កំណត់និពន្ធ៖ ការពិភាក្សាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចពុំមានភាពពេញលេញឡើយ ប្រសិនបើគ្មានការលើកឡើងអំពីតួនាទីរបស់ស្ត្រី និងសមធម៌រវាងបុរស និងស្ត្រី។ លោក ហេង ឌីណា សេដ្ឋវិទូខ្មែរមួយរូបប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ឲ្យដឹងថា ដោយសារពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់កម្ពុជាគឺជាស្ត្រី នោះការពង្រឹងការចូលរួម ជំនាញ និងការយល់ដឹងរបស់ស្ត្រីអាចជួយលើកកម្ពស់ផលិតភាព និងកំណើនសេដ្ឋកិច្ចបានមួយកម្រិត។ នាង ទែន សុខស្រីនិត នៃ VOA បានសន្ទនាជាមួយនឹងលោក ហេង ឌីណា ជុំវិញតួនាទីរបស់ស្រ្តីក្នុងការពង្រឹង និងអភិវឌ្ឍសេដ្ឋកិច្ច។
Your browser doesn’t support HTML5
VOA៖ ហេតុអ្វីបានជាមានការពិភាក្សាដោយឡែកអំពីតួនាទីស្ត្រីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច? តើមានចំណុចអ្វីខ្លះដែលខុសពីការយកចិត្តទុកដាក់លើបុរស?
លោក ហេង ឌីណា៖ ជាមូលដ្ឋានកំណើនសេដ្ឋកិច្ចពឹងលើស្ថេរភាពនយោបាយ សេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ចំពោះធនធានមនុស្សនេះ ស្រ្តីមានពាក់កណ្តាលនៃធនធានមនុស្សរបស់កម្ពុជា ហើយក៏ដើរតួនាទីសំខាន់ដូចបុរសក្នុងការចូលរួមកម្លាំងសេដ្ឋកិច្ចតាមរយៈបញ្ញា ជំនាញ និងសមត្ថភាព ឬអាចច្រើនជាងបុរសនៅក្នុងវិស័យមួយចំនួន។ ប្រទេសមួយចំនួនធំ ជាពិសេសនៅតាមប្រទេសកំពុងអភវិឌ្ឍន៍មានឧបសគ្គច្រើន ដែលរារាំងដល់ឱកាស និងការចូលរួមរបស់ស្ត្រីឲ្យបានពេញលេញ ដូចជារបាំងសាសនា ឬកង្វះសេវាសាធារណៈសម្រាប់ស្ត្រីដែលមានធម្មជាតិខ្លះខុសពីបុរស។ នៅកម្ពុជាយើងក៏មានឧបសគ្គមួយចំនួនសម្រាប់ស្ត្រីដែរដូចជា អំពើហិង្សាក្នុងគ្រួសារ សម្ពាធគ្រួសារ និងទសន្សនៈចាស់គំរិលមួយចំនួនជាដើម។
បទពិសោធន៍បណ្តាប្រទេសជោគជ័យជាច្រើនបានបង្ហាញថា ការពង្រឹងឲ្យមានការចូលរួមពីស្ត្រីដ៏ពេញលេញអាចជួយជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្របានច្រើន។ អ្វីដែលសំខាន់ទាក់ទងនឹងបរិបទប្រទេសកម្ពុជាយើងនោះ គឺតួនាទីស្រ្តីក្នុងគ្រួសារ ដូចជាចាត់ចែងចំណាយសម្រាប់ម្ហូបអាហារ ការអប់រំកូនចៅ សុខភាព និងសុខមាលភាពគ្រួសារ ដែលទាំងនេះជាធាតុដ៏សំខាន់សម្រាប់អនាគតគ្រួសារ សង្គម និងសក្តានុពលសេដ្ឋកិច្ចនៃប្រទេសទាំងមូល។ ក្នុងន័យនេះ ដើម្បីពង្រឹងគ្រួសារ យើងចាំបាច់ត្រូវពង្រឹងសម្ថភាព និងឱកាស និងការចូលរួមរបស់ស្រ្តីក្នុងសកម្មភាពសេដ្ឋកិច្ច។
VOA៖ បើធៀបនឹង១០ឆ្នាំមុន តើឱកាសចូលរួមបង្កើនសេដ្ឋកិច្ចរបស់ស្ត្រីបានវិវត្តន៍ដល់កម្រិតណាហើយ?
លោក ហេង ឌីណា៖ ជារូបភាពរួម យើងឃើញមានការចូលរួមរបស់ស្រ្តីច្រើនជាងមុននៅក្នុងសកម្មភាពសេដ្ឋកិច្ចកម្ពុជា។ អត្រាចូលរួមការងាររបស់ស្ត្រីអាយុចន្លោះពី១៥ ទៅ៦៤ឆ្នាំ បានកើនដល់៧៨កណ្តក់សញ្ញា៧ភាគរយនៅឆ្នាំ២០១២ បើធៀបនឹង៩០ភាគរយនៃចំនួនបុរស។បច្ចុប្បន្ន ស្ត្រីកម្ពុជាកំពុងដើរតួនាទីទ្រទ្រង់វិស័យកាត់ដេរ ទេសចរណ៍ សេវាកម្ម កសិកម្ម និងអាជីវកម្មខ្នាតតូច ក៏ដូចជាចំណាកស្រុកទៅក្រៅប្រទេស ។
ក្នុងនោះ៥០ភាគរយធ្វើការពាក់ព័ន្ធនឹងកសិកម្ម ២០ភាគរយទាក់ទងនឹងសេវាកម្មដូចជាទេសចរណ៍ ភោជនីយដ្ឋាន និងកំសាន្ត និង២០ភាគរយទៀតទាក់ទងនឹងឧស្សាហកម្ម ដែលមានវិស័យកាត់ដេរជាចម្បង។ សូមជម្រាបថា ៩០ភាគរយនៃបុគ្គលិកក្នុងវិស័យវាយនភ័ណ្ឌនេះជាស្រ្តី។ ស្របពេលជាមួយគ្នានេះ ក្នុងចំណោមស្ត្រីដែលចំណាកស្រុកដើម្បីស្វែងរកការងារ ៦០ភាគរយចំណាកមកភ្នំពេញ ៣០ភាគរយ ទៅបរទេសដូចជា ម៉ាឡេស៊ី និងថៃ និង១០ភាគរយទៀតទៅខេត្តដទៃ។ ឱកាសសេដ្ឋកិច្ច និងការងារទាំងនេះអាចផ្តល់កម្រៃ និងលទ្ធភាពមួយកម្រិត ដែលស្ត្រីអាចជួយទ្រទ្រង់គ្រួសាររបស់ខ្លួន។
ទោះបីជាយ៉ាងណាក្តី មានឧបសគ្គជាច្រើនទៀតដែលស្ត្រីត្រូវប្រឈម។ ជាឧទាហរណ៍ ៧០ភាគរយនៃស្រ្តីស្ថិតនៅក្នុងការងារដែលងាយរងគ្រោះថ្នាក់ ពោលគឺ ការងារគ្រួសារដែលគ្មានប្រាក់កម្រៃច្បាស់លាស់ ការងារផ្ទាល់ខ្លួនដូចជា ធ្វើការនៅតាមផ្ទះ និងការងារមួយចំនួនទៀតដែលពុំមានប្រាក់បៀរវត្សរ៍ ឬស្តង់ដារ ឬសុខមាលភាពសមរម្យច្បាស់លាស់។ លើសពីនេះ ការទទួលបានប្រាក់ចំណូល និងការចូលរួមនៅក្នុងវិស័យទាំងនេះនៅមានកម្រិតមួយផ្នែកធំ ដោយសារកម្រិតនៃជំនាញ ឬស្ថានភាពនៃការងារ។ សូមជម្រាបថា តាមរបាយការណ៍អង្កេតផ្លូវការ ៨០ភាគរយនៃស្ត្រីដែលធ្វើការមានកម្រិតអប់រំខ្ពស់បំផុតត្រឹមតែថ្នាក់ទី៦នៅបឋមសិក្សាតែប៉ុណ្ណោះ។
បន្ថែមលើនេះ វិស័យធំៗទំាងនេះ ពោលគឺវិស័យកាត់ដេរ ទេសចរណ៍អាចមានភាពរង្គោះរង្គើ និងងាយទទួលរងឥទ្ធិពល ដោយសារកត្តាសេដ្ឋកិច្ចខាងក្រៅ។ កម្ពុជាកំពុងមានទំនោរចំណាកស្រុកដើម្បីស្វែងរកការងារខ្ពស់ ដោយសារទីមួយ កម្ពុជាមានយុវជនច្រើន អាយុជាមធ្យម២១ឆ្នាំ ហើយ៧០ភាគរយមានអាយុក្រោម៣០ឆ្នាំ។ ហើយទីពីរ ដោយសារកង្វះការងារតាមបណ្តាខេត្តមួយចំនួន ជាពិសេស នៅរដូវប្រាំង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ទោះបីជាមធ្យមស្ត្រីមានចំណូលទាបជាងបុរស ប៉ុនែ្តពួកគាត់ផ្ញើរលុយមកផ្ទះច្រើនជាងបុរស។
ស្ត្រីមានចំណូលទាបជាងបុរសដោយសារធ្វើការនៅតាមផ្ទះ និងការងារមួយចំនួនទៀតដែលពុំមានប្រាក់បៀរវត្សរ៍ ឬសុខមាលភាពសមរម្យច្បាស់លាស់។ ចំពោះវិស័យសាធារណៈ យើងឃើញថាបុគ្គលិករាជការជាស្រ្តីមាន១ភាគបី ហើយមានតែ១៨ភាគរយប៉ុណ្ណោះនៃស្ត្រីមានឋានៈជាអគ្គនាយកឡើងលើ។
VOA៖ ច៎ាស ការស្រាវជ្រាវជាច្រើនតែងតែលើកឡើងថា កត្តាទំនៀមទម្លាប់ប្រពៃណី និងជំនឿបែបបុរាណដែលថាស្ត្រីវិលចង្ក្រានមិនជុំជាកត្តាប្រឈមរបស់ស្ត្រីក្នុងការទទួលបានឱកាសការងារ។ នាងខ្ញុំឆ្ងល់ថា តើរហូតមកដល់ពេលនេះ កត្តាទំនៀមទម្លាប់ប្រពៃណី និងជំនឿបែបបុរាណនេះនៅតែជាកត្តាប្រឈមដល់កម្រិតណា?
