នាយករដ្ឋមន្ដ្រីឥណ្ឌា លោក Narendra Modi បានបញ្ជាឱ្យមានការស៊ើបអង្កេតដោយភ្នាក់ងារចម្រុះទៅលើការរកឃើញដែលអះអាងក្នុងឯកសារបែកធ្លាយពីប្រទេសប៉ាណាម៉ាមួយ ដែលរួមមានឈ្មោះប្រជាជនឥណ្ឌាជាង ៥០០នាក់ មានចាប់ពីតារាបូលីវូដ រហូតដល់ទៅឧស្សាហករធំៗ និងមហាសេដ្ឋីអចលនទ្រព្យ។
រដ្ឋមន្រ្តីផ្នែកហិរញ្ញវត្ថុ លោក Arun Jaitley បានហៅរបាយការណ៍នេះថាជា «ជំហានល្អ» ហើយលោកបានសន្យាថា នឹងចាត់វិធានការឆាប់រហ័សមួយ។ «គណនីណាមួយក៏ដោយដែលត្រូវបានរកឃើញថាជាគណនីខុសច្បាប់ វិធានការតឹងរឹុងដូចដែលមានចែងស្រាប់នៅក្នុងច្បាប់ នឹងត្រូវបានប្រើទៅលើពួកគេ»។
ការសន្យាធំមួយក្នុងអំឡុងពេលបោះឆ្នោតរបស់នាយករដ្ឋមន្រ្តី Modi គឺការបង្ក្រាបទៅលើអ្នកគេចពន្ធ និងនាំយកលុយរាប់ពាន់លានដុល្លារដែលជាលុយហូរចូលទៅក្នុងកន្លែងសម្រាប់ចៀសវាងការបង់ពន្ធ ត្រឡប់មកក្នុងប្រទេសវិញ។
ការសែត The India Express គឺជាការសែតមួយក្នុងចំណោមអង្គភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាច្រើនដែលជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតរយៈពេល៨ខែ ដោយផ្អែកទៅលើឯកសារដែលបែកធ្លាយជាង១១លានឯកសាររបស់ក្រុមហ៊ុនច្បាប់ Mossack Fonseca ដែលមានទីតាំងនៅក្នុងប្រទេសប៉ាណាម៉ា។
ប្រជាជនឥណ្ឌាដែលជាអ្នកមាន និងល្បីឈ្មោះហើយជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនហិរញ្ញវត្ថុនៅប្រទេសប៉ាណាម៉ា រួមមានតារាបូលីវូដ លោក Amitabh Bachchan តារាសម្តែង និងតារាម៉ូដែល Aishwarya Rai Bachchan អ្នកផ្សព្វផ្សាយនៃក្រុមហ៊ុនអចលនទ្រព្យធំបំផុតរបស់ប្រទេសឥណ្ឌា K.P. Signh និងលោក Vinod Adani ដែលជាបងប្រុសរបស់ឧស្សាហករលោក Gautam Adani។
មនុស្សមួយចំនួនដែលបញ្ចេញឈ្មោះដោយកាសែត India Express បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍មុនថា គណនីនៅក្រៅប្រទេសរបស់ពួកគេជាគណនីស្របច្បាប់។
កាសែតនេះក៏បានរកឃើញវិធីនៃការទូទាត់លុយដោយក្រុមហ៊ុនអ៊ីតាលីមួយតាមរយៈក្រុមហ៊ុននៅក្រៅប្រទេសផ្សេងៗ សម្រាប់សម្ភារៈផ្គត់ផ្គង់ក្នុងវិស័យការពារប្រទេសដែលបានលក់ទៅឱ្យប្រទេសឥណ្ឌា។
ដោយហៅរបាយកាណ៍នេះថាជា «តម្រុយដ៏ធំ» នោះ អ្នកជំនាញហិរញ្ញវត្ថុឥណ្ឌានិយាយថា វាត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ការគេចពន្ធនៅក្នុងប្រទេសឥណ្ឌាមានទំហំធំធេង ហើយភាគច្រើននៃ «ប្រាក់ងងឹត» ត្រូវបានគេតម្កល់ទុកនៅកន្លែងគេចពន្ធនៅបរទេស។
របាយការណ៍មួយចេញផ្សាយដោយអង្គការឯករាជ្យមានឈ្មោះថា Global Financial Integrity មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា ប្រទេសឥណ្ឌាបានទទួលរងនូវការបាត់បង់ទឹកប្រាក់ចំនួន៣៤៤ពាន់លានដុល្លារ ក្នុងលំហូរចេញមូលនិធិខុសច្បាប់នៅចន្លោះឆ្នាំ២០០២ និងឆ្នាំ ២០១១។
