ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ Hamas ​ថា​នឹង​មាន​បទ​ឈប់​បាញ់​ឆាប់ៗ​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល-​Gaza​


ការ​ផ្ទុះ​លើ​អាកាស​ត្រូវ​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ពេល​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អ៊ីស្រាអែល​ស្ទាក់​គ្រាប់​រ៉ុក្កែត​របស់ Hamas ដែល​បាញ់​​​ចេញ​ពី​តំបន់ Gaza។
ការ​ផ្ទុះ​លើ​អាកាស​ត្រូវ​គេ​មើល​ឃើញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ពេល​ប្រព័ន្ធ​ការពារ​កាំជ្រួច​របស់​អ៊ីស្រាអែល​ស្ទាក់​គ្រាប់​រ៉ុក្កែត​របស់ Hamas ដែល​បាញ់​​​ចេញ​ពី​តំបន់ Gaza។

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រុម ​Hamas​ បាន​ប៉ាន់ស្មាន​ថា​នឹង​មាន​បទឈប់​បាញ់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ជម្លោះ​អ៊ីស្រាអែល Hamas​ បន្ទាប់​ពី​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​លោក Joe Biden ​ជំរុញ​ឱ្យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក Benjamin Netanyahu បន្ថយ«ភាព​តានតឹង»នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា។

គ្រាប់​រ៉ុក្កែត​បាញ់​លើ​អ៊ីស្រាអែល​បាន​ថមថយ​តាំងពី​យប់​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អ៊ីស្រាអែល​កំពុង​ធ្វើ​ការវាយ​ប្រហារ​ថ្មី​តាម​អាកាស​នៅ​ Hamas​ បន្ទាប់ពី​ថ្ងៃ​រះ​ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តិច​ជាង​ប៉ុន្មាន​ថ្ងៃ​មុន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រភព​ព័ត៌មាន​សន្តិសុខ​អេហ្ស៊ីប​បាន​បញ្ជាក់​ថា​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជា​គោលការណ៍​លើ​បទ​ឈប់បាញ់​បន្ទាប់​ពីមាន​ជំនួយ​ពី​អ្នក​សម្រុះសម្រួល​ប៉ុន្តែ​កំពុង​ចរចា​កិច្ច​ព្រមព្រៀង​លម្អិត​ជា​សម្ងាត់​នៅ​ឡើយ»។

លោក Moussa Abu Marzouk មន្ត្រី​នយោបាយ​ក្រុម ​Hamas​ ប្រាប់​ទូរទស្សន៍ al-Mayadeen របស់​ប្រទេស​លីបង់​ថា៖ «ខ្ញុំគិត​ថា ការ​ប្រឹងប្រែង​ទាក់ទង​នឹង​បទ​ឈប់បាញ់​នឹង​បាន​សម្រេច។​ ខ្ញុំ​រំពឹង​ថា នឹង​មាន​បទឈប់​បាញ់​ក្នុង​ពេល​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ​ ហើយ​បទ​ឈប់បាញ់​នឹង​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​ទៅ​វិញ​ទៅ​មក»។​

ពេល​ត្រូវ​បាន​សួរ​ក្នុង​ការ​ផ្សាយ​តាម​វិទ្យុ​រដ្ឋ​អ៊ីស្រាអែល​ថា​តើ​បទ​ឈប់បាញ់​នឹង​កើត​ឡើង​នៅ​ថ្ងៃ​សុក្រ​ឬយ៉ាងណា លោក Eli Cohen រដ្ឋមន្រ្តី​ស៊ើប​ការណ៍​សម្ងាត់អ៊ីស្រាអែល​និយាយ​ថា៖​ «ទេ យើង​ពិតជា​ឃើញ​មាន​សម្ពាធ​អន្តរជាតិ​ដ៏​ខ្លាំង ... យើង​នឹង​បញ្ចប់​ប្រតិបត្តិ​ការ​នៅ​ពេល​យើង​សម្រេច​ថា យើង​បាន​សម្រេច​គោលបំណង​របស់យើង»។

លោកNetanyahu ដែល​និយាយ​ជាមួយ​លោក Biden តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា​ អ៊ីស្រាអែល​ចង់​«រារាំង»​ក្រុម​ឥស្លាម​ Hamas ​ដែល​កាន់​អំណាច​នៅ​ Hamas ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា​នា​ពេល​អនាគត៕

XS
SM
MD
LG