បញ្ហា​​ប្រទេស​អ៊ីរ៉ង់​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​ការ​ប្រជុំ​នៃ​ក្រុម​ប្រទេស​ G-20​ ក្នុង​ប្រទេស​ជប៉ុន

ប្រធានាធិបតី​ ត្រាំ និង​រាជ្ជទាយាទ​អរ៉ាប៊ី​សាអូឌីត Mohammed bin Salman ចាប់​ដៃ​ក្នុង​ពេល​ថត​រូប​រួម​គ្នា​ក្នុង​កិច្ច​ប្រជុំ​ប្រទេស​ G20 នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា ២០១៩។

គេ​រំពឹង​ថា​បញ្ហា​ប្រទេស​អ៊ីរ៉ង់​ជា​បញ្ហា​មួយ​ក្នុង​បណ្តា​បញ្ហា​ធំៗ​ដែល​នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​ការ​ប្រជុំ​នៃក្រុម​ប្រទេស G-20 នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​នៅ​ទី​នោះ​ពួក​មេដឹកនាំ​នៃ​ប្រទេស​ជាតិ​មាន​ឧស្សាហកម្ម​លូត​លាស់​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​សម្រាប់​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ពួក​អ្នក​ការទូត​ស.រ.អា.​និង​អ៊ីរ៉ង់​បាន​ជួប​ជាមួយ​ពួក​សមភាគី​អឺរ៉ុប​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដល់​វិបត្តិ​នយោបាយ​មួយ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ស.រ.អា.​បាន​បោះ​បង់​ចោល​កិច្ច​ព្រមព្រៀង​បរមាណូ​អន្តរជាតិ​ឆ្នាំ​២០១៥​ ជាមួយ​ប្រទេស​អ៊ីរ៉ង់។ភាព​តាន​តឹង​រវាង​ស.រ.អា.​និង​ប្រទេស​អ៊ីរ៉ង់​ក៏​បាន​ត្រូវ​លើក​យក​ទៅ​ដោះស្រាយ​ដែរ​នៅ​ឯការ​ប្រជុំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​ កាលពី​ថ្ងៃ​ព្រហស្បតិ៍។

ពួក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​អង្គការ​អូតង់​បាន​ធ្វើ​ការ​ប្រជុំ​ពីរ​ថ្ងៃ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​សំខាន់ៗ​ដែល​មាន​រួម​បញ្ចូល​ទាំង​ការ​គំរាម​កំហែង​បរមាណូ​ដោយ​អ៊ីរ៉ង់​ផងដែរ។ លោក ​Mark Esper ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​ស្តីទី​បាននិយាយ​ថា ​របប​គ្រប់គ្រង​អ៊ីរ៉ង​បាន​សាប​ព្រោះ​ចលាចល​និង​ជម្លោះ​នៅ​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា​៤០​ឆ្នាំ​មក​ហើយ​ ហើយ​ការណ៍​នេះ​ត្រូវ​តែ​បញ្ឈប់។

ភាព​តាន​តឹង​រវាង​ស.រ.អា.​និង​ប្រទេស​អ៊ីរ៉ង់​បាន​កើន​ខ្លាំង​ឡើងៗ​កាល​ពី​សប្តាហ៍​មុន​នៅ​ក្រោយ​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​ ដ្រូន​ អាមេរិកាំង​មួយ​គ្រឿង​ដោយ​និយាយ​ថា ​វា​បាន​រំលោភ​ដែន​អាកាស​របស់​ផង​ខ្លួន។ រដ្ឋាភិបាល​ក្រុង​វ៉ស៊ីនតោន​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ក៏​ប៉ុន្តែ​បាន​និយាយ​ថា ​ខ្លួន​មិន​ចង់​មាន​សង្គ្រាម​ជា​មួយ​ប្រទេស​អ៊ីរ៉ង់​ទេ។

ជា​ជាង​ធ្វើ​ការ​ឆ្លើយ​តប​ខាង​យោធា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​ជ្រើស​រើស​យក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់។

ពួក​មេដឹកនាំ​អ៊ីរ៉ង់​មាន​ប្រតិកម្ម​ខឹង​សម្បា​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​មាន​បញ្ហា​ធ្ងន់ធ្ងរ​ហើយ​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ថា​ ជា​សកម្មភាព​សង្គ្រាម៕