ទិវា​នារី​អន្តរជាតិ​ឆ្នាំ​នេះ កត់សម្គាល់​នូវ​ការលំបាក​កាន់តែ​ខ្លាំង​សម្រាប់​ស្ត្រី

កម្មការិនី​ធ្វើការ​នៅ​ឡឥដ្ឋ​នៅ​ជាយក្រុងAmritsar នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ មួយថ្ងៃ​មុន​ថ្ងៃទិវា​នារី​អន្តរជាតិ។

អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មកហើយ​ដែល​ទិវា​នារី​អន្តរជាតិ ​បាន​ត្រូវ​គេប្រារព្ធដើម្បី​រំឭក​ដល់​សមិទ្ធិផលនានា​របស់​ស្ត្រី​ទូទាំង​សាកលលោក។

ក៏ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ការ​បាត់បង់​ការងារ​ជា​ច្រើន​ និង​ការ​កើន​ឡើង​នូវ​បន្ទុក​នៃ​ការ​ថែទាំ​នៅ​ឯ​ផ្ទះ ស្ត្រី​បាន​ជួប​បញ្ហា​ខាង​សេដ្ឋកិច្ច​អាក្រក់​ជាង​បុរស។​

តាម​ទិន្នន័យ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ​របស់​អង្គការ​សហ​ប្រជាជាតិ​បង្ហាញ​ថា ស្ត្រី​ទូទាំង​សាកលលោក បានបាត់បង់​ការងារដោយ​សារការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ ​ច្រើនជាង​បុរស។ ស្ត្រី​ប្រហែល​ ៥%​ បាន​បាត់បង់​ការងារ​នៅ​ឆ្នាំ​២០២០ ដោយ​សារ​ការ​បាត់បង់​ការងារ​ ឬត្រូវ​គេ​កាត់​បន្ថយ​ម៉ោង​ធ្វើការ​បើ​ប្រៀបធៀបនឹង​បុរស​ដែល​មាន​តែ ៣,៩%។

ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​នេះ អង្គការ​សហប្រជាជាតិ​ បាន​លាត​ត្រដាង​ពី​ភាព​ខុស​គ្នារវាង​ការរង​ផល​ប៉ះពាល់របស់​ស្ត្រី​ដោយ​សារ​វិបត្តិ​នេះ​ ​បើ​ប្រៀបធៀប​ជាមួយ​បុរស។

បើ​តាម​អង្គការ​ស្ត្រី​នៃ​អង្គការសហប្រជាជាតិ (UN Women) ៥៨% ​នៃ​ស្ត្រីដែល​ធ្វើ​ការ​នៅ​ទូទាំង​សាកលលោក​ គឺ​ធ្វើ​«ក្នុង​ការងារ​ក្រៅ​ផ្លូវការ»​ឬ​ការងារ​ដែល​មិន​មាន​ច្បាប់​គ្រប់គ្រង ​ហើយ​ជា​រឿយៗ​មិនមាន​ពន្ធដារ​ ឬ​ការ​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ។ ស្ត្រីកាន់តែ​ច្រើន​ឡើងទំនង​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំងជាង​គេ​ដោយ​ការ​រាតត្បាត​ជំងឺ ដូចជា​វិស័យ​ទេសចរណ៍​ និងបដិសណ្ឋារកិច្ច​និង​ការ​ថែទាំ​កូនក្មេង៕