ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​បើក​បរ​យន្ត​ហោះ​ឥណ្ឌា​ដែល​ប៉ាគីស្ថាន​ចាប់ខ្លួន​ បាន​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ភូមិ​​វិញ


ជន​ជាតិ​ឥណ្ឌា​រង់​ចាំ​ទទួល​អ្នកបើក​យន្ត​ហោះ​លោក Abhinandan Varthaman នៅ​ព្រំដែន​ប៉ាគីស្ថាន កាល​ពី​ថ្ងៃទី​១ មីនា។

អ្នក​បើក​បរ​យន្ត​ហោះ​ឥណ្ឌា​ម្នាក់​ដែល​ប្រទេស​ប៉ាគីស្ថាន​ចាប់ខ្លួន ​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​របស់​លោក​បាន​ធ្លាក់​នៅ​តំបន់ ​Kashmir ​បាន​ត្រូវ​ប្រគល់​ឲ្យ​ឥណ្ឌា​វិញ​នៅ​ឯ​ផ្លូវ Wagah​ ចំណុច​ឆ្លង​កាត់​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២។

មេ​បញ្ជាការ​ Abhinandan Varthaman​ បាន​ដើរ​ឆ្លង​កាត់​ច្រក​ទ្វា​ចូល​ក្នុង​ប្រទេស​ឥណ្ឌា ២​ថ្ងៃ​បន្ទាប់​លោក​បាន​ត្រូវ​គេ​ចាប់​ខ្លួន។ ​ការ​វិល​ត្រឡប់​របស់​លោក​វិញ​ត្រូវ​គេ​រំពឹង​នឹង​បញ្ចៀស​ជម្លោះ​កាន់​តែ​ធំឡើង​រវាង​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​២​នេះ។

លោក ​Shah Mahmood ​រដ្ឋមន្រ្តី​ការ​បរទេស​ប៉ាគីស្ថាន​បាន​ប្រាប់​ពួក​សមាជិក​សភាកាល​ពី​ថ្ងៃ​សុក្រ​ថា៖ «នេះ​ជា​កាយ​វិការ​សន្តិភាព​និង​កាត់​បន្ថយ​បញ្ហា​ អ្នក​បើក​បរ​យន្តហោះ​ឥណ្ឌា​ដែល​ត្រូវ​បាន​យើង​ចាប់​ខ្លួន ​នឹង​ត្រូវ​ដោះ​លែង​នៅ​ថ្ងៃ​នេះ»។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដ៏​ខ្លីមួយ ​លោក ​R. G. K. Kapoor ​សេនា​ប្រមុខ​រង​កងទ័ព​អាកាស​ឥណ្ឌា ​បាន​និយាយ​ថា កង​ទ័ព​អាកាស​ឥណ្ឌា​មាន​ការ​សប្បាយ​រីករាយ​ដោយ​បាន​ទទួល​លោក​ត្រឡប់​មក​វិញ​ ហើយ​ថា ​លោក​នឹង​ទទួល​ការ​ពិនិត្យ​សុខភាព។

មនុស្ស​មួយក្រុមធំ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ចំណុច​ឆ្លង​កាត់​ខាង​ព្រំដែន​ឥណ្ឌា​ដើម្បី​ផ្តល់​បដិ​សណ្ឋារកិច្ច​ដ៏​ខ្លាំង​ក្លា​ដល់​បុរសម្នាក់​ដែល​ពួក​គេ​បាន​សរសើរ​ថា​ ជា​វីរ​បុរស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ រហូត​មក​ទល់​ថ្ងៃ​នេះ ​ពួក​គេ​បាន​គ្រវី​ទង់​ជាតិ​ឥណ្ឌា​ រាំ ​ទះ​ស្គ​និង​អប​អរសាទរ ​ក៏​ប៉ុន្តែ ​ពួក​គេ​ជា​ច្រើន​បាន​វិល​ត្រឡប់​ទៅវិញ​ដោយ​ការ​អាក់​អន់​ចិត្ត​ បន្ទាប់​ពី​ការ​ដោះ​លែង​អ្នក​បើក​បរ​យន្តហោះ​បាន​ត្រូវ​ពន្យារ​ពេល។

​លោក​បាន​ទទួល​ការ​កោត​សរសើរ​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍ក្នុង​បណ្តាញ​ព័ត៌មាន​ឥណ្ឌាថា ​បន្ទាប់​ពី​លោត​ឆ័ត្រ​យោង​ចេញ​ពី​យន្ត​ហោះ​ចំបាំង លោក​បាន​លោត​ចូល​ក្នុង​ត្រពាំង​ទឹក​ហើយបាន​បំផ្លាញ​ឯកសារ​សំខាន់ ហើយ​បាន​លេប​ផែនទី​ចូល​ក្នុង​ពោះ។ វីដេអូ​នៃ​ការ​ចាប់​ខ្លួន​លោក​ហើយ​និងការ​សួរ​ចម្លើយ​ដោយ​ពួក​អាជ្ញាធរ​ប៉ាគីស្ថាន ត្រូវបាន​គេ​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម៕

XS
SM
MD
LG