លោក Arun Kumar អតីតសាស្រ្តាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Jawaharlal Nehru និងជាអ្នកនិពន្ធសៀវភៅ «សេដ្ឋកិច្ចខ្មៅក្នុងប្រទេសឥណ្ឌា» ឬ The Black Economy in India បាននិយាយថា ចំនួនទឹកប្រាក់សរុបដែលប្រទេសឥណ្ឌាបានបាត់បង់ចាប់តាំងពីបានឯករាជ្យមក អាចមានចំនួនច្រើនជាងនេះ។
លោកនិយាយថា៖ «ការព្យាករចុងក្រោយបង្អស់របស់យើងបានបង្ហាញថា ប្រទេសឥណ្ឌាបាត់បង់ទឹកប្រាក់ប្រហែល២លានលានដុល្លារ (ទ្រីលាន) ពីឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ២០១២។ ការបាត់បង់នេះ រួមទាំងការប្រាក់ដែលអាចបានពីតម្លៃនៃប្រាក់ដែលត្រូវបានយកចេញពីប្រទេស។ ដូច្នេះ យើងកំពុងនិយាយអំពីទំហំនៃប្រាក់ដ៏ធំសម្បើមដែលត្រូវបានបាត់ទៅប្រទេសដែលក្រីក្រខ្លាំង ហើយដែលធនធានមានតិចតួច»។
ក្រុមអ្នកជំនាញបានចង្អុលបង្ហាញពីភាពយឺតយ៉ាវរបស់រដ្ឋាភិបាលចំពោះការសន្យារបស់ខ្លួនថានឹងបង្ក្រាប «លុយកខ្វក់»។ អ្នកជំនាញក៏បាននិយាយដែរថា តម្រូវការបន្ទាន់សម្រាប់រដ្ឋាភិបាលគឺរកអ្នកដែលចរាចរលុយកខ្វក់នៅក្នុងប្រទេសឥណ្ឌា ពីព្រោះថា វាជាការលំបាកណាស់ក្នុងការតាមដានរកអ្នកទាំងនោះនៅពេលលុយទាំងនោះត្រូវបានផ្ទេរទៅបរទេសរួចហើយ។
ទោះបីជាប្រទេសឥណ្ឌាមានច្បាប់ជាច្រើនប្រឆាំងនឹងការគេចពន្ធ តែការអនុវត្តន៍ច្បាប់នោះនៅមានភាពទន់ខ្សោយនៅឡើយ។
លោក Kumar និយាយថា៖ «នៅក្នុងប្រទេសឥណ្ឌា ការចរាចរលុយដោយបានពីចំណូលមិនស្របច្បាប់មានភាពងាយស្រួលណាស់ ពីព្រោះប្រព័ន្ធច្បាប់គឺងាយនឹងថ្លោះធ្លោយអភិបាលកិច្ចនៅទន់ខ្សោយ ហើយ អាជ្ញាធរអនុវត្តច្បាប់ស្ទើរតែទាំងអស់នៅក្នុងប្រទេសឥណ្ឌា ភាគច្រើនគឺពុករលួយ ហើយឋានៈផ្សេងៗក្នុងជួរនយោបាយក៏ពុករលួយដែរ»។
បន្ទាប់ពីការសន្យាសម្រាប់ការបោះឆ្នោតថា នឹងបង្ក្រាបទៅលើការគេចពន្ធនោះ លោក Modi បានអនុម័តច្បាប់ «លុយកខ្វក់» ដែលដាក់ពិន័យធ្ងន់ៗ និងដាក់ឲ្យជាប់ពន្ធនាគារអ្នកគេចពន្ធដែលខកខានមិនបានប្រកាសប្រាក់ចំណូលរបស់ពួកគេនៅក្រៅប្រទេស។
កាលពីឆ្នាំមុន លោក Modi ក៏បានចូលរួមកិច្ចព្រមព្រាងជាមួយមេដឹកនាំមួយក្រុមមកពី២០ប្រទេស ដើម្បីផ្លាស់ប្តូរព័ត៌មានដោយស្វ័យប្រវត្តិដោយផ្អែកលើគោលការណ៍ផ្លាស់ប្តូរទៅវិញទៅមកនៅត្រឹមចុងឆ្នាំ ២០១៨។ រដ្ឋាភិបាលឥណ្ឌាក៏បានចុះហត្តលេខាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានអំពីពន្ធអាករ ជាមួយសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងការគេចពន្ធនៅឯនាយសមុទ្រ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Jaitley ដែលការពារការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការតាមដានទ្រព្យសម្បត្តិទាំងនៅក្នុងនិងក្រៅប្រទេសឥណ្ឌា បាននិយាយថា៖ «ឥឡូវនេះពិភពលោកនេះនឹងមានតម្លាភាពកាន់តែខ្លាំង។ ប្រទេសនានាកំពុងសហការគ្នាទៅវិញទៅមកទៅលើបញ្ហានេះ»។
ប្រែសម្រួលដោយ ផន បុប្ផា