លោក ហេង ឌីណា៖ ទោះបីជាមានកម្រិតទាបជាងមុនក៏ដោយ ស្រ្តីកម្ពុជានៅតែជួបឧបសគ្គមួយចំនួនសម្រាប់ការអប់រំ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច។ ស្ត្រីនៅតែប្រឈមនឹងទំនៀមទម្លាប់ចាស់គំរិលក្នុងគ្រួសារខ្លះ ដែលរារាំងដល់ការស្វែងរកការងារ និងបន្តការសិក្សា ដូចជា សម្ពាធឲ្យមានគូរស្រករ និងការបង្ខំឲ្យរៀបការជាដើម។ ក្រៅពីនេះ ស្ត្រីអាចជួបហានិភ័យច្រើនជាងបុរស ដូចជា ការឈប់រៀនដោយជីវភាពគ្រួសារ កាលៈទេសៈដែលត្រូវជួយការងារផ្ទះ ហានិភ័យពេលមានផ្ទៃពោះ និងសម្រាលកូនជាដើម។ ជាសំណាង ស្រ្តីកម្ពុជាយើងពុំជួបរបាំងជាតិសាសន៍ ឬសាសនា ដូចបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននោះទេ។
អ្វីដែលជាឧបសគ្គចម្បងគឺការយល់ដឹងរបស់ឪពុកម្តាយ និងការទទួលបានការអប់រំឲ្យបានត្រឹមត្រូវ។ ការកែប្រែទស្សនៈចំពោះកូនស្រី ការលើកកម្ពស់ការយល់ដឹងរបស់ឪពុកម្តាយអំពីសក្តានុពលកូនស្រីក៏ដូចជាកូនប្រុស និងការពង្រឹងវិស័យអប់រំសាធារណៈអាចជួយរំដោះឧបសគ្គទាំងនេះបាន។ ខ្ញុំគិតថា ភាពក្រីក្រ កង្វះខាតធនធានដើម្បីបញ្ជូនកូនទៅរៀនជារបាំងចម្បង ដោយសារកម្ពុជាគ្មានរបាំងសាសនា។
VOA៖ ច៎ាស ខ្ញុំក៏យល់ឃើញថា កមិ្រតការអប់រំរបស់ឪពុកម្តាយ និងស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់គឺជាកត្តាមួយ ដែលមានឥទ្ធិពលលើការអប់រំ និងការរីកលូតលាស់របស់ស្ត្រីក្នុងសង្គម។ លោក ឌីណា បើសិនជាយើងសម្លឹងមើលលើតួនាទីជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ចវិញ មកដល់ពេលនេះតើមានការផ្លាស់ប្តូរដែរឬទេ? ហើយតើការផ្លាស់ប្តូរនេះមានលទ្ធផលយ៉ាងដូចម្តេចដែរ?
