ទីភ្នាក់ងារសារពត៌មាន Aamaq បានចេញផ្សាយកាលពីថ្ងៃពុធថា លោក Abu Omar al-Shishani ឬស្គាល់ថា «Omar the Chechen» ត្រូវគេសម្លាប់នៅក្នុងទីក្រុង Shirqat នៅពេលព្យាយាម«បញ្ឈប់យុទ្ធនាការយោធា»ប្រឆាំងនឹងការប្រកាសទីក្រុងMosul របស់អ៊ីរ៉ាក់ជារដ្ឋធានីរបស់ក្រុម Caliphat។
សហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះបានតាមវាយប្រហារ Shishani ច្រើនលើកច្រើនសារមកហើយ មានទាំងវាយប្រហារតាមអាកាសកាលពីថ្ងៃទី៤ ខែមិនាកន្លងទៅក្នុងក្រុង al-Shaddadi នៃប្រទេសស៊ីរីផង។
លោក Peter Cook អ្នកនាំពាក្យក្រសួងការពារប្រទេសថ្លែងថា«ការវាយតម្លៃរបស់យើងពីការវាយប្រហារនេះ គឺទទួលបានជោគជ័យ ហើយបានសម្លាប់មេបញ្ជាការរូបនោះនៅក្នុងការវាយប្រហារនេះ»។
រហូតមកដល់ពេលនេះក្រុមរដ្ឋឥស្លាមនៅតែបដិសេធម្តងហើយម្តងទៀត ពីការស្លាប់របស់ Shishani។
ក្រុមមន្រ្តីពីក្រសួងការពារប្រទេសបានថ្លែងកាលពីថ្ងៃសុក្រថា ពួកគេបានដឹងតាមរយៈសារពត៌មាន Aamaq ពីការស្លាប់របស់ Shishani នៅក្នុងទីក្រុង Shirqat ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ ឬបដិសេធពត៌មាននៅឡើយទេ។
ការអះអាងពីការស្លាប់មុនៗ
លោក Patrick Skinner អតីតមន្រ្តីស៊ើបការណ៍សម្ងាត់ ដែលឥឡូវនេះធ្វើការនៅក្នុងSoufan Group ថ្លែងថា «មានការរាយការណ៍ពីការស្លាប់របស់ Shishani៩ដងរួមមកហើយមកទល់ពេលឥឡូវនេះ ប៉ុន្តែម្តងនេះប្រហែលជាការពិត»។
លោក Skinner បន្ថែមទៀតថា៖ «ទីក្រុង Shirqat គឺជាទីតាំងសំខាន់មួយរបស់ទីក្រុង Mosul ហើយ Shishani គឺជាមេបញ្ជាការខាងកលល្បិចប្រចាំតំបន់នេះ»«វាគួរតែជាការសមហេតុសមផលហើយដែល Shishani ត្រូវតែស្ថិតនៅកន្លែងណាដែលមានការប្រយុទ្ធនោះ»។
ទីក្រុង Shirqat ស្ថិតនៅប្រហែលជា១០០គីឡូម៉ែត្រភាគខាងត្បូងក្រុង Mosul និងប្រហែលជា៣៥គីឡូម៉ែត្រពីក្រុង Qayyarah។ កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ដែលគាំទ្រដោយកងកម្លាំងអាកាសសហរដ្ឋអាមេរិក បានចាប់ផ្តើមវាយប្រហារជាមុនទៅលើតំបន់នេះកាលពីដើមខែមុន ហើយគ្រាន់តែប៉ុន្មានថ្ងៃក្រោយមក ពួកគេដណ្តើមបានមូលដ្ឋានអាកាសដ៏សំខាន់នៅភាគខាងលិចក្រុង Qayyarah។
ក្នុងអំឡុងពេលទស្សនៈកិច្ចនៅរដ្ឋធានីបាកដាដ កាលពីថ្ងៃចន្ទ លោក Ash Carter រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកថ្លែងថា លោកបានបញ្ចូនកងទ័ពចំនួន៥៦០នាក់បន្ថែមទៀតទៅប្រទេសអ៊ីរ៉ាក់ មួយផ្នែកដើម្បីជួយធ្វើមូលដ្ឋាននេះ ទៅជាមូលដ្ឋានភស្តុភា និងទ័ពអាកាសសម្រាប់វាយប្រហារទៅក្រុង Mosul។
