ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកការពារសិទ្ធិមនុស្ស៖ លោក ហ៊ុន សែន កំពុង​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ គ្រា​លោក​ព្រមាន​ចាប់​ខ្លួន​អ្នកតវ៉ា​រឿង​បោះ​បង្គោល​ព្រំដែន


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅទីក្រុងភ្នំពេញ ស្តីពីវីរុសកូរ៉ូណា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅទីក្រុងភ្នំពេញ ស្តីពីវីរុសកូរ៉ូណា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ។

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​នៅ​តំបន់​អាស៊ី​ កត់​សម្គាល់​ថា​ សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជា​ផ្នែក​មួយ​នៃ​ការ​បំពាន​សិទ្ធិ​សម្តែង​មតិ​ដោយ​ត្រង់ៗ។ ​

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​ថា​នឹង​ចាប់​ខ្លួន​អ្នក​ដែល​បញ្ចេញ​មតិ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​នោះ​ គឺ​ជា​ការ​រំលោភ​សិទ្ធិ​សម្តែង​មតិ។​

នៅ​ក្នុង​ពិធី​សម្ពោធ​ សួនទឹក​«ហា្គឌិនស៊ីធី» ​ក្នុង​សង្កាត់​ព្រែក​តាសេក ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ព្រមាន​ធ្ងន់ៗ​ថា ​បុគ្គល​ណា​ដែល​ចេញ​តវ៉ា​ពាក់​ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ ជាមួយ​ប្រទេស​ជិត​ខាង​ នឹង​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ដោយ​លោក​អះអាង​ថា​ ការ​បើក​កកាយ​រឿង​ព្រំដែន​នេះ​ អាច​បញ្ឆេះ​ឲ្យ​មាន​សង្គ្រាម​រវាង​កម្ពុជា​ និង​ប្រទេស​មាន​ភូមិ​ផង​របង​ជា​មួយ​គ្នា។​

«សូម​បញ្ជាក់​ រឿង​ព្រំដែន​មិន​មែន​រឿង​លេង​សើច​ទេ!​ កុំ​ញុះញង់​ឲ្យ​មាន​ចម្បាំង​រាំងជល់​ជាមួយ​ប្រទេស​ជិត​ខាង​តាម​រយៈ​នៃ​សារ​របស់​អ្នក​ឯង​ ចង្អុល​កន្លែង​នេះ​ ឬ​កន្លែង​នោះ»។​

លោក​បន្ថែម​ថា៖ ​«ឥឡូវ​សុំ​ចេញ​មក!​ ប៉ុន្មាន​ចេញ​មក​ឲ្យ​អស់​មក​ ទាន់​គេ​និយាយ​ថា​ រដ្ឋាភិបាល ​ហ៊ុន សែន​ផ្តាច់​ការ។​ គុក! ​បើ​ទោះបី​វា​ចង្អៀត​ ក៏​នៅ​មាន​កន្លែង​ដាក់​បាន​ អត់​បញ្ហា»។​

លោក ​Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ​ប្រចាំ​នៅ​តំបន់​អាស៊ី​ កត់​សម្គាល់​ថា​ សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ជា​ផ្នែក​មួយ​នៃ​ការ​បំពាន​សិទ្ធិ​សម្តែង​មតិ​ដោយ​ត្រង់ៗ។ ​លោក​បាន​អធិប្បាយ​តាម​សារអេឡិចត្រូនិក​អ៊ីម៉េល​ក្នុង​ន័យ​ដើម​ថា៖​

«សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​រំលោភ​ដោយ​ចំៗ​ទៅ​លើ​សិទ្ធិ​សេរីភាព​សម្តែង​មតិ​ និង​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​ជា​សាធារណៈដោយ​សន្តិវិធី​ ហើយ​ការណ៍​នេះ​ ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ អ្វី​ដែល​គាត់​អះអាង​ថា​ ជា​មេ​ដឹកនាំ​ប្រជា​ធិបតេយ្យ​មួយ​រូប​នោះ​ គឺ​ជា​ការ​លេង​សើច​សុទ្ធ​សាធ»។​

លោក​បាន​បន្ថែម​ថា៖​ «ប្រជាជន​កំពុង​រង​ការ​ឈឺចាប់​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​ ដោយ​សារ​សេចក្តី​សម្រេច​ចិត្ត​នានា​របស់​រដ្ឋាភិបាល​គាត់។​ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​ស្តាប់គាត់​គំរាម​កំហែង​មនុស្ស​ដែល​មាន​ការ​រកាំ​ចិត្ត​ ដោយ​ការ​ដាក់​ក្នុង​ពន្ធនាគារ»។​

