ការគ្មានដំណើរការនៃបណ្តាញអ៊ីនធឺណិតធ្ងន់ធ្ងរមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅបង្ក្រាបបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានចូលដល់ថ្ងៃទី៦ហើយដោយកម្រិតនៃការប្រើប្រាស់បណ្តាញនេះបានកើនឡើងបន្តិចនៅពេលអាជ្ញាធរនិយាយថា ពួកគេបានភ្ជាប់តំបន់មួយចំនួនទៅនឹងបណ្តាញនេះឡើងវិញ។
នៅក្នុងសារនៅលើបណ្ដាញ Twitter មួយចំនួនកាលពីថ្ងៃព្រហស្បតិ៍ អង្គការឃ្លាំមើលបណ្តាញ អ៊ីនធឺណិត NetBlocks ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននិយាយថា ការគ្មានសេវាអ៊ីនធឺណិត សឹងតែទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមធូរស្រាលនៅក្រោយរយៈពេល១១៣ម៉ោង ដោយអត្រានៃការភ្ជាប់នឹងបណ្តាញនេះនៅទូទាំងប្រទេសបានកើនឡើងពី៥%ទៅ១០% ហើយបន្ទាប់មកឡើងដល់១៥%នៅព្រឹកថ្ងៃសុក្រតាមពេលវេលាក្នុងប្រទេសអ៊ីរ៉ង់។
ការភ្ជាប់នឹងបណ្តាញនេះបានចុះថយមកត្រឹម៥%នៅយប់ថ្ងៃសៅរ៍ ហើយបានឋិតនៅត្រឹមកម្រិតនេះរហូតដល់រសៀលថ្ងៃព្រហស្បតិ៍។
ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋនៃប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា អាជ្ញាធរបានធ្វើឱ្យមានជាលំដាប់នូវសេវាអ៊ីនធឺណិត នៅក្នុងតំបន់មួយចំនួនដោយមានរួមបញ្ចូលខេត្ត Hormozgan នៅភាគខាងត្បូងប្រទេសផងដែរ ដែលមានកំពង់ផែធំ Bandar Abbas។
ថ្លែងទៅកាន់ពួកអ្នកកាសែតនៅក្នុងក្រុងតេហេរ៉ង លោក Abolhassan Firouzabadi លេខាធិការនៃក្រុមប្រឹក្សាកំពូលខាងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសអ៊ីរ៉ង់បាននិយាយថា អង្គការរបស់រដ្ឋនេះនឹងធ្វើសេចក្តីសម្រេចមួយនៅថ្ងៃព្រហស្បតិ៍ អំពីថាតើនឹងបញ្ចប់ការបិទអ៊ីនធឺណិត ដែលមានរយៈពេល៥ថ្ងៃមកហើយនេះឬទេ។
ការបិទសេវាបណ្តាញអ៊ីនធឺណិត បានធ្វើឱ្យមានការខូចខាតដល់សេដ្ឋកិច្ចនៃប្រទេសនេះដែលមានភាពខ្សោយរួចស្រេចហើយដោយសារការដាក់ទណ្ឌកម្មដោយស.រ.អា.។ លោកបានសម្តែងសេចក្តីសង្ឃឹមថាការគ្មានសេវាអ៊ីនធឺណិតនឹងចប់ក្នុងពេលពីរថ្ងៃខាងមុខនេះ៕