ក្រុមមន្ត្រី Iraq បាននិយាយថាក្រុមសកម្មប្រយុទ្ធរដ្ឋ Islam បានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រយោធា Iraq មួយគ្រឿង បណ្តាលឱ្យអ្នកបើកបរទាំងពីរនាក់ស្លាប់។កាលពីថ្ងៃសៅរ៍ បណ្តាញព័ត៌មានបានរាយការណ៍ថាការវាយប្រហារនេះបានកើតទ្បើងនៅក្នុងក្រុង Samarra របស់ក្រុមអ្នកកាន់សាសនា Islam និកាយ Shia ឋិតនៅចម្ងាយប្រមាណ៩៥គ.ម ខាងជើងក្រុង Baghdad។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារប្រទេស Iraq បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថាក្រុមសកម្មប្រយុទ្ធបានប្រើប្រដាប់បាញ់ rocket ដាក់លើស្មាដើម្បីបាញ់ឧទ្ធម្ភាគចក្រដែលស្ថិតនៅពីលើជាយក្រុងនេះ។
ក្រុមយុទ្ធជនរដ្ឋ Islam បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធា Iraq យ៉ាងតិចណាស់ពីរគ្រឿងទៀតកាលពីខែតុលានៅជិតក្រុង Baiji ដែលស្ថិតនៅចំកណ្តាលនៃប្រទេស Iraq។
ផ្នែកកណ្តាលនៃក្រុង Samarra បានត្រូវការពារដោយកងទ័ពរដ្ឋាភិបាល Iraq និងក្រុមជីវពល Shi'ite មួយចំនួនដែលប្រយុទ្ធយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋ Islam ដែលកាន់កាប់តំបន់ខាងជើង និងខាងលិចនៃប្រទេស Iraq មួយភាគធំ និងផ្នែកខ្លះនៃប្រទេសស៊ីរី៕