ក្រសួង​មហាផ្ទៃ​ត្រៀម​ផ្ទៀងផ្ទាត់​ស្នាម​មេដៃ​ពលរដ្ឋ​ក្នុង​ញត្តិ​បក្ស​ប្រឆាំង

រូបឯកសារ៖ លោកឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Anders Ygeman រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​ស៊ុយអ៊ែត នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអ៊ែត កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។

លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​លើ​ស្នាម​មេ​ដៃ​ប្រជាពលរដ្ឋ​នៅ​លើ​ញត្តិ​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។

ខណៈ​ដែល​គណបក្ស​ប្រឆាំង​កំពុង​បន្ត​ស្វែងរក​ស្នាម​មេដៃ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ ប្រឆាំង​នឹង​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ ​និង​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​ និង​បញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​រដ្ឋ​ ដើម្បី​គំរាមកំហែង​សង្គម​ស៊ីវិល​ និង​គណ​បក្ស​ប្រឆាំង​រដ្ឋាភិបាល​បាន​ត្រៀម​ចាត់​វិធានការ​ពិនិត្យ​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ។

​លោក​ ស​ ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​លើ​ស្នាម​មេ​ដៃ​ប្រជាពលរដ្ឋ​នៅ​លើ​ញត្តិ​របស់​គណបក្ស​ប្រឆាំង ដែល​បាន​ថ្វាយ​ជូន​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។

ការ​សម្រេច​បង្កើត​គណៈកម្មការ​នេះ​ កើត​ឡើង​បន្ទាប់​ពី​លោក​ ស៊ូ​ ភិរិន្ទ​ រដ្ឋលេខាធិការនៃ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​ផ្ញើ​លិខិត​ជម្រាប​លោក​ ស​ ខេង​ កាល​ពី​ថ្ងៃទី​៣១​ ខែ​ឧសភា​ ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ទទួល​ព្រះ​រាជ​សារលិខិត​ របស់​ព្រះមហាក្សត្រ​ខ្មែរ អំពី​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ប្រមាណ​១៧៣.១៤៤នាក់​ ដែល​បាន​ទូល​ស្នើ​សុំ​ព្រះ​រាជ​អន្តរាគមន៍​ពី​ទ្រង់។

អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ​រាប់រយនាក់​ប្រមូល​ផ្ដុំ​គ្នា​មក​ផ្តិត​មេដៃ​នៅ​ទី​ស្នាក់ការ​កណ្ដាល​គណបក្ស​សង្រ្គោះជាតិ​នៅថ្ងៃ​ព្រហស្បតិ៍ ​ទី​២​ ខែមិថុនា ឆ្នាំ២០១៦។

លិខិត​របស់​លោក​ ស៊ូ​ ភិរិន្ទ​ អតីត​អភិបាល​ខេត្ត​សៀមរាប បាន​ស្នើ​ឲ្យ​លោក​ ស ខេង​ ចាត់​មន្ត្រី​លោក​ ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់ចត់​បំផុត​ ដើម្បី​ចៀសវាង​ការ​ប្រើ​ប្រាស់​ស្នាម​មេ​ដៃ​បោក​ប្រាស់​ទាំង​ប្រជាជន​ និង​ ជា​ពិសេស​បោក​ទាំង​ព្រះ​មហា​ក្សត្រ។

​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ស​ ខេង​ បាន​បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ចុះ​ថ្ងៃ​ទី២ ​ខែ​មិថុនា​នេះ​ថា​ គណៈកម្មការ​ដែល​ក្រសួង​មហាផ្ទៃ​សម្រេច​បង្កើត​នឹង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ស្រាវជ្រាវ​ផ្ទាល់​ពី​ប្រជា​ពលរដ្ឋ​ដែល​បាន​ផ្តិត​មេដៃ​ និង​ចាត់​វិធានការ​ជំនាញ​ផ្សេង​ទៀត​តាម​នីតិវិធី ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ។​

លោក​ ស​ ខេង​ បាន​បន្ត​ថា​ គណៈកម្មការ​ដែល​បាន​បង្កើត​ឡើង​នេះ​ មាន​សិទ្ធិ​បង្កើត​អនុ​គណៈកម្មការ​តាម​រាជធានី-ខេត្ត​ ដើម្បី​ជា​ជំនួយការ​ ដែល​មាន​អភិបាល​រង​រាជធានី-ខេត្ត​មួយ​រូប​ជា​ប្រធាន​ស្នងការ​នគរបាល​រាជធានី-ខេត្ត​ ជា​អនុ​ប្រធាន​ និង​មាន​សមាជិក​តាម​តម្រូវ​ការ​ចាំ​បាច់។ លោក​ ស​ ខេង​ ក៏​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​នេះ​ នូវ​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ។

