សហរដ្ឋ​អាមេរិក​ថា​ការ​​​អភិវឌ្ឍ​អាវុធ​គីមី​របស់​អ៊ីរ៉ង់​សម្រាប់​ការ​វាយ​ប្រហារ​ជា​ការ​រំលោភ​សន្ធិ​សញ្ញា​សាកលលោក

លោក ​Kenneth Ward ​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​​ហាម​ឃាត់​ការ​ប្រើ​អា​វុធ​គីមី​ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ពី​ការ​​មិន​បាន​ប្រកាស​សកម្មភាព​ដែល​ទាក់​ទិន​នឹង​អាវុធ​គីមី​ដែល​ជា​ការ​រំលោភ​ការ​ប្ដេជ្ញា​ចិត្ត​ដល់​អង្គការ​ហាម​ឃាត់​ការ​ប្រើ​អាវុធ​គីមី។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ប្រទេស​អ៊ីរ៉ង់​ពី​ការមិន​បាន​ប្រកាស​សកម្មភាព​ដែល​ទាក់​ទិន​នឹង​អាវុធ​គីមី​ដែល​ជា​ការ​រំលោភ​ការ​ប្ដេជ្ញា​ចិត្ត​ដល់​អង្គការ​ហាម​ឃាត់​ការ​ប្រើ​អាវុធ​គីមី។

ថ្លែង​ទៅ​កាន់​ជំនួប​ប្រចាំ​ឆ្នាំ​មួយ​របស់​អង្គការ​អន្តរ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​ឡាអេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក ​Kenneth Ward ​បេសកជន​របស់​សហរដ្ឋ​អាមេរិក​បាននិយាយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មាន​ការ​ព្រួយ​កង្វល់ដែល​អ៊ីរ៉ង់​កំពុង​អភិវឌ្ឍគីមី​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ប្រព័ន្ធ​សសៃ​ប្រសាទ​សម្រាប់​គោល​បំណង​វាយ​ប្រហារ​ខាង​យោធា។

លោក​មិន​បាន​ប្រាប់​ពី​ប្រភព​នៃ​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក Ward​ ក៏​បាន​ផ្តល់​ឧទាហរណ៍​៣​អំពី​អ្វី​ដែលលោក​និយាយ​ថា​ ជា​ការ​មិនប្រកាសរបស់​អ៊ីរ៉ង់​នៅ​ក្រោម​ច្បាប់​អង្គការ​ហាម​ឃាត់​ការ​ប្រើ​អា​វុធ​គីមី​ ឬ ​OPCW។ អ៊ីរ៉ង់​ជា​ហត្ថលេខី​មួយ​នៃ​អនុ​សញ្ញា​អាវុធ​គីមី​ដែល​ត្រួត​ត្រា​ដោយ​OPCW។

លោក ​Ward ​បាន​និយាយ​ទៀត​ថា ​អ៊ីរ៉ង់​មិន​បាន​ប្រកាស​សមត្ថភាព​ដើម្បី​បំពេញសារធាតុ​គីមី​ទៅ​ក្នុង​អាវុធ ​ការ​ដឹក​ជញ្ជូន​គ្រាប់​កាំភ្លើង​ធំ​ដែល​បំពេញ​ទៅ​ដោយ​សារ​ធាតុ​គីមី​ទៅ​កាន់​ប្រទេស​លីប៊ី​នៅ​ក្នុង​ទសវត្សរ៍​១៩៨០ ​ហើយ​នឹង​ការ​លក់​ឧស្ម័ន ​CR​ របស់​ខ្លួន​នៅ​ឯការ​តាំង​ពិព័រណ៍​អាវុធ។​

សេចក្តី​រាយការណ៍​មួយ​របស់​កាសែត​ Washington Post ​នៅ​ឆ្នាំ​២០១១ ​បាន​ដក​ស្រង់​សម្តីពួក​មន្រ្តី​សហរដ្ឋ​អាមេ​រិក​មក​ចុះ​ផ្សាយ​ថា ​គ្រាប់​រំសេវ​គីមី​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ​នោះ​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​លីប៊ី​ទំនង​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

បណ្តាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​បាន​ដក​ស្រង់​សម្តី​របស់​មន្រ្តី​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​ កាល​ពី​សប្តាហ៍​មក​ចុះ​ផ្សាយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​នឹង​ប្រើ​ប្រាស់​សន្និសីទរបស់​អង្គការ​ហាម​ឃាត់​ការ​ប្រើ​អាវុធគីមី​ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​ដើម្បី​លើក​ឡើង​ពី​បញ្ហា​នៃ​កម្ម​វិធី​អាវុធ​គីមី​របស់​អ៊ីរ៉ង់៕