​មើល​ឃើញ​ថាជា​អ្នក​សកម្ម​មួយរូប​ ហើយ​កញ្ញា​បាន​ផ្សព្វផ្សាយ​សកម្ម​ភាព​តវ៉ា​ដោយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​កញ្ញា។​

នៅក្នុងទំព័រ​ហ្វេសប៊ុក​របស់​កញ្ញា​ ដែល​បង្ហោះ​ចុង​ក្រោយមុន​ពេល​ចាប់​ខ្លួន​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ កញ្ញា​បាន​សរសេរ​ថា៖​ «ខ្ញុំ​នៅ​រង់ចាំ​ការ​ដោះស្រាយ​ពី​សន្តិសុខ​ខណ្ឌ​៧​មករា​ ដើម្បី​ប្រគល់​កាបូប​ឲ្យ​ខ្ញុំ​វិញ​!»​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​នាំ​ខ្លួន​លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា មក​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​រឿង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​នាំ​ឲ្យ​លោក​ត្រូវ​បាន​ចាប់​ខ្លួន។​ ការ​តវ៉ា​នោះ​នាំ​ឲ្យ​មាន​ការ​បង្រ្កាប​ពី​កម្លាំង​សន្តិសុខ​ ហើយ​កញ្ញា​ ឈឿន ដារ៉ាវី​ បាន​អះអាង​ថា បាត់​កាបូបមួយ។​

ចំណែក​លោក​ ហ៊ុន វណ្ណៈ ​ដែល​ជា​សមាជិក​ម្នាក់​របស់​បណ្តាញយុវជន​ខ្មែរ​ថាវរៈ​ ប្រាប់​ VOA​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា កញ្ញា​ ឈឿន ដារ៉ាវី​ ត្រូវ​បាន​ចាប់​ខ្លួន​ ហើយសមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ដែល​សមាជិកផ្សេង​ទៀត​ស្នាក់​នៅ។ បន្ទាប់​មក​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ ​ហើយ​ពេល​ទៅ​ដល់​ ​លោក ​ហ៊ុន វណ្ណៈ ក៏​ត្រូ​វបាន​ឃាត់​ខ្លួន​ ទាំង​លោក​កំពុង​ផ្សាយ​ផ្ទាល់​នូវ​សកម្មភាព​របស់​លោក​ធ្វើ​ដំណើរ​ទៅ​មើល​ក្រុម​ការងារ​របស់​លោក។​

លោកស្រី​ ចក់ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ​ការ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​នេះ​ គឺ​ជា​ការ​គំរាម​យុវជន​ផ្សេង​ទៀត​ ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។​ លោកស្រី​បន្ត​ថា រាល់​ការ​ប្រមូល​ផ្តុំ គ្រាន់​តែ​តម្រូវ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយសារការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ កើត​ឡើង​នៅ​ពេល​យប់​ ដែល​ពួកគេ​មិន​មាន​ពេល​វេលា​ក្នុង​ការ​ជូន​ដំណឹង​នោះ​ទេ​ ហើយ​អាជ្ញាធរ​គួរ​តែ​សម្រប​សម្រួល​ករណី​នេះ។​

លោកស្រីមាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មើល​ទៅ​ជា​ការ​គំរាម​កំហែង​ខ្លាំង​ដល់​ការ​ចូលរួម​របស់យុវជន​ផ្សេងៗ​ទៀត ហើយ​សម្រាប់​យុវតី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ហ្នឹង​ខ្ញុំ​មើល​ទៅ​ ​លក្ខខណ្ឌ​ពង្រីក​លទ្ធភាព​រហូត​ដល់​ចុះ​ទៅ​ឆែក​ឆេរ​នេះ​ បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​ក្រុម​គ្រួសារ»។​

​លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​ ការ​ប្រមូល​ផ្តុំ​របស់​ពួកគេមិន​មាន​ហិង្សា ដូច្នេះ​ពួកគេ​មិនគួរ​ត្រូវបាន​ចោទ​ប្រកាន់​នូវ​បទ​ល្មើស​ធ្ងន់​ធ្ងរ​នោះ​ទេ។​ លោក​បន្ត​ថា​ លោក​សង្កេត​ឃើញ​ថា ការ​ប្រមូល​ផ្តុំនានា​ពេល​កន្លង​មក​ត្រូវ​បាន​រឹត​ត្បិត​ខ្លាំង។​

លោក​បញ្ជាក់​ថា៖​ «យើង​មើល​ឃើញ​ថា ដោយសារ​តែ​ភ័យ​ហួស​ហេតុ​ពេក​ បាន​ន័យ​ថា អាជ្ញាធរ​គាត់​បារម្ភ​ហួស​ហេតុ​ពេក អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​ជាមូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ទាក់ទង​នឹងការ​ជួប​ជុំ​ការ​ប្រមូល​ផ្តុំ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG