សហភាព​អន្តរ​សភា​ព្រមាន​បក្ស​កាន់អំណាច​កុំ​ឱ្យ​រំលាយ​បក្ស​សង្គ្រោះជាតិ

ក្រុម​សមាជិក​នៃ​សហភាព​អន្តរ​សភា ​IPU​ ឬ Inter-Parliamentary Union  ​ដែល​មាន​សមាជិក​ជា​តំណាង​រាស្ត្រ​ជាង​៨០០​ ​នាក់ពី​ ​១៥៥​ ​ប្រទេស​ទូទាំង​ពិភាព​លោក​ ​បាន​លើក​ឡើង​អំពី​​បញ្ហា​កម្ពុជា ​និង​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​លោក​ ​កឹម ​សុខា​ ​គណបក្ស​សង្គ្រោះជាតិ​ ​

គណៈកម្មាធិការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់ ​IPU ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ស្ថាន​ការណ៍​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង សេចក្ដី​ថ្លែង​ហេតុ​ប្រាប់​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​​ IPU ​នៅ​ទី​ក្រុង​ ​St. Petersburg។

សហភាព​អន្តរ​សភា​ ឬ (Inter-Parliamentary Union)​ ​បាន​បញ្ចេញ​ប្រតិកម្ម​ទាមទារ​ឱ្យ​គណបក្ស​ប្រឆាំង​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ​និង​ចូល​រួម​ក្នុង​ការបោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បាន​ដោយ​ពេញ​ដៃពេញ​ជើង។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ និង​ខ្សែ​វីដេអូ​នៃ​កិច្ច​ប្រជុំ​កំពូល​របស់​ IPU​ ​ដែល ​VOA ​ទទួល​បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

សហភាព​អន្តរ​សភា​ ​(IPU) ​ដែល​មាន​សមាជិក​ជា​តំណាង​រាស្ត្រ​ជាង​ ​៨០០​ ​រូប​មក​ពី​ប្រទេស​ជាង​១៧៣​ ​រួមទាំង​កម្ពុជា​ផង​នោះ​ បាន​រៀបចំ​មហា​សន្និបាត​របស់​ខ្លួន​នៅ​ឯ​ទីក្រុង​ St. Petersburg ​ប្រទេស​រុស្ស៊ី​ ដោយ​សម្ដែង​ក្ដី​បារម្ភ និង​ក្ដី​ពិភាល់​សង្ស័យ​ទៅ​លើ​សុក្រិតភាព​នៃ​ភស្ដុតាង​ដាក់​បន្ទុក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កម្ពុជា។​ ក្រោយ​មហាសន្និបាត​របស់​ខ្លួន​ IPU ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ពុធ​ ​ស្តីពី​ស្ថានការណ៍​លំបាក​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នៅ​ប្រទេស​ចំនួន​បួន​រួម​មាន​ ​កម្ពុជា​ វេណេហ្សូអេឡា​ តួកគី​ ​និង​ម៉ាល់​ឌីវ។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ សហភាព​អន្តរ​សភា​ ​បាន​ប្រកាស​ថា៖​

​«សហភាព​អន្តរ​សភា ​សូម​សម្ដែង​ការ​ថ្កោល​ទោស​ដ៏​ខ្លាំង​ក្លា​ចំពោះ​ការ​លើក​ឡើង​នូវ​ខ្សែ​អាត់​វីដេអូ​មួយ​យក​មក​ប្រើ​ប្រាស់​ជា​ភស្តុតាង​ចោទ​ប្រកាន់​[លោក ​កឹម សុខា និង​បក្ស​សង្គ្រោះ​ជាតិ]​ ពី​បទ​ក្បត់​ជាតិ ​និង​សូម​ទាមទារ​ថា ​លោក ​កឹម​ សុខា ​ត្រូវ​បាន​ដោះ​លែង​ជា​បន្ទាន់​ និង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ករណី​កិច្ចរបស់​លោក​ជា​អ្នក​តំណាង​រាស្ត្រ ​និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ប្រក្រតី​វិញ»។​

លោក Saber Chowdhury ប្រធាន​សហភាពអន្តរសភា ថ្លែង​បិទអង្គមហាសន្និបាតរបស់សហភាពអន្តរសភាលើកទី១៣៧ នៅទីក្រុង St. Petersburg នៅសហភាពរុស្ស៊ី កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុក IPU)

សេចក្ដី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​បន្ត​ទៀត​ថា៖

«សហភាព​អន្តរ​សភា​ក៏​សូម​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ អនុញ្ញាត​ឱ្យ​មាន​ការ​វិល​ត្រឡប់​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ទាំង​ឡាយ​ ដែល​បាន​បង្ខំ​ឱ្យ​ដាក់​ខ្លួន​ឯង​នៅ​ក្នុង​ការ​នីរទេស​ខ្លួន​ ឱ្យ​បាន​ធ្វើ​យុទ្ធនាការ​នយោបាយ​ដោយ​សេរី ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ​ដែល​កាន់​តែ​កៀក​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី»។​

ការ​ចេញ​សេចក្តី​ប្រកាស​រួម​របស់​ ​សហភាព​អន្តរសភា​ (IPU)​ ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពេល​រដ្ឋ​សភា​ជាតិ​កម្ពុជា​ អនុម័ត​វិសោធន​កម្ម​ច្បាប់​ចំនួន​បួន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​និង​ថ្នាក់​មូលដ្ឋាន​បើក​ផ្លូវ​ឱ្យ​មាន​ការ​បែង​ចែក​អាសនៈ​សភា ​និង​ក្រុម​ប្រឹក្សា​រដ្ឋបាល​ឃុំ​សង្កាត់ ​របស់​បក្ស​ដែល​ត្រូវ​បាន​រំលាយ ​ខណៈ​ដែល​លោក កឹម ​សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ត្រូវ​បាន​ឃុំខ្លួន ​និង​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។​ ​តំណាង​រាស្ត្រ​បក្ស​របស់​លោក​ជាង​២០​រូប​ កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​ភ័យខ្លាច​ពី​ការ​ចាប់​ចង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ឯង​កំពុង​ប្រឈម​នឹង​ការ​រំលាយ។​

នៅ​មុន​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ខាង​លើ​ គណៈកម្មាធិការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់ ​IPU ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ស្ថាន​ការណ៍​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង សេចក្ដី​ថ្លែង​ហេតុ​ប្រាប់​សម័យ​ប្រជុំ​ពេញ​អង្គ​របស់ IPU ​នៅ​ទី​ក្រុង​ ​St. Petersburg។​ ​នេះ​បើ​តាម​វីដេអូ​ ដែល​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

ប្រធាន ​IPU ​លោក ​Saber ​Chowdhury ​និង​ជា​សមាជិក​សភា​ប្រទេស​បង់ក្លាដេស​ផង​ដែរ​នោះ​ បាន​លើក​ឡើង​ក្នុង​ការ​ដេញ​ដោល​របស់​លោក​ជាមួយ​នឹង​លោក ​យ៉ង់​ សែម ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា ​ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់ ​IPU ​កាល​ពី​ថ្ងៃ​ពុធ ​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​សភា​ពហុ​បក្ស​នៅ​កម្ពុជា​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

លោក ​Saber​ Chowdhury ​បាន​ថ្លែង​ដូច្នេះ​ថា៖​

«សូម​បញ្ជាក់​យ៉ាង​ច្បាស់​សម្រាប់​ប្រទេស​កម្ពុជា​ថា ​យើង​ចង់​ជួយ​អស់​លោក​អ្នក ​យើង​ចង់​ឈរ​នៅ​ជាមួយនឹង​អង្គ​នីតិ​បញ្ញត្តិ​អាស្រ័យ​រដ្ឋ​ធម្ម​នុញ្ញ»។​