ក្រុមមន្រ្តីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកថា Shishani ដែលជា«មេបញ្ជាការដ៍ខ្លាំង» របស់ក្រុមរដ្ឋឥស្លាម គឺជាមេបញ្ជាការប្រយុទ្ធដ៏ស្វិតស្វាញមួយ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយមេដឹកនាំរដ្ឋឥស្លាម Abu Bakr al-Baghdadi។
Shishani បានសន្យាថានឹងស្មោះស័គ្រ្មជាមួយនឹងរដ្ឋឥស្លាម ដោយលោកបាននាំក្រុមអ្នកប្រយុទ្ធនិយាយភាសារុស៊ីរាប់រយនាក់ចូលរួមជាមួយក្រុមរដ្ឋឥស្លាម កាលពីពាក់កណ្តាលឆ្នាំ ២០១៣។ លោកបានឡើងតំណែងយ៉ាងឆាប់រហ័សជាមេបញ្ជាការប្រចាំតំបន់ភាគខាងជើងរបស់រដ្ឋឥស្លាម និងទទួលបានតំណែងនៅក្នុងក្រុមប្រឹក្សាភេរវកម្ម Shura ទទួលបន្ទុកជួយផ្នែកអនុវត្តលិទ្ធសាសនារបស់ក្រុមរដ្ឋឥស្លាម។
ជាជនជាតិហ្សកហ្ស៊ី
ជនជាតិហ្សកហ្ស៊ីដែលមានទឹកដីនៅប្រទេសស៊ីរី ដែលពីមុនបានបម្រើការនៅក្នុងអង្គភាពស៊ើបការណ៍ជាមួយនឹងក្រុមកងទ័ពហ្សកហ្ស៊ី ជាកន្លែងដែលលោកទទួលការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ពីកលយុទ្ធប្រឆាំងភេវរកម្ម និងការបះបោល។
Shishani ក៏ត្រូវគេកោតសសើរផងដែរ ថាជាអ្នកដឹកនាំមួយរូប ក្នុងចំណោមអ្នកដឹកនាំស្នូលទាំងឡាយ នៅពីក្រោយការវាយដណ្តើមយកខេត្ត Anbar បានយ៉ាងឆាប់រហ័សក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤។
លោក Daveed Gartenstein-Rose សមាជិកជាន់ខ្ពស់មកពីមូលនិធិដើម្បីការពារប្រជាធិបតេយ្យថា«វាគឺជាយុទ្ធសាស្រ្តដ៏ឆ្លាតវៃមួយ»។
លោក Gartenstein-Rose បន្តទៀតថា «Shishani មិនបានប្រើប្រាស់កងកម្លាំងច្រើននោះទេ ក្នុងការវាយដណ្តើមយកទឹកដីនេះ»។«គាត់បានប្រើកងកម្លាំងតិចតួចណាស់ដើម្បីវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗ»។
ក្រុមមន្រ្តីការពារប្រទេសថា ការសម្លាប់ Shishani នឹងធ្វើឲ្យខាតបង់ដល់សមត្ថភាពរបស់ក្រុមនេះ ដើម្បីសម្របសម្រួលការការពារទីក្រុងសំខាន់ៗ របស់ខ្លួន មានដូចជាទីក្រុង Mosulហើយនឹងទីក្រុង Raqqa ដែលជារដ្ឋធានីរបស់ក្រុមនោះ។
ពួកគេក៏បានថ្លែងដែរថា ការស្លាប់នេះក៏អាចធ្វើឲ្យខូចខាតដល់សមត្ថភាពរបស់ក្រុមរដ្ឋឥស្លាម ដើម្បីជ្រើរើសកម្លាំង និងមិនឲ្យក្រុមប្រយុទ្ធបរទេសមកពីតំបន់ Chechnya និងតំបន់ Caucus ចូលក្នុងរដ្ឋឥស្លាមនេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសឲ្យរង្វាន់ជាប្រាក់រហូតដល់ ៥លានដុល្លារ ជាថ្នូរនឹងព៌តមានដែលឲ្យគេចាប់ខ្លួន ឬសម្លាប់ Shishani បាន។
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា