ពួកជនប៉ាឡេស្ទីន និងក្រុមប៉ូលិសអ៊ីស្រាអែលបានប៉ះទង្គិចគ្នានៅក្នុងបរិវេណព្រះវិហារ al-Aqsa កាលពីថ្ងៃអាទិត្យនៅពេលល្ងាចមុនថ្ងៃចូលឆ្នាំថ្មីរបស់ជនអំបូរជ្វីព។
ការប៉ះទង្គិចគ្នាបានកើតមានឡើងនៅពេលដែលក្រុមប៉ូលិសបានចូលក្នុងបរិវេណព្រះវិហារនោះ ដើម្បីដេញតាមពួកជនប៉ាឡេស្ទីន ដែលកាលពីពេលមុននោះបានបង្ខាំងខ្លួនឯងនៅក្នុងព្រះវិហារ និងបានគប់ដុំថ្ម និងគប់ភ្លើងជាសញ្ញាលើក្រុមប៉ូលិស។ ក្រុមអាជ្ញាធរអ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកផ្សែង និងបានគ្រវែងគ្រាប់បែកដៃធ្វើឲ្យភាំងអារម្មណ៍ដាក់ក្រុមយុវជន ប៉ាឡេស្ទីន។
ប្រទេសហ្ស៊កដានី ដែលមានសិទ្ធិជាអ្នកថែរក្សាព្រះវិហារនោះបានថ្កោលទោសការឆ្មក់វាយប្រហារដោយក្រុមប៉ូលិសអ៊ីស្រាអែល ដោយបានចោទប្រកាន់រដ្ឋជ្វីពនោះថា បាន«បង្ករឿង» និងបាន«ប៉ុនប៉ងកែប្រែស្ថានភាពដែលមានជាធម្មតា»នៅកន្លែងពិសិដ្ឋមួយក្នុងភូមិភាគមជ្ឈិមបូព៌ា។
តាមរយៈព្រំដែនខាងផ្លូវច្បាប់បច្ចុប្បន្នអំពីកន្លែងនោះ ក្រុមជនអំបូរជ្វីពអាចទៅទស្សនាទីនោះបាន ក៏ប៉ុន្តែមិនអាចសូត្រធម៌នៅទីនោះបានទេ ពីព្រោះមានការព្រួយបារម្ភថា ការធ្វើដូច្នេះអាចបង្កើតឲ្យមានការរង្កៀសចិត្តពីពួកអ្នកគោរពសាសនាឥស្លាម។
ព្រះវិហារឥស្លាមមួយនោះបានបើកទទួលភ្ញៀវសារជាថ្មី បន្ទាប់ពីមានការបង្ក្រាបអំពើហិង្សាកាលពីថ្ងៃអាទិត្យ។
អំពើហិង្សានៅក្នុងកន្លែងនេះបានកើនខ្លាំងឡើងៗ ពីព្រោះពួកអ្នកកាន់សាសនាឥស្លាមមានការខឹងសម្បារ ដោយសារមានក្រុមភ្ញៀវមិនមែនជាអ្នកកាន់សាសនា ឥស្លាម និងមានការជំរុញឲ្យមានការសូត្រធម៌ដោយពួកជ្វីពនៅក្នុងបរិវេណព្រះវិហារ។
ក្រុមជនអំបូរជ្វីពបានគោរពកន្លែងនេះថាជា Temple Mount ហើយចាត់ទុកទីនោះថា ជាកន្លែងពិសិដ្ឋបំផុតរបស់ពួកគេ។ ក្រុមអ្នកកាន់សានាឥស្លាម បានហៅកន្លែងនោះថាជា Noble Sanctuary ហើយគោរពកន្លែងនោះថាជាកន្លែងពិសិដ្ឋទីបីរបស់ពួកគេបន្ទាប់ពីក្រុង Mecca និងក្រុង Medina ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