អ៊ីស្រាអែល​ប្រកាស​សង្គ្រាម​ផ្លូវការ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់

ភ្លើង​ឆាបឆេះ​អគារ​នានា​ក្នុង​តំបន់​ Gaza ក្នុង​អំឡុងពេល​នៃ​នៃការ​វាយប្រហារ​​មួយតាម​អាកាស​របស់​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣។ (MOHAMMED ABED / AFP)

កាលពី​ថ្ងៃ​អាទិត្យ រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) នៅ​ក្នុង​តំបន់ Gaza ដោយ​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយតប​បែប​យោធា​ដ៏​ខ្លាំងក្លា​ពី​អ៊ីស្រាអែល​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​នេះ​លើ​ប្រទេស​អ៊ីស្រាអែល។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​រួច​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ប្រទេស​របស់​លោក​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ក្រុម​ហាម៉ាស់​នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​បាន​រីក​រាលដាល។ ប៉ុន្តែ ការ​វាយ​តម្លៃ​របស់​លោក​នេះ​គឺ​គ្រាន់តែ​ជា​វោហារសាស្ត្រ​ប៉ុណ្ណោះ ដោយ​ការ​ប្រកាស​សង្គ្រាម​ផ្លូវការ​គឺ​ធ្វើ​ឡើង​ដោយ​ការ​សម្រេច​របស់​គណៈរដ្ឋមន្ត្រី​របស់​លោក។

នៅ​មុន​ការ​បោះឆ្នោត​របស់​គណៈរដ្ឋមន្ត្រី លោក Netanyahu បាន​ប្រកាស​ថា អ៊ីស្រាអែល​នឹង «ធ្វើការ​សងសឹក​យ៉ាង​ខ្លាំងក្លា» ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ បើ​ទោះបីជា​ទាហាន​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​នឹង​ក្រុម​យុទ្ធជន​ហាម៉ាស់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​តាម​ដង​ផ្លូវ​នៅ​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល​និង​បាន​ចាប់ផ្ដើម​វាយ​ប្រហារ​តាម​អាកាស​បែប​សងសឹក​ដោយ​បាន​បំផ្លិច​បំផ្លាញ​អគារ​នានា​នៅ​ក្នុង​តំបន់ Gaza រួច​ហើយ​ក៏ដោយ។

ប៉ុន្តែ គេនៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ការ​ឆ្លើយតប​ថ្មី​របស់​អ៊ីស្រាអែល​នេះ​នឹង​ជះ​លទ្ធផល​បែប​ណា។ អ្នក​វិភាគ​មួយ​ចំនួន​អំពី​តំបន់​មជ្ឈិម​បូព៌ា​បាន​លើកឡើង​ថា អ៊ីស្រាអែល​អាច​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ចូល​ក្នុង​តំបន់ Gaza ដែល​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​កាន់តែ​រីក​រាលដាល​បន្ថែម​ទៀត។

មិន​ថា​ការ​ឆ្លើយតប​បែប​ណា​នោះ​ទេ លោក Netanyahu បាន​ព្រមាន​ថា៖ «សង្គ្រាម​នេះ​នឹង​ចំណាយ​ពេល​ហើយ​វា​នឹង​ជា​សង្គ្រាម​ដ៏​លំបាក»។

លោក​ឧត្តមសេនីយ៍​ទោ Ghassan Alian ដែល​ជា​មន្ត្រី​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​ដ៏​សំខាន់​មួយ​រូប បាន​និយាយ​ថា ក្រុម​ហាម៉ាស់ «បាន​បើក​ផ្លូវ​នរក» តាម​រយៈ​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ខ្លួន ហើយ «នឹង​ទទួល​ខុស​ត្រូវ​និង​ទទួល​រង​នូវ​ផល​វិបាក​សម្រាប់​ទង្វើ​របស់​ខ្លួន»។

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា មនុស្ស​យ៉ាង​តិច ៧០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទាហាន ៤៤ នាក់​ផង​ដែរ ហើយ​មនុស្ស​ជាង ១.៥០០ នាក់​ទៀត​បាន​រង​របួស។ រី​ឯ​មន្ត្រី​នៅ​ក្នុង​តំបន់ Gaza វិញ​បាន​និយាយ​ថា មនុស្ស ជាង ៤០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​នេះ ហើយ​មនុស្ស​ជិត ២.០០០ នាក់​ទៀត​បាន​រង​របួស។

មន្ត្រី​អ៊ីស្រាអែល​ម្នាក់​បាន​និយាយ​ថា យោធា​បាន​សម្លាប់​ជន​សកម្ម​ប្រយុទ្ធ ៤០០ នាក់​និង​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ទៀត។

ប៉ុន្តែ ក្រុម​ហាម៉ាស់​ក៏​បាន​ចាប់​ពង្រត់​ជនជាតិ​អ៊ីស្រាអែល​ក្នុង​ចំនួន​មួយ​ដែល​មិន​បញ្ជាក់​ឱ្យ​ដឹង​ផង​ដែរ ដែល​មាន​តាំង​ពី​ស្ត្រី កុមារ និង​មនុស្ស​វ័យ​ចំណាស់ ហើយ​នឹង​បង្ខាំង​ពួកគេ​សម្រាប់​ការ​ដោះដូរ​ដែល​អាច​ទៅ​រួច​ណា​មួយ​ជាមួយ​នឹង​អ្នក​ទោស​ហាម៉ាស់៕