ឥណ្ឌា​អំពាវនាវ​សារ​ជា​ថ្មី​ឱ្យ​ប៉ាគីស្ថាន​ចាត់​វិធានការ​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ

  • VOA Khmer

រូបឯកសារ៖ អ្នក​បើក​យន្ត​ហោះ​ឥណ្ឌា bhinandan ឈរ​នៅ​ជិត​កង​កម្លាំង​ព្រំដែន​ប៉ាគីស្ថាន​និង​ឥណ្ឌា​ កាល​ពី​ថ្ងៃទី​១ មីនា ២០១៩។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​បាន​ដក​ថយរៀងៗ​ខ្លួន​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​គ្រោះថ្នាក់​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ រដ្ឋាភិបាល​ក្រុង​ញូដេលី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​នានា ​ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្ដែង​ក្ដី​មន្ទិល​អំពី​ការ​បង្ក្រាប​មួយ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ទៅ​លើ​ក្រុម​បែប​នោះ​ក៏​ដោយ។

​រដ្ឋាភិបាលប៉ាគីស្ថាន​បាន​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា​ ប៉ាគីស្ថាន​បាន​ឃុំ​ខ្លួន​សមាជិករាប់​សិប​នាក់​នៃអង្គការ​ដែល​ត្រូវ​បាន​ហាម​ប្រាម​ទាំង​នោះ​ រួម​ទាំង​សាច់​ញាតិ​ជិត​ដិត​ពីរ​នាក់​របស់​មេដឹកនាំ​ក្រុម​ Jaish-e-Mohammad ​ផង​ដែរ។

ប្រទេស​ឥណ្ឌា​បាន​ដាក់​កំហុស​ទៅ​លើ​ក្រុម​ Jaish-e-Mohammad ​នេះ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មួយ​កាល​ពី​ខែ​មុន​ក្នុង​តំបន់​កាស្មៀរ ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

អាជ្ញាធរ​ប៉ាគីស្ថាន​និយាយ​ថា​ ស្ថាប័ន​សាសនា​និង​ស្ថាប័ន​អប់រំ​មួយ​ចំនួន​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ឥស្លាម​និយម​ដែល​នៅ​ក្រៅ​ច្បាប់ ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ដែរ ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ទូទាំង​ប្រទេស។

ប៉ុន្តែ ​ចំណាត់​ការ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ពេញ​ចិត្ត​ពេញ​ថ្លើម​នោះ​ទេ៕