ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯកសារ​​សម្ងាត់​បែកធ្លាយ​ពី​ប៉ាណាម៉ា​ដែល​​លាតត្រដាង​អំពី​ប្រទេស​ចិន​នៅ​តែ​បន្ត​បែកធ្លាយ


នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ Mossack Fonseca​ ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ដែល​គេ​ហៅ​ថា Panama Papers។​
នេះ​ជា​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ Mossack Fonseca​ ពាក់ព័ន្ធ​នឹង​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ដែល​គេ​ហៅ​ថា Panama Papers។​

ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ប៉ាណាម៉ា​អំពី​គណនេយ្យ​ធនាគារ​នៅ​បរទេស កំពុង​តែ​បង្ហាញ​ព័ត៌មាន​បន្ថែម​ទៀត​អំពី​រឿងរ៉ាវ​របស់​សាច់​ញាតិ​របស់មេដឹកនាំ​កំពូល​គណបក្ស​កុម្មុយនិស្ត​ចិន ដោយ​រួម​មាន​ទាំង​សាច់ញាតិ​របស់​លោក​ប្រធានាធិបតី​ចិន​ផង​ដែរ។ ​

ចិន​បាន​ធ្វើ​ចំណាត់ការ​ជា​បន្ទាន់​ក្នុង​សប្តាហ៍​នេះ​ក្នុង​ការ​មិន​ឲ្យ​ជជែក​ពិភាក្សា​អ្វី​អំពី​ឯកសារដែល​បែកធ្លាយ​ពី​ក្រុមហ៊ុន​មួយ​នៅ​ប្រទេស​ប៉ាណាម៉ា ដែល​និយាយ​អំពី​ការ​គេច​វេស​ពី​ការ​បង់​ពន្ធ របស់​ក្រុម​គ្រួសារអតីត​សមាជិក​ និង​សមាជិក​នា​ពេល​បច្ចុប្បន្ន​របស់គណៈកម្មការ​មជ្ឈឹម​បក្ស​ចំនួន៨​រូប​ ដែល​សុទ្ធ​តែ​ជា​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស។ ប៉ុន្តែ​ឯកសារ​ដែល​បែកធ្លាយ​ពី​សមាគម​អ្នក​កាសែត​ស៊ើបអង្កេត​អន្តរជាតិ ឬ International Consortium of Investigative Journalists ដែល​ហៅ​កាត់​ថា ICIJ នៅ​តែ​បន្ត​ចេញ​មក។

​កាល​ពី​ថ្ងៃ​ពុធ ICIJ ​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​សាច់ញាតិ​របស់​ក្រុម​មេដឹកនាំ​ចិន ដែល​មាន​ទ្រព្យសម្បត្តិ​នៅ​បរទេស​រួម​មាន៖ លោក Deng Jiagui បង​ប្អូន​ថ្លៃ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង លោក Lee Shing Pu កូន​ប្រសារ​របស់​លោក​ Zhang Gaoli សមាជិក​គណៈកម្មការ​មជ្ឈឹមបក្ស​ លោក Zeng Qinghuai ​បង​ប្អូន​ប្រុស​របស់​លោក Zeng Qinghong​ អតីត​ប្រធានាធិបតី​ចិន និង​លោកស្រី Li Xiaolin កូនស្រី​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី Li Peng។

ការ​ប្រមូល​ទុក​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​សាច់​ញាតិ​របស់សមាជិក​គណបក្ស​កាន់​អំណាច​នៅ​ចិន​គឺ​ជា​ក្តីបារម្ភ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ចិន​អស់​រយៈពេល​ជា​យូរ​មក​ហើយ ប៉ុន្តែ​វា​គឺ​ជា​ប្រធានបទ​មួយ​ដែល​ត្រូវ​បាន​ត្រួតត្រា​យ៉ាង​តឹងរ៉ឹង៕​

XS
SM
MD
LG