នៅក្នុងហាងលក់គ្រឿងទេសមួយស្ថិតក្នុងទីក្រុងនៃរដ្ឋ Sikkim ភាគឦសាននៃប្រទេសឥណ្ឌា បុគ្គលិកហាងម្នាក់បានហែកក្រដាសពីគំនរកាសែតចាស់ៗនៅលើបញ្ជរគិតលុយ ដើម្បីខ្ចប់ទំនិញ។ ម្ចាស់ហាងម្នាក់ទៀតបានយកស្លឹកឈើធំមួយខ្ចប់សៀង ហើយបន្ទាប់មកបានចងព្យួរទំនិញទាំងនោះសម្រាប់អ្នកទិញនៅក្នុងផ្សារក្នុងស្រុកមួយ។
រដ្ឋ Sikkim ដែលលាតសន្ធឹងនៅលើជម្រាលភ្នំហិមាល័យ បានជំនួសថង់ប្លាសស្ទិកដោយថង់ក្រដាស ឬធ្វើពីក្រណាត់ ឬស្លឹកឈើតាំងពីមុនពេលដែលអ្នកបរិស្ថានបានលើកឡើងអំពីផលប៉ះពាល់ក្នុងទីក្រុងនិងមហាសមុទ្រនានាដោយថង់ប្លាស្ទិក។ រដ្ឋនេះបានដាក់បម្រាមហាមប្រើប្រាស់ថង់ប្លាស្ទិកបន្ទាប់ពីមានការបាក់ដីដ៏ធំមួយនៅឆ្នាំ ១៩៩៨ ដែលនៅពេលនោះ ក្រុមអ្នកជំនាញបានបារម្ភថា គ្រោះមហន្តរាយនោះបង្កឡើងដោយសារតែផ្លូវទឹកកកស្ទះដោយសំរាមប្លាស្ទិក ធ្វើមិនឲ្យទឹកភ្លៀងហូរបាន។
ប្រទេសឥណ្ឌានឹងប្រកាសនៅខែតុលានេះនូវការជំរុញឲ្យលុបបំបាត់មិនឲ្យប្រើថង់ប្លាស្ទិកដែលប្រើហើយបោះចោល នៅទូទាំងប្រទេស។ ប៉ុន្តែរដ្ឋដែលមានចំនួនប្រជាជនតិចជាងគេមួយនេះកំពុងត្រូវបានគេសរសើរចំពោះការចាប់ផ្ដើមប្រយុទ្ធប្រឆាំងនឹងការប្រើថង់ប្លាសស្ទិកកាលពី២០ឆ្នាំមុន។
វាត្រូវការចំណាយពេលច្រើនដើម្បីបង្រៀនរដ្ឋមួយឲ្យងាកចេញពីភាពងាយស្រួលនៃការប្រើប្រាស់ថង់ប្លាសស្ទិក ដែលត្រូវបានហាមឃាត់កាលពី២ទសវត្សរ៍កន្លងមក។
លោក Priyadarshinee Shrestha អ្នកដឹកនាំក្រុមនៅឯអង្គការមូលនិធិសត្វព្រៃពិភពលោក នៅក្នុងរដ្ឋ Sikkim បាននិយាយថា៖ «កាលពីដំបូងៗ មានការអនុវត្តច្បាប់បានយ៉ាងល្អ។ មានការផាកពិន័យអ្នកដែលប្រើថង់ប្លាស្ទិក»។ លោកក៏ជាអ្នកស្ម័គ្រចិត្តនៅអង្គការហិមាល័យគ្មានសំរាម (Zero Waste Himalaya) ដែលជាក្រុមលើកកម្ពស់ចីរភាពបរិស្ថានផងដែរ។
លោកបន្តថា៖ «រឿងនេះត្រូវបានគេនិយាយស្ទើរតែនៅគ្រប់វេទិកា ថាវាជាគំនិតផ្ដួចផ្ដើមបៃតងសម្រាប់រដ្ឋ Sikkim។ មនុស្សជាច្រើនបានដឹងអំពីបញ្ហានេះ»។