លោក ហេង ឌីណា៖ ៦៥ភាគរយនៃអាជីវកម្មខ្នាតតូចគឺឋិតនៅក្រោមកម្មសិទ្ធិរបស់ស្ត្រី ដែលភាគច្រើនមានបុគ្គលិកតិចជាងបួននាក់ ជាពិសេស ក្នុងវិស័យលក់ដុំ និងរាយ និងខាងម្ហូបអាហារ។ ប៉ុន្តែ ប្រាក់ចំណូលជាមធ្យមរបស់ស្ត្រីមានចំនួនតិចជាងបុរស២០ភាគរយ។ យើងឃើញមានតួនាទីរបស់ស្រ្តីដ៏សំខាន់ក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យពាណិជ្ជកម្ម និងសាធារណៈ។ មានស្ត្រីកម្ពុជាដែលដឹកនាំសហគ្រាសឆ្នើម និងធំៗមួយចំនួនដែរ។ ហើយមានស្ត្រីច្រើន ដែលជាសសរទ្រទ្រង់ និងស្ថិតនៅពីក្រោយខ្នងនៃជោគជ័យខាងពាណិជ្ជកម្មធំដែលដឹកនាំដោយបុរស។
មានស្រ្តីជាច្រើនដែលទទួលបានជោគជ័យក្នុងការសិក្សា ហើយឧទាហរណ៍ទំាងនេះទោះបីជាមានកម្រិត ក៏អាចផ្តល់ជាគំរូដល់ស្ត្រីដទៃទៀតក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច និងការបំបាត់គំនិតចាស់គំរិលលើស្រ្តី។ សូមជម្រាបថា ការដឹកនាំ និងជោគជ័យរបស់ស្រ្តីខ្មែរនៅក្នុងវិស័យខ្លះមិនត្រឹមតែជួយបង្កើនសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងអាចជួយជំរុញការងើបឡើងនៅផលិតផលវប្បធម៌ខ្មែរ ដូចជា តម្បាញ សូត្យ ហូល និងផាមួងខែ្មរជាដើម។ តាមការអង្កេតតាមបណ្តាប្រទេសជាច្រើន ស្ត្រីប្រើជាង៨០-៩០ភាគរយនៃចំណូលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយមានតួនាទីសំខាន់ក្នុងការចាត់ចែង និងមើលការខុសត្រូវលើសុខមាលភាពរបស់គ្រួសារតាមរយៈម្ហូបអាហារ និងការអប់រំកូន។
ហេតុដូចនេះ ការពង្រឹងតួនាទី និងការចូលរួមរបស់ស្រ្តីតាមរយៈការផ្តល់ឱកាសអប់រំ ជំនាញ និងការយល់ដឹង អាចជួយឲ្យស្រ្តីមានចំណូលច្រើនសម្រាប់ការចំណាយលើគ្រួសារ និងការចាត់ចែងក្នុងគ្រួសារ ដូចជាម្ហូបអាហារ ការអប់រំ និងផ្ទះសម្បែង ដែលទាំងនេះជាផ្នែកដ៏សំខាន់សម្រាប់កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ ខ្មែរជាពង្សសាវតាមួយ ដែលស្រ្តីធ្លាប់ដើរតួនាទីដ៏សំខាន់ដូចបុរសដែរ។ ដូចនេះ ខ្ញុំសង្ឃឹមយើងអាចឃើញស្ត្រីជំនាន់ថ្មី ជាពិសេស ស្ត្រីដែលកើតក្រោយសង្គ្រាមកំពុងបង្កើន និងដើរតួនាទីសំខាន់។
VOA៖ ក្រៅពីការអប់រំ តើអ្វីទៅអាចជាវិធីសាស្ត្រក្នុងការពង្រឹងតួនាទីរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាយើងឲ្យកាន់តែប្រសើរឡើង?
លោក ហេង ឌីណា៖ គោលនយោបាយដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រី រួមមានការផ្តល់វគ្គបំពាក់បំប៉នសម្រាប់ជំនាញវិជ្ជាជីវៈដល់ស្រ្តីឲ្យត្រូវទៅនឹងតម្រូវការទីផ្សារ សម្រាប់ចាប់យកតម្លៃបន្ថែមក្នុងខ្សែចង្វាក់ផលិតកម្ម ការហ្វឹកហ្វឺន ដែលជួយស្ត្រីឲ្យមានសមត្ថភាពដឹកនាំពាជីវកម្មខ្នាតតូច នឹងធំ និងក្រៅផ្លូវការ។
ការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់អនុវត្តច្បាប់ដែលពាក់ព័ន្ធ និងសុខមាលភាពរបស់ស្រ្តីក្នុង និងក្រៅស្រុក ដូចជា ការអនុញ្ញាតឲ្យស្រ្តីឈប់សម្រាកបានត្រឹមត្រូវពេលមានគក៌ និងសម្រាលកូន។ ការពង្រឹង ការទប់ស្កាត់ និងការដាក់ពិន័យលើការរើសអើងបំពានលើស្ត្រីនៅកន្លែងធ្វើការ ការផ្តល់សេវាសុខភាព និងតម្រូវការរបស់សិស្សស្រី ដូចជាសាលារៀនត្រូវមានបង្គន់ត្រឹមត្រូវ និងមានអនាម័យសម្រាប់សិស្សស្រី។ វិធានការទាំងនេះអាចជួយឲ្យមានការចូលរួមរបស់ស្រ្តីឲ្យកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច៕