ប្រទេសអ៊ីរ៉ង់បានថ្លែងនៅថ្ងៃសុក្រនេះថា ខ្លួនមិនបានបាត់យន្តហោះគ្មានមនុស្សបើក(ដ្រូន)ណាមួយទេ ហើយបានបដិសេធរបាយការណ៍របស់សហរដ្ឋអាមេរិកដែលថា នាវាចំបាំងរបស់សហរដ្ឋអាមេរិក បានកម្ទេចយន្តហោះគ្មានមនុស្សបើកនៅច្រកសមុទ្រ Hormuz នោះ។
លោក Abbas Araghchi អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានចុះផ្សាយសារក្នុងប្រព័ន្ធ Twitterថា៖ «យើងមិនបានបាត់បង់យន្តហោះគ្មានមនុស្សបើកណាមួយនៅច្រកសមុទ្រ Hormuz ឬទីកន្លែងណាទេ»។ លោក បាននិយាយទៀតថា លោកមានការព្រួយបារម្ភថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់ខ្លួនឯងដោយ«ច្រឡំ»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាចម្បាំងអាមេរិក បានបំផ្លាញយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អ៊ីរ៉ង់មួយគ្រឿងដែលបានគំរាមកំហែងនាវា និងអ្នកបើកបរនាវានោះក្នុងច្រកសមុទ្រ Hormuz។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានដែលបានជួបជុំគ្នានៅពិធីមួយនៅសេតវិមានថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) បានហោះនៅចម្ងាយ៩០០ម៉ែត្រពីនាវាចំបាំង USS Boxer ហើយមិនអើពើនឹងការព្រមានជាច្រើនដង។
លោកប្រធានាធិបតីត្រាំ និយាយទៀតថា៖ «យន្តហោះគ្មានមនុស្សបើក(ដ្រូន)នោះ បានត្រូវកម្ទេច។ នេះជាសកម្មភាពនៃការបង្កហេតុ និងអារិភាពមួយនៃសកម្មភាពនៃការបង្កហេតុ និងអារិភាពជាច្រើនដោយអ៊ីរ៉ង់ ប្រឆាំងនឹងនាវាដែលប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ។ សហរដ្ឋអាមេរិករក្សាសិទ្ធិមនុស្សរបស់ខ្លួនដើម្បីការពារបុគ្គលិក សម្ភារៈ និងផលប្រយោជន៍របស់ខ្លួន។
លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បាននិយាយនៅក្នុងបូរីញូយ៉កកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានព័ត៌មានអំពីការបាត់យន្តហោះគ្មានមនុស្សបើក(ដ្រូន)នៅថ្ងៃនេះទេ៕