កងកម្លាំង​របស់​អ៊ីរ៉ាក់​បើក​ការ​វាយ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទីក្រុង​ Tikrit​ មកវិញ

រូបផែនទី​នៃ​ប្រទេស​អ៊ីរ៉ាក់​ ដែលបង្ហាញ​ឲ្យ​ឃើញទីតាំង​ទីក្រុង​ Trikrit ​និង Samarra នៅ​ក្នុង​ខេត្ត​ Saladin។

កង​ទ័ព​និង​កង​ជីវពល​អ៊ីរ៉ាក់​បាន​វាយ​ប្រហារ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម​ នៅ​តំបន់​សំខាន់​មួយ​នៅ​ភាគ​ខាង​ជើង​ទីក្រុងបាកដាដ (Baghdad) នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដែល​ជា​ការ​បើក​ការ​វាយ​លុក​ ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​យ៉ាង​ធំធេង​មួយ​ដើម្បីដណ្តើម​យក​ទីក្រុង​ទីគ្រីត(Tikrit) ​មក​វិញ។

កង​ទ័ព​ជើង​អាកាស​របស់​អ៊ីរ៉ាក់​បាន​ធ្វើការវាយ​ប្រហារ​ ខណៈ​ដែល​កង​ទ័ព​ជើង​គោក បាន​បោះ​ជំហានទៅ​មុខ​តាម​មុខ​ព្រួញ​ផ្សេងៗ​គ្នា។ នេះ​បើ​តាម​សម្តី​របស់​មេ​បញ្ជាការ​យោធា។

​ពួក​រដ្ឋ​អ៊ីស្លាម​បាន​កាន់​កាប់​តំបន់​ទីគ្រីត(Tikrit) តាំង​ពី​ខែ​មិថុនា​ឆ្នាំ​មុន នៅ​ពេល​ដែល​ពួក​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​វាយ​លុកកាត់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។​ ការ​វាយ​លុក​នោះ​ ក៏​បាន​នាំ​ឲ្យ​ពួក​រដ្ឋ​អ៊ីស្លាម​ដណ្តើម​កាន់​កាប់​ទីក្រុង Mosul ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី២​នៃ​ប្រទេស​អ៊ីរ៉ាក់ ​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ខេត្ត ​Saladin ​នៃ​តំបន់​ទីគ្រីត(Tikrit)។

លោក​នាយក​រដ្ឋមន្ត្រី ​Haider Al-Abadi​ បាន​ប្រកាសចាប់​ផ្តើម​យុទ្ធនាការ​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង ​Samarra ​ដែល​នៅ​ក្បែរ​នោះ ដើម្បី​ពិនិត្យ​មើល​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដណ្តើម​យក​ទីក្រុង​ទីគ្រីត (Tikrit) និង Saldin មក​វិញ។ លោក​បាន​អំពាវនាវ​ឲ្យ​អ្នក​ប្រយុទ្ធ​កុលសម័្ពន្ធសុនី្ន (Sunni) រត់​ចោល​ក្រុម​រដ្ឋ​អ៊ីស្លាម។ លោក​បាន​ផ្តល់​អ្វី​ដែល​លោក​ហៅ​ថា​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ពួក Sunni​ ដោយ​សន្យា​ថា​និង​លើក​លែង​ទោស​ឲ្យ​ពួក​គេ​ក្នុងសន្និសីទ​កាសែត​មួយនៅ​ក្រុង​ Samarra៕