ទាំង​លោក ​Saber​ Chowdhury ​និង​លោក ​Bernd ​Fabritius ​អនុ​ប្រធាន​គណៈកម្មា​ធិការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់ IPU ​សុទ្ធ​តែ​បាន​អំពាវ​នាវ​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ IPU ​មក​កាន់​ប្រទេស​កម្ពុជា​ ​ដើម្បី​អង្កេត​មើល​ដំណើរ​វិវត្តន៍​ចុង​ក្រោយ​នៃ​នយោបាយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

លោក​ ​យ៉ង់ សែម​ ​សមាជិក​ព្រឹទ្ធ​សភា ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ស្វាគមន៍​ចំពោះ​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​ខាង​លើ​របស់​សមាជិក ​IPU ហើយ​បាន​បញ្ជាក់​ថា ​អាជ្ញាធរ​ខ្មែរ​មិន​បាន​បង្ខំ​ឱ្យ​មាន​ការ​ចាក​ចេញ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។​

លោក ​ម៉ម ​ប៊ុននាង ​អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ ​សុខ ​ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង​ បាន​ហៅ​ការ​អំពាវ​នាវ​របស់​សហភាព​អន្តរ​សភា ​IPU ​ថា​ ការ​រំលោភ​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា។​

«ហើយ​ខ្ញុំ​យល់​ថា​ ការ​មាន​មតិ ​ឬ​មួយ​ការ​បង្ខិត​បង្ខំ ​ការ​បង្គាប់​បញ្ជា​ណា​ពី​ខាង​ក្រៅ ​ខ្ញុំ​យល់​ថា​ មិន​មាន​វិសាល​ភាព​អនុវត្ត ​ឬ​អានុភាព​អនុវត្ត ​សម្រាប់​ប្រទេស​កម្ពុជា​ទេ ​ពី​ព្រោះ​យើង​ដឹង​ហើយ​ថា ​IPU​ ជា​បណ្ដុំ​នៃ​រដ្ឋសភា ​ដូច្នេះ​ហើយ​គ្មាន​សិទ្ធិ​អីមក​បង្គាប់​បញ្ជា​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។ ​ការណ៍​ដែល​គាត់​មាន​មតិ​នេះ ​មិន​បាន​ផ្សារ​ភ្ជាប់​នឹង​តថភាព​សង្គម​ពិត​ប្រាកដ​នៅ​កម្ពុជា​នោះ​ទេ»។​

លោក ​សុខ ​ឥសាន ​បានបន្ថែម​អំពី​ការ​ថ្លែង​របស់​រដ្ឋាភិបាល​កម្ពុជា​ថា ​រាល់​នីតិ​វិធី​របស់តុលាការ​ខ្មែរ​ប្រឆាំង​នឹង​អ្នក​រិះគន់ ​និង​អ្នក​នយោបាយ​ជំទាស់​ជា​ការ​អនុវត្ត​ច្បាប់​ស្រប​តាម​នីតិ​រដ្ឋ។​

នៅ​ឯ​ទីក្រុង​បាងកក ​កាល​ពី​ម្សិល​មិញ​មាន​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ ICJ ​រិះគន់​អំពី​ដំណើរការ​សកម្មភាព​នៃ​ការ​ធ្វើ​«អាវុធ​យុទ្ធូបនីយ​កម្ម»​ ឬ​ ​Weaponization ​នៃ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​ ដែល​សំដៅ​លើ​ការ​ប្រើប្រាស់​ច្បាប់​បង្ក្រាប​អ្នក​ប្រឆាំង​ ​និង​អ្នក​រិះគន់​ ​ចំ​ពេល​ការ​បោះ​ឆ្នោត​ជាតិ​ខិត​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៨​ខាងមុខ។ អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​អំណាច​លោក សុខ ឥសាន ក៏​បាន​បដិសេធ​របាយការណ៍​នេះ​ផង​ដែរ៕