ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯកសារ​សម្ងាត់​បែកធ្លាយ​ពី​ប៉ាណាម៉ា​ត្រូវ​បាន​​រឹតត្បិត​លើ​អ៊ិនធឺណិត​នៅ​ប្រទេស​ចិន


អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​ចិន លោក Hong Lei ថ្លែង​ក្នុង​ពេល​ប្រជុំ​ប្រចាំ​ថ្ងៃ​នៅ​ការិយាល័យ​ក្រសួង​ការបរទេស​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។

ប្រទេស​ចិន​បាន​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ពិភាក្សា​ទៅ​លើ​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Panama Papers។

ប្រទេស​ចិន​បាន​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ពិភាក្សា​ទៅ​លើ​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​ដែល​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Panama Papers ​និង​ព័ត៌មាន​អំពី​ការ​ប្រើប្រាស់​កន្លែង​សម្រាប់​ចៀសវាង​ការបង់​បង់​ពន្ធ​របស់​ក្រុម​គ្រួសារ​នៃ​អតីត​មេដឹកនាំ​កំពូលៗ​ និង​មេដឹកនាំបច្ចុប្បន្ន​យ៉ាង​ហោច​ណាស់​៨រូប​ ដោយ​រួម​មាន​ទាំង​បង​ប្អូន​ថ្លៃ​ប្រុស​របស់​ប្រធានាធិបតី​ Xi Jinping ផង​ដែរ។

ទ្រព្យ​សម្បត្តិ​យ៉ាងច្រើន​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុម​គ្រួសារ​របស់​សមាជិក​បក្ស​កាន់​អំណាច​របស់​ចិន​បាន​ក្លាយ​ជា​ក្តី​បារម្ភ​ដ៏​ធំ​មួយ​ជា​យូរ​ណាស់​មក​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​វា​ក៏​ជា​ប្រធានបទ​មួយ​ដែល​ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹងរឹង​ជា​យូរ​មក​ហើយ​ផង​ដែរ។

ការ​ទប់​ស្កាត់​លើ​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា

កាល​ពី​ថ្ងៃ​អង្គារ​ ការ​ស្រាវជ្រាវ​នៅ​លើ​គេហទំព័រ​ភាសា​ចិន​បាន​ភ្ជាប់​ទៅ​នឹង​រឿងរ៉ាវ​អនឡាញ​អំពី​ឯកសារ​បែក​ធ្លាយដ៏​សន្ធឹក​សន្ធាប់​នេះ​ ប៉ុន្តែ​ក្រៅ​ពីរឿងរ៉ាវ​របស់​ក្រុម​កីឡាករ​ល្បីៗ​ គេហទំព័រ​ភាគ​ច្រើន​ទៀត​ត្រូវ​បាន​គេ​បិទ​ចោល។

នៅ​លើ​បណ្ដាញ​សង្គម​ ការ​ពិភាក្សា​លើ​បញ្ហា​នេះ​ត្រូវ​បាន​គេ​រឹតត្បិត​យ៉ាង​ខ្លាំង។​ យោង​តាម​គេហទំព័រ ​Freeweibo.com​ ពាក្យ​ Panama ជា​ភាសា​អង់គ្លេស​ និង​ Panama ​ជា​ភាសាចិន​ ក៏​ដូច​ជា​ពាក្យឯកសារ Panama ​ស្ថិត​ក្នុង​ចំណោម​ឃ្លា​ទាំង​១០​ដែល​ត្រូវ​បាន​គេ​បិទ​មិន​ឲ្យ​ស្រាវជ្រាវ​ឃើញ​នៅ​ថ្ងៃ​អង្គារ​នេះ។​

ការ​បង្ហោះ​មួយ​ដែល​ត្រូវ​បាន​គេ​លុប​ចោល​បាន​សរសេរ​ថា៖​ «កន្លែង​សម្រាប់​ចៀសវាង​ការបង់ពន្ធ​គឺ​ជា​រឿង​ធម្មតា​និង​សមហេតុផល​សម្រាប់​អ្នក​ជំនួញ​ ប៉ុន្តែ​តើ​លុយ​មិន​បាន​បង់​ពន្ធ​ទាំង​អស់​នេះ​ដែល​មន្រ្តី​មាន​ បាន​មក​ពី​ណា​មក?»

វិធានការ​ស្ងាត់ៗ​និង​ខ្លាំងក្លា​បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មិន​យល់។ សម្រាប់​អ្នក​ខ្លះ​ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​ផ្សេងៗ​គ្នា​កាន់​តែ​ច្រើន។​

អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ម្នាក់​ដែល​ដាក់ឈ្មោះ​ថា​ Space Out និយាយ​ថា៖ «ខ្ញុំ​មិន​យល់​ថា​ ហេតុអ្វី​បាន​ជា​ឃ្លា ​Panama Papers​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពាក្យ​រសើប។​ មក​ដល់​ពេល​នេះ​ ប្រទេស​របស់​យើង​មិន​ទាន់​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។​ តើ​នេះ​មក​ពី​អាជ្ញាធរប្រមើល​មើលឃើញ​ថា​ ឯកសារ​ទាំង​នោះ​អាច​នឹង​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​យើង​ឬ?»

