កង​កម្លាំង​អ៊ីរ៉ាក់​ចូល​ដល់​ក្នុង​ក្រុង​ Mosul ​ដែល​កាន់​កាប់​ដោយ​រដ្ឋ​ឥស្លាម

មនុស្ស​ដែល​រត់​គេច​ចេញ​ពី​តំបន់​គ្រប់​គ្រង​ដោយ​ពួក​រដ្ឋ​ឥស្លាម​ អង្គុយ​នៅ​ខាង​ក្រៅ​វិហារ​ឥស្លាម​មួយ​ការពារ​ដោយ​ទាហាន​អ៊ីរ៉ាក់ នៅ​ភាគ​ខាង​ត្បូង​ក្រុង​ Mosul កាល​ពី​ថ្ងៃទី​១ ខែ​វិច្ឆិកា។

ឧត្តមសេនីយ៍​ម្នាក់​នៃ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​និយាយ​ថា​ ពួក​ទាហាន​នៃ​កង​កម្លាំង​ពិសេស​បាន​ចូល​ត្រួតត្រា​អាគារ​ទូរទស្សន៍​រដ្ឋ​នៅ​ខាង​ក្នុងក្រុង​ Mosul ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​លុក​ដើម្បី​បណ្តេញ​ពួក​រដ្ឋ​ឥស្លាម​ចេញ​ពី​ក្រុង​នេះ។​

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ជម្រុលចូល​ទៅ​ក្នុង​ក្រុង​នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ២០១៤​ មក ​នៅ​ក្រោយ​បាន​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​លើ​ការវាយ​លុក​ទៅ​លើ​តំបន់​នៅ​ជុំវិញ​ក្រុង ​Mosul។​

លោក​ឧត្តមសេនីយ៍​ទោ ​Sami al-Aridi ​បាន​និយាយ​ថា ​ពួក​ទាហាន​រដ្ឋាភិបាល​បាន​ចូល​ទៅ​ក្នុងសង្កាត់​ Gojali ​នៃក្រុង ​Mosul ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ដែល​នៅទី​នោះ​ ពួក​គេបាន​ជួប​ប្រទះ​នឹង​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ជា​មួយ​ពួក​ជនសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។

លោក​បាន​និយាយ​ថា ​ពួក​យុទ្ធ​ជន​រដ្ឋ​ឥស្លាម ​បាន​ដាក់​របាំង​ស៊ីម៉ង់ត៍​នៅ​ទូទាំង​ក្រុង​នេះដើម្បី​ព្យាយាម​បញ្ឈប់​ការ​ជម្រុល​ទៅ​មុខ​នៃ​កង​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់។

មានការ​វាយ​ប្រហារ​តាមអាកា​ស​យ៉ាង​ខ្លាំងលើទីតាំង​ពួក​រដ្ឋ​ Islam នៅខាង​ក្នុងសង្កាត់ Gojali នៅ​មុនមានការជម្រុល​ទៅ​មុខ​ដោយ​ក្រុម​ទាហានរដ្ឋាភិបាលអ៊ីរ៉ាក់។​ពួក Jihadists បានបាញ់តបតរវិញ​ដោយប្រើ​គ្រាប់ missiles បាញ់​រថក្រោះនិង​ rockets ធុន​ B-40។​

ការ​ទម្លាយ​ខ្សែ​ការពាររបស់ពួក​រដ្ឋ​ឥស្លាម​នេះ​ មាន​ឡើង​ពីរ​សប្តាហ៍​ក្រោយ​ពេល​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និងក្រុម​ឃើដ (Kurds)​ គាំទ្រ​ដោយ​ពួកជីវពល ​Shi'ite និង​ការ​វាយ​ប្រហារ​តាម​កង​យន្តហោះ​ចម្បាំង​ស.រ.អា.​បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​ធំបំផុត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ចាប់​តាំង​ពី​ឆ្នាំ២០១៣​ មក​ដើម្បី​បណ្តេញ​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ចេញ​ពី​ក្រុង​នេះ៕