សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានប្រើប្រាស់ប្រទេសជាមិត្តរបស់ខ្លួននៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសនៅឈូងសមុទ្រពែកឲ្យជួយបន្ធូរភាពតានតឹងរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ក្រោយពីការប៉ះទង្គិចខាងយោធារវាងប្រទេសជិតខាងទាំងពីរ ដែលមានអាវុធនុយក្លេអ៊ែរដូចគ្នា កាលពីសប្តាហ៍មុន។ ការណ៍នេះធ្វើឲ្យមានការភ័យខ្លាចថានឹងមានសង្គ្រាមកើតឡើង។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលអាមេរិក បានប្រាប់ VOA ដោយសុំមិនបញ្ចេញឈ្មោះថា៖ «យើងបានប្រាប់ស្ថានទូតជាច្រើន ដែលរួមមានស្ថានទូតនៃបណ្តាប្រទេសឈូងសមុទ្រពែកផងឲ្យជួយនិយាយជាមួយប្រទេសទាំងពីរ»។
មន្ត្រីដដែលនោះនិយាយថា លោកយល់ថាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយច្រើនណាស់។ មន្ត្រីប៉ាគីស្ថានជាច្រើនបានទទួលស្គាល់តួនាទីរបស់បណ្តាប្រទេសនៅតំបន់មជ្ឈឹមបូពា ក្នុងការជួយដោះស្រាយវិបត្តិនេះ។
វិបត្តិថ្មីៗបំផុតបានចាប់ផ្តើមក្រោយពីក្រុម Jaish-e-Mohammad ដែលមានទីតាំងក្នុងប្រទេសប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូវក្នុងការវាយប្រហារមួយ ក្នុងតំបន់ Kashmir ប៉ែកខាងឥណ្ឌាកាន់កាប់ ដែលបានសម្លាប់បុគ្គលិកសន្តិសុខជាង៤០នាក់។ ប៉ាគីស្ថានបដិសេធថាខ្លួនមិនបានពាក់ព័ន្ធក្នុងការវាយប្រហារនោះទេ ហើយបាននិយាយថាខ្លួននឹងធ្វើសហការក្នុងការស៊ើបអង្កេតឧបត្តិហេតុនោះ៕