ការធ្វើយុទ្ធនាការអប់រំជាសាធារណៈឲ្យបានទូលំទូលាយក៏បានជួយឲ្យមនុស្សងាកចេញពីការប្រើប្រាស់ថង់ប្លាសស្ទិកផងដែរ។
អ្នកស្រី Prabha Sherpa អាយុ ៣៥ឆ្នាំ ជាអ្នកលក់ដូរម្នាក់បានរំឮកអំពីក្មេងៗសិស្សសាលាដែលត្រឡប់មកពីសាលារៀនវិញ ហើយបានពន្យល់ប្រាប់អ្នកស្រីអំពីអ្វីដែលពួកគេបានរៀននៅសាលា ពាក់ព័ន្ធនឹងផលអាក្រក់ដល់បរិស្ថានបង្កឡើងដោយប្លាស្ទិក ជាពិសេសនៅក្នុងរដ្ឋដែលស្ថិតនៅលើជម្រាលភ្នំហិមាល័យគ្មានកន្លែងកប់សំរាម។
អ្នកស្រីនិយាយថា៖ «យើងឈប់ប្រើប្លាស្ទិកទាំងរីករាយ ព្រោះយើងយល់ថាប្លាស្ទិកមិនល្អទេសម្រាប់យើងទេ»។ អ្នកស្រីបានបន្ថែមទៀតថា មនុស្សភាគច្រើនមានឆន្ទៈធ្វើតាមច្បាប់។
អ្នកដើរទិញទំនិញភាគច្រើនធ្វើដំណើរទៅផ្សារលក់បន្លែធំជាងគេនៅក្នុងទីក្រុងនេះ ដោយមានយួរថង់ធ្វើពីក្រណាត់សម្រាប់ដាក់ទំនិញ ហើយតូបលក់ទំនិញនានាដាក់លក់ថង់ដែលមានពណ៌ចម្រុះ។ នៅតាមហាងគេយកចានក្រដាស ស្លឹកឈើ ឬទ្រនាប់ច្នៃពីកាកអំពៅដាក់នំ និងសាំងវ៉ិចឲ្យភ្ញៀវ ជាជាងប្រើប្រាស់ប្លាស្ទិក។
អ្នកខ្លះជឿថា ដោយសារតែរដ្ឋ Sikkim មានចំនួនប្រជាជនតិច គឺត្រឹមតែ៦០ម៉ឺននាក់ប៉ុណ្ណោះ ហេតុដូច្នេះហើយបានជាគម្រោងផ្ដួចផ្ដើមនេះបានទទួលជោគជ័យ។
ការសិក្សានានាកាលពីឆ្នាំ ២០១៤ និងការស្ទង់មតិមួយកាលពីឆ្នាំ២០១៨ ដែលធ្វើឡើងដោយក្រុមបរិស្ថាន បានរកឃើញថា នៅទីក្រុង Gangtok និងក្រុងដទៃទៀតនៃរដ្ឋ Sikkim ថង់ប្លាស្ទិកត្រូវបានគេប្រើប្រាស់តិចតួចបំផុត ប៉ុន្តែការហាមប្រាមមិនឲ្យប្រើប្លាស្ទិកនេះមិនទទួលបានជោគជ័យនៅតំបន់ឆ្ងាយៗពីទីក្រុងនោះទេ។
