លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានរិះគន់បន្តិចបន្តួចដល់ប្រទេសចិន ថ្វីបើលោកទទូចឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រនៅក្នុងប្រទេសសិង្ហបុរី។
ថ្លែងនៅឯសន្និសីទការពារប្រទេសប្រចាំឆ្នាំ Shangri la លោកនាយករដ្ឋមន្រ្តី Modi បានអំពាវនាវឲ្យតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិកក្រសោបយកការធ្វើនាវាចរណ៍ដោយសេរី អធិបតេយ្យភាព និងគោរពប្រទេសទាំងអស់ ដោយមិនគិតពីទំហំរបស់ប្រទេសទាំងនោះ។
លោកនាយករដ្ឋមន្រ្តីឥណ្ឌាបាននិយាយថា៖ «យើងនឹងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ដែលប្រទេសទាំងអស់ ទាំងតូចក្តីធំក្តី ត្រូវបានចាត់ទុកស្មើគ្នា។ យើងនឹងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីរក្សាសមុទ្រ លំហរអាកាសនិងផ្លូវអាកាសរបស់យើងសម្រាប់ធ្វើដំណើរដោយសេរី»។
ខណៈដែលអត្ថាធិប្បាយទាំងនោះមិនបាននិយាយចំៗពីប្រទេសចិន សុន្ទរកថារបស់នាយករដ្ឋមន្រ្តីឥណ្ឌា Modi បានត្រូវគេមើលឃើញថាសំដៅដល់ឥរិយាបទដ៏គគ្លើនកាន់តែកើនឡើងរបស់ចិនចំពោះប្រទេសតូចៗជិតខាងរបស់ខ្លួននៅក្នុងតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Modi ក៏បានរិះគន់សហរដ្ឋអាមេរិកដែរ។ លោកបានរិះគន់ពីគោលនយោបាយការពារទំនិញក្នុងស្រុករបស់អាមេរិកដែលសំដៅដល់ការយកពន្ធគយកាលពីពេលថ្មីៗនេះ ដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
លោកនាយករដ្ឋមន្រ្តីឥណ្ឌាក៏និយាយដែរថា ប្រទេសនានាត្រូវតែរក្សាការសន្យារបស់ខ្លួនដែលអាចនិយាយសំដៅដល់ការសម្រេចរបស់ប្រធានាធិបតីត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៕