ការ​ប្រកាស​បង្កើត​គណៈកម្មការ​ស្វែងរក​ការណ៍​ពិត​នៃ​ស្នាម​មេដៃ​នេះ​កើត​មាន​ឡើង នៅ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​ប្រមូល​យក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​អ្នកតំណាងរាស្ត្រ​ ខណៈ​ដែល​អនុប្រធាន​គណបក្ស​ប្រឆាំង​លោក កឹម សុខា​ កំពុង​ប្រឈម​មុខ​នឹង​ការ​កោះ​ហៅ​ពី​ស្ថាប័ន​តុលាការ។

កម្រង​រូបភាព៖ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ផ្តិត​មេដៃ ដើម្បី​ដាក់​ញត្តិ​ទៅ​ព្រះមហាក្សត្រ

​លោក​ កឹម សុខា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ថា ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើ​សញ្ចរកម្ម។​ លោក​ក៏​រង​បណ្តឹង​បរិហារកេរ្តិ៍​របស់​នាង​ ធី​ សុវណ្ណថា ​ដែល​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ចំនួន​១​លាន​ដុល្លារ​អាមេរិក។​ បណ្តឹង​នេះ​មាន​ដើម​ចម​ចេញ​ពី​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​ កឹម សុខា​ ដែល​គេ​សង្ស័យ​ថា​ លោក​មាន​ជាមួយ​នាង​ ខុម​ ចាន់តារ៉ាទី​ ហៅ​ស្រីមុំ​ ដែល​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ចំនួន​៣០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ VOA ​ថា​ ក្រសួង​មហាផ្ទៃ គួរ​យក​ពេល​គិត​ពី​បញ្ហា​ជាតិ​សំខាន់ៗ​ ដូចជា​បញ្ហា​ជនអន្តោប្រវេសន៍ ព្រំដែន​ និង​អំពើ​អយុត្តិធម៌​សង្គម​ជាដើម​ ជា​ជាង​ការ​ចំណាយ​ពេល​វេលា​លើ​ការ​ស្រាវជ្រាវ​ញត្តិ​នេះ។

លោក​ យឹម សុវណ្ណ ថ្លែង​ថា៖

«ភាព​ក្រីក្រ​របស់​ប្រជារាស្ត្រ​ បញ្ហា​ព្រំដែន​ បញ្ហា​ជន​អន្តោប្រវេសន៍​ខុសច្បាប់​មក​រស់​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ឃើញ​ដោះ​ស្រាយ​បាន​ប៉ុន្មាន​នាក់​ ហើយ​និង​បញ្ហា​ពុករលួយ​ បញ្ហា​អី​ទាំង​អស់​ហ្នឹង​ អំពើ​អយុត្តិធម៌​សង្គម​ ដីធ្លី​ប្រជា​ពលរដ្ឋ​ រឿង​ស្អី​ទាំង​អស់។​ បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​អី​ហ្នឹង​ វា​នៅ​ច្រើន​ណាស់​ ដែល​យើង​ត្រូវ​គិត​ ​ហើយ​រឿង​នេះ​រវាង​ប្រជារាស្ត្រ​និង​ព្រះ​មហាក្សត្រ​ទេ»។

លោក​បាន​បន្ថែម​ថា ​ប្រជា​ពល​រដ្ឋ​អាច​មក​ផ្តល់​ស្នាម​មេដៃ​ខ្លួន​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ ឬ​ក៏​នៅ​ពី​មុខ​ព្រះ​បរម​រាជវាំង​ពេល​ណា​ក៏បាន​ដែរ​ដើម្បី​បញ្ជាក់​ឆន្ទៈ​របស់​ខ្លួន​ ប្រសិន​បើ​ក្រសួង​មហាផ្ទៃ​អនុញ្ញាត។

លោក​ថា​ ការ​ប្រមូល​ស្នាម​មេដៃ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ និង​ការ​រំលោភ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាងរាស្ត្រ​តែប៉ុណ្ណោះ។

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​ យឹម សុវណ្ណ​ មិន​អាច​ឲ្យ​ដឹង​បាន​ទេ​ថា​ តើ​ចំនួន​ញត្តិ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ជូន​ដល់​គណបក្ស​ប្រឆាំង​ពេល​នេះ​ មាន​ប៉ុន្មាន​នោះ​ឡើយ​ តែ​លោក​ថា​ ញត្តិ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ជូន​នេះ​ គឺ​មិន​ទាន់​បាន​៥ភាគរយ​នៃ​ចំនួន​អ្នក​បោះឆ្នោត​ជិត​បី​លាន​នាក់​ ដែល​បាន​បោះ​ជូន​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៣។