បើទោះបីជារដ្ឋ Sikkim បាននាំមុខគេចាប់ផ្ដើមចេញហាមឃាត់ការប្រើថង់ប្លាស្ទិកដ៏ក៏ដោយ ក៏ការប្រយុទ្ធប្រឆាំងនេះហាក់ដូចនៅមិនទាន់ចប់នៅឡើយទេ។ ក្រៅពីថង់ប្លាស្ទិក ក៏នៅមានរបស់ផ្សេងៗទៀតធ្វើពីផ្លាស្ទិកដែរ ដែលបានហូរចូលយ៉ាងសន្សឹមៗមកក្នុងរដ្ឋនេះ ឧទាហរណ៍ដូចជាថង់ដាក់ទំនិញ ដែលមើលទៅហាក់ដូចជា ធ្វើពីក្រណាត់ ប៉ុន្តែតាមពិតវាផលិតពីប្លាស្ទិក។ ធុងសំរាមពោរពេញទៅដោយកញ្ចប់ប្លាស្ទិកសម្រាប់ខ្ចប់អាហារ ដូចជានំពុម្ព និងមី ដែលជាអាហារពេញនិយមសម្រាប់ពលរដ្ឋក្នុងតំបន់ ហើយទេសចររាប់ម៉ឺននាក់ដែលធ្វើដំណើរទៅរដ្ឋនៅតំបន់ភ្នំហិមាល័យនេះ បានបន្សល់ទុកនូវដបទឹកប្លាស្ទិកទទេរាប់ពាន់ដប។
លោក Rajendra Gurung ដែលជាប្រធានអង្គការ «ទេសចរធម្មជាតិនិងអភិរក្សសង្គម» នៅក្នុងរដ្ឋ Sikkim បានថ្លែងយ៉ាងដូច្នេះថា៖ «ប្លាស្ទិកមានគ្រប់ទីកន្លែង។ បញ្ហាសំខាន់គឺត្រង់ថា យើងត្រូវតែបញ្ឈប់វានៅកន្លែងចាប់ផ្ដើម ហើយត្រូវចាប់ផ្តើមប្រើរបស់សរីរាង្គមកវេចខ្ចប់ទំនិញវិញ ប៉ុន្តែយើងទាន់អាចធ្វើបាននៅឡើយទេ»។
សហគមន៍ខ្លះកំពុងចាត់វិធានការ។ នៅភូមិ Lachen ដែលជាភូមិភ្ជាប់ទៅបឹងដែលស្ថិតនៅរយៈកម្ពស់ខ្ពស់មួយគួរឲ្យទាក់ទាញនោះ អ្នកទេសចរត្រូវបានហាមមិនឲ្យយកដបទឹកប្លាស្ទិកទៅជាមួយ ឬត្រូវបានហាមឃាត់មិនឲ្យចោលសំរាមធ្វើពីប្លាស្ទិក ហើយសារ (ណែនាំ) ត្រូវបានគេផ្សព្វផ្សាយតាមរយៈអ្នកបើកតាក់ស៊ី ដែលដឹកអ្នកទេសចរចូលទៅតំបន់នោះ។ គំនិតផ្ដួចផ្ដើមដែលជំរុញដោយសហគមន៍នេះគឺចេញពីលទ្ធផលនៃយុទ្ធនាការសម្អាតមួយ ដែលរៀបចំឡើងដោយក្រុមអ្នកស្ម័គ្រចិត្តជាច្រើនក្រុម។
រដ្ឋាភិបាលក៏បានធ្វើជាឧទាហរណ៍ផងដែរកាលពីពេលថ្មីៗនេះ ដោយបានដាក់ទឹកច្រកក្នុងដបសម្រាប់បុគ្គលិក ឬអ្នកទស្សនា (ភ្ញៀវទេសចរ) ដោយប្រើដបអាចប្រើប្រាស់ឡើងវិញបាន ដែលទឹកត្រូវបានចម្រោះនៅតាមការិយាល័យរបស់ពួកគេ។ រដ្ឋាភិបាលក៏បានសន្យាថានឹងអនុវត្តការហាមឃាត់នេះយ៉ាងទូលំទូលាយ និងកាន់តែតឹងរ៉ឹងជាងមុន ដែលត្រូវបានប្រកាសនៅលើរបស់ធ្វើពីប្លាស្ទិកដែលប្រើតែម្តងហើយត្រូវបោះចោល ដូចជាចានប្លាស្ទិក ស្លាបព្រា និងសមជាដើម៕
ប្រែសម្រួលដោយ នៀម ឆេង