លោក Abbas Mousavi អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA នៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា ការរឹបអូសយកកប៉ាល់នេះនាំឱ្យមានផលវិបាក ហើយថា លេសខាងផ្លូវច្បាប់សម្រាប់ការចាប់នាវានោះយកជាការមិនបានទេ»។
កំណត់សម្គាល់របស់លោក Mousavi មានឡើងពីរថ្ងៃក្រោយលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ក៏បានព្រមានកាលពីថ្ងៃពុធដែរថា ប្រទេសអង់គ្លេសនឹងប្រឈមនឹងផលវិបាកដោយសារបានរឹបអូសយកនាវានោះដែលជាប់សង្ស័យថាបានដឹកប្រេងទៅកាន់ប្រទេសស៊ីរីដោយរំលោភលើការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ភាពតានតឹងនៅក្នុងតំបន់នោះបានកើនខ្លាំងឡើងថែមទៀតកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប្រទេសអង់គ្លេសបាននិយាយថា នាវាចម្បាំងអ៊ីរ៉ង់បីគ្រឿងបានខិតខំព្យាយាមបង្អាក់ការបើករបស់នាវាដឹកប្រេងអង់គ្លេសមួយគ្រឿងតាមច្រកសមុទ្រ Hormuz។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា នាវាអ៊ីរ៉ង់បីគ្រឿងមានទាក់ទិននឹងឧប្បត្តិហេតុនេះហើយថា នាវាទាំងនេះបានបើកថយទៅវិញនៅពេលពួកគេបានទទួលការព្រមានពីកប៉ាល់ចម្បាំងអង់គ្លេសមួយគ្រឿង។
រដ្ឋាភិបាលអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ជូននាវាចម្បាំងឈ្មោះ HMS Duncan ទៅកាន់ឈូងសមុទ្រពែក ដើម្បីជំនួសកប៉ាល់ចម្បាំងឈ្មោះ HMS Montrose ដែលអង់គ្លេសនិយាយថាបានត្រូវបង្ខំឱ្យរាំងខ្ទប់នាវាអ៊ីរ៉ង់ទាំងនោះ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះរបស់ប្រទេសអង់គ្លេស។សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បាននិយាយថា នាវាយាមល្បាតនៃកងឆ្មាំបដិវត្តន៍បានបំពេញកាតព្វកិច្ចធម្មតា ហើយគ្មានការប៉ះទង្គិចជាមួយនាវាបរទេសណាមួយទេ ជាពិសេសនាវាអង់គ្លេស៕