ប៉ូលិសអ៊ីស្រាអែល បានបាញ់សម្លាប់ជនដៃដល់២នាក់នៅក្នុងឧប្បត្ដិហេតុនៃការចាក់ម្លាប់២ដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងហ៊្សេរុយសាឡិម (Jerusalem) នៅពេលដែលមានការផ្ទុះឡើងនៃការវាយប្រហារនៃការចាក់និងបាញ់ប្រហាររបស់ជនជាតិប៉ាឡេស្ទីនទៅលើជនស៊ីវិលនិងទាហានអ៊ីស្រាអែល។
នៅក្នុងការវាយប្រហារលើកទីមួយកាលពីថ្ងៃពុធ ប៉ូលិសបានសម្លាប់ជនដៃដល់នៅពេលដែលជននោះ បានព្យាយាមចាក់ឆ្មាំការពារសន្តិសុខនៅខាងក្រៅសង្កាត់ Old City នៃទីក្រុងហ៊្សេរុយសាឡិម។ គ្មានជនជាតិអ៊ីស្រាអែលណាម្នាក់ បានត្រូវរបួសនៅក្នុងឧប្បត្ដិហេតុនេះទេ។
បុរសម្នាក់ដែលត្រូវបានប៉ូលិសពណ៌នាថា ជាភេរវជន ក្រោយមកបានចាក់ស្រ្តីម្នាក់នៅជិតស្ថានីយរថយន្តក្រុងក្នុងទីក្រុងហ៊្សេរុយសាឡិម ហើយបានព្យាយាមឡើងជិះរថយន្តក្រុងមួយផ្សេងទៀតមុនពេលត្រូវប៉ូលិសបាញ់សម្លាប់។
ហិង្សាកើតមានឡើងនៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមពង្រាយទាហានរាប់រយនាក់ក្នុងទីក្រុងនានានៅទូទាំងប្រទេសដើម្បីជួយប៉ូលិសតទល់នឹងហិង្សា ដែលបានធ្វើឲ្យមានការតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ចំណាត់ការនេះ ជាការអនុវត្តលើកដំបូងនូវវិធានការដែលបានសម្រេចដោយគណៈរដ្ឋមន្រ្តីសន្តិសុខរបស់អ៊ីស្រាអែលដើម្បីប្រយុទ្ធការវាយប្រហារនេះ។ គណៈរដ្ឋមន្រ្តីក៏បានប្រកាសកាលពីថ្ងៃពុធថា ខ្លួន បានអនុញ្ញាតឲ្យប៉ូលិសបិទមជ្ឈមណ្ឌលដែលមានការញុះញង់ក្នុងទីក្រុងហ្សេរុយសាឡិម ។
ការវាយប្រហារនៅពេលថ្មីៗនេះជាច្រើន បានកើតចេញពីតំបន់ជនជាតិអារ៉ាប់នៅទីក្រុងហ៊្សេរុយសាឡិម ហើយខណៈដែលហិង្សាភាគច្រើនបានកើតមានឡើងក្នុងទីក្រុងហ៊្សេរុយសាឡិមភាគខាងកើត និងតំបន់វេសប៊ែង (West Bank) ការវាយប្រហារនោះក៏បានរាលដាលទៅតំបន់ផ្សេងៗទៀតនៃទឹកដីអ៊ីស្រាអែលដែរ៕