ការបំផ្ទុះគ្រាប់បែកក្នុងទ្បានក្នុងប្រទេសអ៊ីរ៉ាក់បានយកផ្សារមួយកន្លែងនិងកន្លែងឆែកឆេរមួយនៅខាងជើងក្រុងបាកដាដ (Baghdad) ជាទីដៅនៃការវាយប្រហារដែលបណ្តាលឱ្យមនុស្សជាង១២នាក់ស្លាប់នៅពេលដែលលោកនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានកម្ទេចវត្ថុបុរាណនៅក្នុងសំបុកពួកគេគឺក្រុង Mosul នាផ្នែកខាងជើងនៃប្រទេសអ៊ីរ៉ាក់។
គ្រាប់បែកក្នុងទ្បានមួយគ្រឿងបានផ្ទុះកាលពីថ្ងៃសៅរ៍នៅជិតផ្សារក្នុងក្រុង Balad Ruz នាទិសឦសានក្រុងបាកដាដបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥នាក់ស្លាប់និងបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៥នាក់ទៀតត្រូវរបួស។ មានការផ្ទុះពីរលើកហើយគេមិនបានដឹងច្បាស់លាស់អំពីប្រភពនៃការផ្ទុះទីពីរទេ។
នៅពេលបន្ទាប់មក នៅជិតក្រុង Samarra អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតមា្នក់បានបំផ្ទុះគ្រឿងផ្ទុះនៅកន្លែងឆែកឆេរយោធាមួយបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់។ ទីភ្នាក់ងារព័ត៌មាន Associated Press រាយការណ៍ថាមានមនុស្ស១៥នាក់ត្រូវរបួស។ គ្មាននរណាម្នាក់អះអាងការទទួលខុសត្រូវដល់ការវាយប្រហារទាំងនេះទេ។
នៅពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានប្តេជ្ញាថានឹងតាមចាប់ខ្លួននិងដាក់ទណ្ឌកម្មក្រុមយុទ្ធជនរដ្ឋអ៊ីស្លាមដែលបានផ្សាយវីដេអូតាមបណ្តាញអ៊ិនធឺណិតបង្ហាញឱ្យឃើញពួកគេវាយកម្ទេចវត្ថុបុរាណដ៏កម្រមាននៅក្នុងក្រុង Mosul ។ លោក al-Abadi បានហៅក្រុមជនប្រព្រឹត្តល្មើសទាំងនេះថាជា «ក្រុមភេរវជនព្រៃផ្សៃនិងជាឧក្រិដ្ឋជន «ហើយថាពួកគេខិតខំបំផ្លាញកេរ្តិ៍តំណែលរបស់មនុស្សជាតិនិងអារ្យធម៌អ៊ីរ៉ាក់៕