ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​នីហ្សេរីយ៉ា​ប្រតិកម្ម​នឹងការ​បញ្ចប់​ជំនួយ​​របស់​រដ្ឋាភិបាល​លើ​ដំណើរ​ទៅ​កន្លែង​ពិសិដ្ឋ​នៃ​សាសនា


ប្រធានាធិបតី​កាមេរូន Paul Biya (រូប​ស្តាំ) ជួប​ជាមួយ​សមភាគី​នីហ្សេរីយ៉ា​របស់​លោក​គឺ លោក Muhammadu Buhari នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​យុនដេ (Yaounde) ប្រទេស​កាមេរូន កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។
ប្រធានាធិបតី​កាមេរូន Paul Biya (រូប​ស្តាំ) ជួប​ជាមួយ​សមភាគី​នីហ្សេរីយ៉ា​របស់​លោក​គឺ លោក Muhammadu Buhari នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​យុនដេ (Yaounde) ប្រទេស​កាមេរូន កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។

រដ្ឋាភិបាល​នីហ្សេរីយ៉ា​បាន​ប្រកាស​ថា​ខ្លួន​នឹង​ឈប់​ផ្តល់​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ទី​កន្លែង​ពិសិដ្ឋ​នៃ​សាសនា​ឥស្លាមនៅ​ក្រៅ​ប្រទេស។​ ខណៈពេល​ដែល​មាន​អ្នកគាំទ្រ​យល់​ថា​នេះ​ជា​វិធានការ​កាត់​បន្ថយ​ការ​ចំណាយ​ មាន​អ្នក​ផ្សេង​ទៀត​យល់​ថា​ ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ពិសិដ្ឋ​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ជីវិត​ដែល​ត្រូវ​ធ្វើ​ជា​សាធារណៈ។​

ជា​រៀងរាល់​ឆ្នាំ ប្រជាជន​នីហ្សេរីយ៉ា​រាប់​ពាន់​នាក់​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​ ដើម្បី​ទៅ​កន្លែងសក្ការ​ពិសិដ្ឋ​តាម​បែប​សាសនា។​ អ្នក​កាន់​សាសនា​ឥស្លាម​ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ Mecca រីឯ​អ្នក​កាន់​សាសនា​គ្រឹស្ត​ទៅ​កាន់​ទីក្រុង​ Jerusalem។​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ចាស់របស់​រដ្ឋាភិបាល​សហព័ន្ធ​នៃ​ប្រទេស​នីហ្សេរីយ៉ា​បាន​ចេញ​ថ្លៃ​ធ្វើ​ដំណើរ​ឲ្យ​ប្រជាជន​ទៅ​ទី​កន្លែង​ដ៏​ពិសិដ្ឋ​ទាំង​នោះ។​ ប៉ុន្តែ​ រដ្ឋបាល​ថ្មី​របស់​លោក​ Muhammadu Buhari និយាយ​ថា​ខ្លួន​នឹង​មិន​ផ្តល់​ឲ្យ​ទៀត​ទេ។ អ្នក​គ្រប់​គ្រង​រដ្ឋ Kaduna នៅ​ភាគ​ខាង​ជើង​ប្រទេស​នេះ ក៏​បាន​ថ្លែង​ដូច្នេះដែរ។ Samuel Aruwan ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋ​ថ្លែងថា៖​ «ចាប់ពី​ពេល​នេះ​ទៅ​ នឹង​មិន​មាន​ការ​ឧបត្ថម្ភ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​សំខាន់ៗ​ ឬ​សូម្បី​តែ​សាធារណជន​ទូទៅ​ ដើម្បី​ទៅ​ទីក្រុងJerusalem ឬ​ទៅ​ទីក្រុង​Mecca ទៀត​ឡើយ»។​

អ្នក​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​សក្ការ​សាសនា​ទាំងនោះ​មិនមែន​ត្រូវ​កាត់​ផ្តាច់​ទាំងស្រុង​នោះ​ទេ។ Femi Adesina អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ និយាយថា​ អ្នក​ធ្វើ​ដំណើរ​តាម​បែប​សាសនា​ទាំង​នោះ​នឹង​ទទួល​បាន​ការ​អនុញ្ញាតិ​ឲ្យ​ទិញ​រូបិយប័ណ្ណ​បរទេស​តាម​អត្រា​ប្តូរ​ប្រាក់​មួយ​ដែល​សមស្រប។​ Aruwan និយាយថា​រដ្ឋ​អំណាច​ Kaduna នឹង​បញ្ជូន​មនុស្ស​ទៅ​ជួយ​ផ្នែក​សុវត្ថិភាព​ និង​ការ​ដឹកជញ្ជូន​ឥវ៉ាន់​ ឲ្យ​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ។