VOA ​ព្យាយាម​ទាក់​ទង​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំ​ការ​អធិប្បាយ​អំពី​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ ប្រសិន​បើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ​បង្ហាញ​ថា​ មាន​ភាព​មិន​ប្រក្រតី​ចំពោះ​ការ​ប្រមូល​ស្នាម​មេ​ដៃ​នេះ​មែននោះ តែ​មិនទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យ៉ាង​ណា​ក៏​ដោយ​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​ លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ ប្រសិន​បើ​ការ​ស្រាវជ្រាវ​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រមូល​ស្នាមមេដៃ​នោះ​មែន​ នោះ​គណបក្ស​ប្រឆាំង​បាន​សាង​ចំណុច​អវិជ្ជមាន​ចំនួនពីរ គឺ​ទី​មួយ​ អ្វី​ដែល​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ក្នុង​ការ​ប្រមូល​ស្នាម​មេដៃ​ គឺជា​អំពើ​អសីលធម៌​ដែល​ភូត​កុហក​ព្រះ​មហាក្សត្រ​ និង​សាធារណជន។ ទីពីរ គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ចំពោះ​ការ​ក្លែង​បន្លំ​ឯកសារ។

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA ថា​ ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស្រាវជ្រាវ​រក​ខុសត្រូវ​ចំពោះ​ការ​ប្រមូល​មេដៃ​នេះ​ គឺ​ជា​ចេតនា​ចង់​សងសឹក​ពី​រដ្ឋ​អំណាច​កម្ពុជា​ ទៅ​លើ​គណបក្ស​ប្រឆាំង។​ លោក​ថា​ ការណ៍​នេះ​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាល់​តែ​សោះ។

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជាង​៥០០​នាក់​មក​ពី​រាជធានី​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ច័ន្ទ ​ទី​៣០​ ខែឧសភា​ ឆ្នាំ២០១៦​នេះ ​ដើម្បី​ហែរ​ញត្តិ​ទៅ​រដ្ឋសភា​ជាតិ​និង​ថ្វាយជូន​ព្រះ​មហាក្សត្រ​បន្ទាប់ពី​មាន​ករណីតុលាការ​តាមចាប់​ខ្លួន​លោក ​កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​ករណី​រឿង​អាស្រូវ​ផ្លូវភេទ​កន្លង​មក។ (ឡេង ឡែន​/VOA)

​លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ អានេះ​ជា​ផ្នែក​មួយ​ ដែល​ចំណាយ​លុយ​ ដែល​ពលរដ្ឋ​បាន​បង់​ពន្ធ​ មាន​ទាំង​ខ្ញុំ​ផង​ អ្នក​បង់​ពន្ធ​ហ្នឹង​ យក​ទៅ​ប្រើ​ទៅ​លើ​រឿង​អត់​ប្រយោជន៍ ដែល​អត់​បាន​គិត​ពី​រឿង​ជាតិ​ទេ​ ប៉ុន្តែ​យក​លុយ​ទៅ​ខ្ជះខ្ជាយ​ប្រើ​តែ​រឿង​ផ្ទាល់​ខ្លួន​ ដែល​គេ​គិត​ថា​ ជា​រឿង​ធំ​ហើយ​ខ្ញុំ​គិត​ថា​ នៅ​ក្នុង​រយៈ​ពេល​ ប្រាំ​ [ទៅ] ​ ប្រាំមួយ​ខែ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ ហាក់​ដូច​ជា​ មិន​បាន​ធ្វើ​ការ​កំណែទម្រង់​អី​ឲ្យ​បាន​លឿន​ទៅ​មុខ​ទេ​ ក្រៅ​ពី​រឿង​នៅ​ចាំ​តែ​សង​សឹក​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ទៅវិញ​ទៅ​មក»។

លោក មាស​ នី​ បាន​ចាត់​ទុក​ថា ​សកម្មភាព​ស្រាវជ្រាវ​រក​ស្នាម​មេដៃ​នេះ​ អាចជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​គំរាមកំហែង​ក្រុម​អ្នក​គំាទ្រ​គណបក្ស​ប្រឆាំង។​ លោក​បាន​បញ្ជាក់​បន្ត​ថា​ សកម្មភាព​នេះ​ក៏​អាច​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ថ្មី​មួយ​ទៀត​ ក្នុង​ការតាម​ចាប់​កំហុស​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។​ លោក​ក៏​បាន​ចោទ​ជា​សំណួរ​ថា​ តើ​រដ្ឋាភិបាល​នឹង​មាន​ការ​ទទួល​ខុសត្រូវ​យ៉ាង​ដូច​ម្តេច ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រសិន​បើ​ស្នាម​មេដៃ​ដែល​ទទួល​បាន​នោះ​ គឺ​ជា​ស្នាម​មេដៃ​ដែល​ផ្តល់​ឲ្យ​ដោយ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពិត​បា្រកដ​នោះ៕