ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភពលោក​នឹង​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី១០៨នៅ​ថ្ងៃ​សុក្រ​ស្អែក


រូបឯកសារ៖ ស្រ្តីនៅប្រទេសទុយណេស៊ីធ្វើបាតុកម្មទាមទារសិទ្ធិស្មើគ្នាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។
រូបឯកសារ៖ ស្រ្តីនៅប្រទេសទុយណេស៊ីធ្វើបាតុកម្មទាមទារសិទ្ធិស្មើគ្នាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨។

នៅ​ក្នុង​ឆ្នាំ ២០១១ អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ឈាន​មួយ​ជំហាន​បន្ថែម​ពី​នេះ​ទៀត ដោយ​ប្រកាស​ទទួល​ស្គាល់​ខែ​មិនា​ថា​ជា​ខែ​ប្រវត្តិសាស្ត្រ​របស់​ស្ត្រី។

អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​កំពុង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

ទិវា​នារី​អន្តរជាតិ​គឺ​ជា​ការ​ប្រារព្ធ​ជាង១០០ឆ្នាំ នៃ​ជោគជ័យ​របស់​ស្ត្រី​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ក៏​ជា​ការ​អំពាវនាវ​ឲ្យ​មាន​សមភាព​យេនឌ័រ​ផង​ដែរ។

ទិវា​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​មិនា ជា​រៀងរាល់​ឆ្នាំ និង​ជា​ទិវា​មួយ​ដែល​គ្រប់​ស្ថាប័ន​អង្គភាព​ទាំង​អស់​ចូលរួម​ប្រារព្ធ ដែល​ក្នុង​នោះ​មាន​តាំង​ពី​រដ្ឋាភិបាល អង្គការ​ស្ត្រី ក្រុមហ៊ុន​អាជីវកម្ម និង​អង្គការ​សប្បុរសធម៌​ជា​ដើម។ នៅ​តាម​ទីក្រុង​នានា​នៅ​ជុំវិញ​ពិភពលោក ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​ការ​ជួបជុំ​គ្នា ការ​ធ្វើ​សន្និសីទ ការ​រៀបចំ​គម្រោង​សិល្បៈ​វប្បធម៌ និង​ការ​ធ្វើ​បាឋកថា​ជា​ដើម។

ប្រវត្តិ​នៃ​ទិវា​នេះ​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ ១៩០៨ នៅ​ពេល​ដែល​កម្មករ​កាត់ដេរ​ជា​ស្ត្រី​ប្រហែល ១ម៉ឺន៥ពាន់​នាក់ ​ធ្វើ​កូដកម្ម​ដើរ​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​មាន​ម៉ោង​ធ្វើ​ការ​តិច ប្រាក់​ខែ​ប្រសើរ​ជាង​មុន និង​សិទ្ធិ​បោះ​ឆ្នោត។ នៅ​ក្នុង​ឆ្នាំ ១៩១០ ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ Clara Zetkin បាន​ស្នើ​ឲ្យ​មាន​ការ​ប្រកាស​ទិវា​នារី​នៅ​ឯ​សន្និសីទ​អន្តរជាតិ​មួយ ដែល​មាន​ការ​ចូលរួម​ពី​ស្ត្រី ១០០ នាក់។ គំនិត​នេះ​ត្រូវ​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ។

នៅ​ក្នុង​ឆ្នាំ ១៩១១ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​អូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និង​ស្វីស។ ស្ត្រី និង​បុរស​ជាង១លាន​នាក់ បាន​ចូលរួម​ការ​តវ៉ា​គាំទ្រ​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​ធ្វើ​ការ មាន​សិទ្ធិ​បោះ​ឆ្នោត មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ និង​មាន​សិទ្ធិ​កាន់​តំណែង​សាធារណៈ។

អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ទិវា​នារី​អន្តរជាតិ​នេះ​ជា​ផ្លូវការ​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ ១៩៧៥។ នៅ​ក្នុង​ឆ្នាំ ២០១១ អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama ឈាន​មួយ​ជំហាន​បន្ថែម​ពី​នេះ​ទៀត ដោយ​ប្រកាស​ទទួល​ស្គាល់​ខែ​មិនា​ថា​ជា​ខែ​ប្រវត្តិសាស្ត្រ​របស់​ស្ត្រី៕

XS
SM
MD
LG