ប៉ុន្តែ​ ការ​ផ្លាស់​ប្តូរ​នេះ​បាន​ប៉ះពាល់​ដល់​មនុស្ស​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ ជា​កន្លែង​ដែល​ការ​សូត្រ​ធម៌​ និង​ការ​គោរព​បូជា​សាសនា​ ត្រូវ​បាន​មើល​ឃើញ​ជា​ទូទៅ​ថា​បាន​រួម​ចំណែក​មួយ​ផ្នែក​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​ពលរដ្ឋ​នៅ​ទីនោះ។​ Yohanna Buru ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទូទៅ​នៃ​ព្រះវិហារ​មួយ​ នៅ​ក្នុង​ទីក្រុង ​Kaduna។​

លោក Yohanna Buru បាន​លើក​ឡើង​ថា​៖ «យ៉ាងណា​ វា​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ជំនួយ​នោះ​ ឲ្យ​ទៅ​អ្នក​ដែល​នៅ​យល់​ថា​វា​ចាំបាច់​ចំពោះ​ពួកគេ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ដ៏​ពិសិដ្ឋ​តាម​បែប​សាសនា។​ ពីព្រោះ​ ការធ្វើ​ដូច្នេះ​នឹង​បង្កើន​ជំនឿ​របស់​ពួកគេ​ នឹង​ជួយ​ពួក​គេ​ឲ្យ​បួងសួង​សុំ​ឲ្យ​ប្រទស​ពួក​គេ នឹង​ជួយ​ពួកគេ​ឲ្យ​បន់ស្រន់​ដើម្បី​សាមគ្គីភាព​ក្នុង​ប្រទេស​ ហើយ​ក៏​នឹង​បន់​សុំ​ឲ្យ​អភិបាល​គ្រប់​រូប​ទទួល​បាន​ជោគជ័យ»។​

ប៉ុន្តែ​ អ្នក​ផ្សេង​ទៀត​ ដូច​ជា​អ្នក​ក្រុង​ Kadunaម្នាក់​ ឈ្មោះ​ Zayyad Aliyu និយាយ​ថា​ ពួកគេ​មិន​ដែល​បាន​ទទួល​ប្រយោជន៍​អ្វី​ពី​ប្រាក់​សម្រាប់​ដំណើរ​ទៅ​ទី​សក្ការ​ដ៏​ពិសិដ្ឋ​តាម​បែប​សាសនា​ឡើយ។ លោក​និយាយ​ថា​ រដ្ឋាភិបាល​គួរតែ​ចំណាយ​ប្រាក់​លើ​ផ្នែក​ផ្សេង​វិញ។

លោក​អះ​អាង​ថា៖ «រាល់​ការ​ចំណាយ​បន្ថែម​ទាំង​អស់​នេះ​ មិន​បាន​ទៅ​ដល់​ប្រជាជន​ភាគ​ច្រើន​ទេ។ វា​ជា​ប្រយោជន៍​របស់​អ្នក​មាន​ទៅ​វិញ»។​

ប្រទេស​នីហ្សេរីយ៉ា​គឺជា​ប្រទេស​ដែល​មាន​ប្រជា​ពលរដ្ឋ​ច្រើន​ជាង​គេ​ នៅ​ទ្វីប​អាហ្វ្រិក​ ដែល​មាន​ចំនួន​ប្រជាជន​ប្រហែល​១៧៣​លាន​នាក់​ ហើយ​ចំនួន​អ្នក​កាន់​សាសនា​ឥស្លាម​ និង​សាសនា​គ្រឹស្តមាន​ចំនួន​ស្ទើរ​តែ​ប្រហាក់ប្រហែល​គ្នា។​

ប្រែសម្រួល​ដោយ​៖ សើ​ សាយ្យាណា​

XS
SM
MD
LG