ឆ្លើយ​តប​ទៅ​នឹង​មន្ត្រី​សិទ្ធិ​មនុស្ស​ខាង​លើ​លោក​ សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច ​ថ្លែង​ការពារ​ថា​ ការ​ព្រមាន​ចាប់​ខ្លួន​ចំពោះ​អ្នក​រិះគន់​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ជា​មួយ​ប្រទេស​ជិត​ខាង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន គឺ​ជា​ការ​បង្ការ​ជា​មុន​នូវ​ជម្លោះ​ផ្សេងៗ​ តែ​មិនមែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ទេ។​

«គាត់​ទៅ​នេះ​ដូច​ រ៉ុង ឈុន​ ​ឬ​មួយ ​សួង សុភ័ណ្ឌ​ គាត់​ទៅ​នេះ​ គាត់​ទៅ​ ដុត​កំហឹង​តើ!​ [មិន]​មែន​ទៅ​ដើម្បី​មើល​ព្រំដែន​ឯណា? ​មើល​ហើយ​ដុត​កំហឹង​បណ្តោយ!​ អ៊ីចឹង​ទេ​ បាន​ជា​វា​មាន​បញ្ហា។​ ហើយ​រឿង​នេះ​ មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ​ទេ​ ពីព្រោះ​គាត់​រំលោភ​សិទ្ធិ​ហួស​ព្រំដែន​ហើយ»។​

បញ្ហា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ដែល​មាន​ប្រវែង​១២៧០​គីឡូម៉ែត្រ​ គឺ​ជា​ចំណុច​រសើប​ក្នុង​នយោបាយ​រាប់​ទសវត្សរ៍​មក​ហើយ។ ​អ្នក​តវ៉ា ​ឬ​រិះគន់​អំពី​បញ្ហា​នេះ ​តែងតែ​ទទួល​រង​ការ​ព្រមាន ​ការ​គាប​សង្កត់ ​ឬ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ ​ក្នុង​នោះ​ក៏​មាន​លោក ​សម រង្ស៊ី ​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល ​លោក ​ហុង សុខហួរ​ កាល​នៅជា​សមាជិក​ព្រឹទ្ធ​សភា ​និង​លោក ​អ៊ុំ សំអាន ​ពេល​នៅ​ជា​សមាជិក​សភា ​មក​ពី​គណបក្ស​ជំទាស់ផង​ដែរ។​

ក្រោយ​ពី​បញ្ហា​នេះ ​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​មេ​ដឹកនាំ​សហជីព​ដ៏​មាន​ប្រជា​ប្រិយភាព​មួយ​រូប​ គឺ​លោក​ រ៉ុង ឈុន ​ត្រូវបាន​ចាប់ឃុំ​ខ្លួន ​បន្ទាប់​ពី​លោក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ និង​ផ្តល់​ការ​អត្ថាធិប្បាយ​នានា​អំពី​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​ និង​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ។ ​លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​ឡើង​ថា​ ការ​បោះ​បង្គោល​ព្រំដែន​នោះ​ មាន​ភាព​មិន​ប្រក្រតី។​

លោក​ សួង សុភ័ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ ក៏​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ក្នុង​សំណុំ​រឿង​ព្រំដែន​នេះ​ដែរ។ ​លោក​ សួង សុភ័ណ្ឌ​ ត្រូវ​គេ​រាយ​ការណ៍​ថា​ អាជ្ញាធរ​បាន​ចោទ​ប្រកាន់​លោក​ថា​ «ញុះញង់​បំភ្លៃ​ការណ៍​ពិត​លើ​បញ្ហា​ព្រំដែន​ និង​ការ​ចោទ​ប្រកាន់​មួល​បង្កាច់​ទម្លាក់​កំហុស ​មក​លើ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ថា​ ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​លើ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម»។​

ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​ កាល​ពី​យប់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ កើត​មាន​ឡើង​ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ ដី​របស់​ពួកគេ​ ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​ បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ​លោក ​រ៉ុង ឈុន​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

​នៅ​មុន​ការ​ចាប់​ខ្លួន​លោក ​លោក​ សួង សុភ័ណ្ឌ​ ក៏​បាន​ប្រាប់​វីអូអេ​ថា​ លោក​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​អង្កេត​របស់​លោក​លើ​ការ​បោះ​បង្គោល​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ។​ ​

លោក​ អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​ យល់​ថា​ ការ​បកស្រាយ​ពន្យល់​អំពី​កិច្ចការ​បោះ​បង្គោល​ព្រំដែន​ដល់​ក្រុម​ប្រជា​ពលរដ្ឋ ​គឺ​ជា​រឿង​ចាំបាច់​ជាង​ការ​ចាប់​ឃុំ​ខ្លួន​ពួក​គេ៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG