រដ្ឋាភិបាលក្រុងតេហេរ៉ង បានសួរចម្លើយ ឬឃាត់ខ្លួនពួកអ្នកកាសែតដែលរាយការណ៍ផ្ទុយពីសេចក្តីរាយការណ៍ជាផ្លូវការឬសាកសួរអំពីរបាយការណ៍ទាំងនេះ ដោយព្រមានថា ពួកអ្នកកាសែតដែលផ្សាយស្ថិតិខុសពីតួលេខរបស់រដ្ឋាភិបាលនឹងត្រូវចាប់ខ្លួនហើយបានបញ្ជាឱ្យមានការត្រួតពិនិត្យបណ្តាញផ្សាយព័ត៌មានផងដែរ។ មានមួយករណីយ៉ាងតិចដែលអ្នកសែតម្នាក់បានត្រូវបង្ខំឱ្យដកអត្ថាធិប្បាយតាមបណ្តាញសង្គម។
ពួកមេដឹកនាំអ៊ីរ៉ង់មើលស្រាលការរាលដាលមេរោគនេះកាលពីខែកុម្ភៈនៅពេលមានការរាយការណ៍អំពីករណីឆ្លងដំបូងៗ។ នៅក្នុងការថ្លែងសុន្ទរកថាមួយតាមវិទ្យុនិងទូរទស្សន៍កាលពីថ្ងៃទី១៣ខែមីនា មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានអំពាវនាវឲ្យពលរដ្ឋអ៊ីរ៉ង់ «កុំបារម្ភខ្លាំងពេក»អំពីមេរោគនេះ។ ពួកមន្ត្រីរបបគ្រប់គ្រងនេះ រួមមានលោក Hossein Salami ប្រធានកងឆ្មាំបដិវត្តន៍ អ៊ិស្លាម នៃប្រទេសអ៊ីរ៉ង់ផងដែរ បាននិយាយនៅក្នុងបណ្តាញព័ត៌មានរដ្ឋថា មេរោគនេះ«ប្រហែលជាលទ្ធផលនៃការវាយប្រហារជីវសាស្ត្រដោយប្រទេសអាមេរិក»។
លោក Mehdi Yahyanejad អ្នកសរសេរប្លុក មានមូលដ្ឋាននៅក្នុងស.រ.អា.និងជាអ្នកបង្កើតគេហទំព័រចែកចាយព័ត៌មាន Balatarin និងអ្នកកាសែតឯទៀតៗបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់បានរក្សាកណ្តាប់ដៃដែកលើបណ្តាញផ្សាយព័ត៌មាន។
លោក Yahyanejad បាននិយាយថា៖ «ពួកអ្នកកាសែតឯករាជ្យមិនបានត្រូវអនុញ្ញាតឱ្យរាយការណ៍ដោយសេរីអំពីការរាតត្បាតមេរោគកូរ៉ូណាទេ។ មានរបាយការណ៍អំពីកំណើនការត្រួតពិនិត្យលើពួកអ្នកសារព័ត៌មានដែលរាយការណ៍អំពីការរាតត្បាតនៃជំងឺនេះឬ រិះគន់សកម្មភាពរបស់រដ្ឋាភិបាលអ៊ីរ៉ង់»។
ទីភ្នាក់ងារព័ត៌មាន ISNA ពាក់កណ្តាលផ្លូវការរបស់ពួកនិស្សិត បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងយុត្តិធ៌មរដ្ឋាភិបាលក្រុងតេហេរ៉ង់ គឺលោក Mohammad Jafar Montazeri បានព្រមានថានឹងមានវិធានការធ្ងន់ធ្ងរសម្រាប់ការបោះពុម្ពផ្សាយតួលេខចេញពីប្រភពក្រៅផ្លូវការ។
អាជ្ញាធរបានកោះហៅ ឬចាប់ខ្លួនអ្នកកាសែតនិងពលរដ្ឋមួយចំនួនដោយសាររបាយការណ៍របស់ពួកគេអំពីការរាតត្បាតនៃជំងឺនេះឬអត្ថបទដែលពួកគេបានផ្សាយតាមបណ្តាញសង្គម។ ពួកជនទាំងនេះរួមមានលោក Fardin Mostafaei បណ្ណាធិការនៃគេហទំព័រព័ត៌មាន Saghezrud ដែលបានអំពាវនាវឱ្យមានការចេញផ្សាយស្ថិតិចំនួនអ្នកជំងឺនិងអ្នកស្លាប់នៅក្នុងក្រុង Saghez លោក Mohammad Mokhtari ប្រធានក្រុមកីឡាករបាល់ទាត់ Damash Gilan ដែលបានធ្វើអត្ថាធិប្បាយអំពីចំនួនមនុស្សស្លាប់នៅក្នុងខេត្ត Gilan និងអំពីមនុស្សស្លាប់យ៉ាងតិចណាស់១៥នាក់ទៀតនៅក្នុងក្រុងតហេរ៉ង់, ក្រុងRasht និងក្រុង Qom ដោយបានផ្សព្វផ្សាយតួលេខក្រៅផ្លូវការឬឆ្ងល់អំពីស្ថិតិរបស់រដ្ឋាភិបាលក្រងតេហេរ៉ង់ តាមរយៈ WhatsApp ឬ Telegram Chat apps។
ពួកភ្នាក់ងាររបស់កងឆ្មាំបដិវត្តន៍ ឥស្លាម នៃប្រទេសអ៊ីរ៉ង់ហៅកាត់ថា IRGCបានចាប់ខ្លួនលោក Mokhtari ក្រោយពីលោកបានសាកសួរអំពីភាពត្រឹមត្រូវនៃតួលេខជាផ្លូវការដែលបានបង្ហោះតាម Instagram។ គេហទំព័រព័ត៌មាន Iran International មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសនិងផ្នែកផ្សាយជាភាសា អារ៉ាប់នៃវីអូអេបានរាយការណ៍ថា «មនុស្សរាប់រយនាក់បានស្លាប់រៀងរាល់ថ្ងៃនៅក្នុងខេត្ត Gilan ហើយមានសាកសពគរគ្នា។គ្មានផ្នូរសម្រាប់បញ្ចុះសពទាំងនេះទេ»។
យ៉ាងហោចណាស់នៅក្នុងករណីមួយ អ្នកកាសែតម្នាក់បានត្រូវបង្ខំឱ្យលុបចោលសារនៅលើ Twitter មួយហើយចេញផ្សាយសារថ្មីមួយដែលសុំអភ័យទោស ដោយសារបានរិះគន់ការឆ្លើយតបជាផ្លូវការដល់ការរាលដាលនៃមេរោគកូរ៉ូណា។
គេហទំព័រខាងសិទ្ធិមនុស្សបានរាយការណ៍ថា នៅក្នុងក្រុង Rasht ទីរួមខេត្ត Gilan ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលក្រុងតេហេរ៉ង បាននិយាយថា ចំនួនករណីអ្នកផ្ទុកមេរោគនេះបានកើនឡើងពីរដងនៅក្នុងសប្តាហ៍ទីមួយនៃការរាលដាលមេរោគនេះ។ ពួកភ្នាក់ងារខាងការស៊ើបការណ៍សម្ងាត់បាននិយាយប្រាប់អ្នកកាសែតពីរនាក់ដែលបានត្រូវកោះហៅមកសាកសួរចម្លើយថា «យើងកំពុងឋិតក្នុងស្ថានភាពមួយស្រដៀងគ្នានឹងពេលមានសង្គ្រាមហើយការផ្សាយព័ត៌មាននៅក្នុងពេលរសើបនេះដូចគ្នានឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសត្រូវដែរ»។
គណៈបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសអ៊ីរ៉ង់នៅឯអ.ស.ប.ក្នុងបូរី ញូយ៉ក មិនបានឆ្លើយតបជាបន្ទាន់ចំពោះសំណើសុំអត្ថាធិប្បាយតាមអ៊ីមែល នៅឡើយទេ។
ពួកអ្នកកាសែតនិងពួកអ្នកវិភាគបណ្តាញផ្សាយព័ត៌មានបាននិយាយប្រាប់ផ្នែកព័ត៌មានរបស់វីអូអេថា បណ្តាញផ្សាយព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់មានឱកាសតិចតួចក្នុងការរាយការណ៍អំពីការរាតត្បាតនៃជំងឺនេះដោយសារមានការគាបសង្កត់ពីរដ្ឋាភិបាលក្រុងតេហេរ៉ង។
អ្នកវិភាគបណ្តាញផ្សាយព័ត៌មាននិងជាអ្នកសារព័ត៌មានម្នាក់មកពីក្រុងតេហេរ៉ង់ ដែលសុំមិនបញ្ចេញឈ្មោះតាមវីអូអេដើម្បីបញ្ចៀសការធ្វើទុក្ខបុកម្នេញ បាននិយាយថា«នៅក្នុងប្រព័ន្ធមួយដែលនៅទីនោះរដ្ឋាភិបាលត្រួតត្រាទីភ្នាក់ងារព័ត៌មាននិងអង្គការព័ត៌មានសឹងតែទាំងអស់ ហើយត្រួតត្រាលើកាសែតនិងគេហទំព័រព័ត៌មានភាគច្រើននោះ លោកអ្នកមិនអាចរំពឹងថា ព័ត៌មានរសើបដូចនេះអាចត្រូវផ្សព្វផ្សាយបានទេ»។
