នៅថ្ងៃពុធនេះ យោធាអ៊ីស្រាអែលបានប្រកាសថាទាហានអ៊ីស្រាអែល១០នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានៅភាគខាងជើងតំបន់ហ្កាហ្សា (Gaza) នៅពេលដែលខ្លួនធ្វើយុទ្ធនាការវាយប្រហារដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារលើគោលដៅជាង២៥០កន្លែងក្នុងពេលមួយថ្ងៃកន្លងមក ដោយក្នុងនោះការវាយប្រហារតាមអាកាសមួយបានចំអ្វីដែលខ្លួនថាជាក្រុមមួយដែលត្រៀមលក្ខណៈបាញ់រ៉ុក្កែតដាក់អ៊ីស្រាអែល។
ក្នុងអំឡុងប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា ទាហានអ៊ីស្រាអែលបានប្រទះឃើញសាកសពមនុស្សពីរនាក់ដែលក្រុមហាម៉ាស់បានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។
អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់បានឃុំចំណាប់ខ្មាំងនៅក្រោមដីនៅផ្នែកដែលមានមនុស្សរស់នៅច្រើននៃតំបន់ហ្កាហ្សា ដោយធ្វើឱ្យកិច្ចប្រឹងប្រែងជួយសង្គ្រោះមានលក្ខណៈស្មុគស្មាញ ប៉ុន្តែលោកបាននិយាយថា អ៊ីស្រាអែលនឹងមិនរារែកនៅក្នុងបេសកកម្មរំដោះចំណាប់ខ្មាំងទាំងអស់នោះទេ។
ការប្រយុទ្ធគ្នាជាបន្តនេះបានធ្វើឡើងនៅចំពេលដែលមានការព្រមានជាថ្មីអំពីផលប៉ះពាល់នៃសង្គ្រាមលើជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។
ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិលោក Filippo Grandi បាននិយាយនៅថ្ងៃពុធនេះថា៖ «រឿងដែលគួរឱ្យខ្លោចផ្សាបំផុតគឺថា យើងប្រមើលមើលឃើញថាជនស៊ីវិលបន្ថែមទៀតនឹងស្លាប់និងរងការឈឺចាប់ ហើយនឹងធ្វើឱ្យមានការភៀសខ្លួនពីផ្ទះសម្បែងបន្ថែមទៀតដែលគំរាមប៉ះពាល់ដល់តំបន់នេះ»។
សម្ដេចប៉ាប Francis បានអំពាវនាវជាថ្មីឱ្យមានកិច្ចឈប់បាញ់គ្នាជាបន្ទាន់ ហើយស្របពេលនោះដែរអំពាវនាវឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅតំបន់ហ្កាហ្សានិងការដោះលែងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ឃុំ៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។