យន្តហោះចម្បាំងអ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រនេះបានវាយប្រហារទៅលើគោលដៅកន្លែងផលិតគ្រាប់រ៉ុក្កែតនៅក្នុងតំបន់ Gaza Stripនៅក្នុងការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដាក់អ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់របស់កងទ័ពអ៊ីស្រាអែលហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញថា គ្រាប់រ៉ុក្កែតមួយគ្រាប់ត្រូវបានបាញ់ស្ទាក់ជាប់ ហើយគ្រាប់រ៉ុក្កែត៣គ្រាប់ទៀត«បានផ្ទុះនៅខាងក្នុងតំបន់ Gaza Strip»។ នេះបើតាមការលើកឡើងរបស់កងកម្លាំងការពារអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
យោធាអ៊ីស្រាអែលបាននិយាយទៀតថា៖ «នៅក្នុងការឆ្លើយតបយន្តហោះចម្បាំងរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលបានវាយប្រហារកាលពីយប់ថ្ងៃសុក្រទៅលើទីកន្លែងយោធាក្រោមដីមួយនៅក្នុងតំបន់ Gaza Stripដែលត្រូវបានគេប្រើប្រាស់ជាកន្លែងផលិតគ្រាប់រ៉ុក្កែត»។
យោធាអ៊ីស្រាអែលបានបញ្ជាក់ទៀតថា ទីកន្លែងផលិតគ្រាប់រ៉ុក្កែតនោះជារបស់ពួកក្រុម Hamas(ហាម៉ាស់) ។
តំបន់ Gaza Stripដ៏ក្រីក្រដែលមានពលរដ្ឋប៉ាឡេស្ទីនរស់នៅ២លាន៣សែននាក់នោះបានស្ថិតនៅក្រោមការហ៊ុំព័ទ្ធរបស់អ៊ីស្រាអែលចាប់តាំងពីឆ្នាំ២០០៧មក នៅពេលដែលក្រុម Hamas ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បានរឹបអូសអំណាចពីចលនា Fatah របស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmud Abbas។
ការបាញ់គ្រាប់រ៉ុក្កែតកាលពីថ្ងៃព្រហស្បតិ៍គឺជាលើកទី១ចាប់តាំងពីសង្គ្រាមរយៈពេល៣ថ្ងៃនៅក្នុងខែសីហារវាងអ៊ីស្រាអែលនិងក្រុមIslamic Jihad ដែលជាក្រុមជនសកម្ម ប្រយុទ្ធមួយទៀតដែលគាំទ្រដោយអ៊ីរ៉ង់។
មិនមានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដែលបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការរាប់សន្លឹកឆ្នោតផ្ដាច់ព្រ័ត្រដែលបានផ្តល់ឱ្យអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahuនិងក្រុមសម្ព័ន្ធមិត្តស្តាំនិយមជ្រុលរបស់លោក នូវសំឡេងភាគច្រើនដ៏ជាក់ច្បាស់នៅក្នុងសភាបន្ទាប់ពីការបោះឆ្នោតរួចមក៕
ទីក្រុង Gaza City ដែនដីប៉ាឡេស្ទីន —