លោក Reza Haghighatnejad អ្នកសរសេរប្លុក អ៊ីរ៉ង់ដែលជាអ្នកសារព័ត៌មាននិងអ្នកធ្វើអត្ថាធិប្បាយតាមទូរទស្សន៍មានមូលដ្ឋាននៅក្នុងក្រុងប្រាក ក្នុងសាធារណរដ្ឋឆែក បាននិយាយថាក្រសួងវប្បធម៌និងការណែនាំតាមសាសនា អ៊ិស្លាមនៃប្រទេសអ៊ីរ៉ង់ដែលត្រួតត្រាបណ្តាញផ្សាយព័ត៌មាន បានចេញផ្សាយសេចក្តីណែនាំពីរអំពីការរាយការណ៍អំពីមេរោគកូរ៉ូណា។
សេចក្តីណែនាំទាំងនេះដែលបានត្រូវបកប្រែនិងត្រូវបានអានដោយផ្នែកព័ត៌មាននៃវីអូអេបានបញ្ជាឲ្យបណ្តាញផ្សាយព័ត៌មានប្រើតែប្រភពនិងស្ថិតិផ្លូវការនៅពេលរាយការណ៍អំពីមេរោគនេះ។សេចក្តីណែនាំទាំងនេះបានប្រាប់ឲ្យពួកអ្នកកាសែតចៀសវាងកុំធ្វើការរាយការណ៍បែបស៊ើបអង្កេតឬសាកសួរប្រភពឯទៀតៗដើម្បីរកទិន្នន័យឬព័ត៌មាន។
លោក Haghighatnejad បាននិយាយថា«បទបញ្ជាទាំងនេះចែងច្បាស់លាស់ថាប្រភពតែមួយគត់ដែលត្រូវយកតាមគឺប្រភពផ្លូវការ ហើយមិនគួរប្រើ ប្រភពឯទៀតឬមិនត្រូវពិចារណាអំពីប្រភពឯទៀតទេ»។
លោក Haghighatnejad បាននិយាយថា«បន្ថែមលើនេះទៀត មានគំនាបសង្កត់ជាច្រើនលើពួកអ្នកកាសែតនិងក្រុមអ្នករាយការណ៍ដែលព្យាយាមធ្វើការរាយការណ៍បែបស៊ើបអង្កេត»ដោយលោកនិយាយយោងដល់ការរឹតត្បិតមិនឱ្យទទួលព័ត៌មាននិងថា ពួកបណ្ណាធិការនិងពួកអ្នកធ្វើសេចក្តីសម្រេចនៅក្នុងអង្គការផ្សាយព័ត៌មាន ជាញឹកញយបានច្រានចោលសេចក្តីរាយការណ៍បែបស៊ើបអង្កេតដើម្បីបញ្ចៀសកុំឱ្យមានការសងសឹកពីអាជ្ញាធរ។
អ្នកសារព័ត៌មានធ្វើការនៅក្នុងក្រុងតេហេរ៉ង រូបនេះដែលបានសុំមិនបញ្ចេញឈ្មោះបាននិយាយថា អាជ្ញាធរបានធ្វើមិនឱ្យមានការរាយការណ៍ឯករាជ្យ។
អ្នកកាសែតរូបនេះបានថ្លែងថា «ពួកអ្នកសារព័ត៌មានបែបស៊ើបអង្កេតមិនអាចមានឱកាសធ្វើការស្រាវជ្រាវដោយមិនត្រូវបានយាយីពីពួកភ្នាក់ងារសន្តិសុខទេហើយពួកគេមិនអាចបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេទេ»។
ពួកអ្នកសារព័ត៌មានឯទៀតៗបាននិយាយថាការត្រួតពិនិត្យក៏មិនខុសពីបញ្ហាឯទៀតៗដែលអាជ្ញាធរមិនចង់ឱ្យនិយាយដែរ។
លោក Mohsen Behzad Karimi ដែលជាអ្នកកាសែតអ៊ីរ៉ង់ម្នាក់មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេសបាននិយាយប្រាប់ផ្នែកព័ត៌មាននៃវីអូអេថា«មានមេរោគកូរ៉ូណា ឬគ្មានមេរោគនេះក៏ដោយ ក៏មិនមានសេរីភាពកាសែតក្នុងប្រទេសអ៊ីរ៉ង់ឡើយ»៕
ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