អ្នក​ប្រើ​អ៊ីនធឺណិតម្នាក់​ទៀត​និយាយ​ថា៖ «វា​បង្ហាញ​ថា​ គណបក្ស​កុម្មុយនិស្ត​មិន​មាន​បំណង​ឲ្យ​សាធារណជន​យល់​ដឹង​ពី​បញ្ហា​នេះ​ទេ។ ខ្ញុំ​ជឿ​ថា​ មាន​មេដឹកនាំ​កំពូលៗ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ»។

អ្នក​ខ្លះ​ព្យាយាម​ប្រើ​ឈ្មោះ​បង្វៀង​នៃ​ឯកសារ​សម្ងាត់​បែក​ធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា​នេះ​ជា​ភាសា​ចិន 巴XX (BA NA MA) ឬ​ប្រើ​ពាក្យ​អង់គ្លេស​រ៉ូម៉ាំង​ដែល​ប្រើ​ក្នុង​ប្រទេស​នេះ​ ដោយ​សរសេរ​ដក​ឃ្លា ​ដើម្បី​ព្យាយាម​បង្ហោះ​យោបល់​នៅ​លើ​បណ្តាញ​សង្គម​ ប៉ុន្តែ​ការ​បង្ហោះ​របស់​ពួកគេ​នៅ​តែ​ត្រូវ​បាន​គេ​បិទ។​

ការ​រឹតត្បិត​នេះ​មាន​ភាព​ខ្លាំងក្លា​ណាស់​ រហូត​ដល់​មាន​អ្នក​ខ្លះ​និយាយ​លេង​ថា ឯកសារ​ទាំង​នោះ​ឥឡូវ​បាត់​អស់​ហើយ។

អ្នក​ប្រើ​ប្រាស់​ម្នាក់​និយាយ​ថា៖ «ជាក់​ស្តែង​ណាស់ ​ប៉ា ​ណា​ ម៉ា (Panama) គឺ​ជា​ឃ្លា​ដែល​មាន​ភាព​រសើប​មួយ»។

អ្នក​ផ្សេង​ទៀត ដូចជា​អ្នក​ប្រើប្រាស់​ដែល​មាន​ឈ្មោះ​ថា ​1874 BC​ ត្រូវ​បាន​គេ​តាម​រក​ឃើញ​ដោយ​ប្រើ​ប្រព័ន្ធ​រឹតត្បិត​ នៅ​ពេល​បង្ហោះ​រូបភាព​នៃ​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ឯកសារ​នោះ។​ ពាក្យ​ពេចន៍​ដែល​គេ​សរសេរ​នៅ​លើ​រូប​នោះ​គឺ៖​ «មាន​គេ​ពិភាក្សា​តិច​តួច​ប៉ុណ្ណោះ​នៅ​ស្រុក​យើង​ អំ​ពី​បញ្ហា​ធំ​បំផុត​នៅ​ក្នុង​ពិភព​លោក​មួយ​នេះ​ ដែល​រឿងរ៉ាវ​ទាំង​នោះ​ត្រូវ​បាន​គេ​រឹតត្បិត​នៅ​លើ​គេហទំព័រ Weibo»។

មនុស្ស​ម្នាក់​ទៀត​និយាយ​ថា៖​ «រឿង​រ៉ាវ​របស់​ឯកសារ​សម្ងាត់​បែកធ្លាយ​ពី​ប្រទេស​ប៉ាណាម៉ា ​ដែល​ខ្ញុំ​ទើប​តែ​អាន​ចប់ ​ត្រូវ​បាន​លុប​ចោលមួយ​ពព្រិច​ភ្នែក។ លឿន​មែន​ទែន។ គ្មាន​អ្វី​នៅ​សល់​លើ​គេហទំព័រ​ស្វែង​រក​ព័ត៌មាន​ Baidu ទៀត​ទេ»។

ការ​ផ្សំ​គំនិត​ពី​ក្រុម​បស្ចិម​ប្រទេស

ខណៈ​ដែល​សារព័ត៌មាន​ចិន​ជាច្រើន​នៅ​ស្ងាត់​ស្ងៀម សារព័ត៌មាន ​Global Times ​ដែល​ជា​កាសែត​ដ៏​ល្បី​មួយ​គាំទ្រ​គណបក្ស​បាន​ចេញ​ផ្សាយ​បទ​វិចារណកថា​មួយ​ជា​ភាសា​អង់គ្លេស​និង​ភាសា​ចិន​ ដែល​អះអាង​ថា​ កន្លែង​ផ្ទុក​ឯកសារ​ដ៏​ធំ​សម្បើម​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​លើ​មេដឹកនាំជា​ច្រើន​ដែល​មិន​មែន​ជា​មេដឹកនាំ​លោក​ខាង​លិច។​

អត្ថបទ​វិចារណកថា​នោះ​មិន​បាន​លើក​ឡើង​ពី​ឯកសារ​បែកធ្លាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​គ្រួសារ​របស់​លោក​ប្រធានាធិបតី​ Xi Jinping ប្អូន​ស្រី​របស់​អតីត​នាយក​រដ្ឋ​មន្រ្តី ​Li Peng​ ឬ​ចៅ​ស្រី​របស់​លោក​ Jia Qingling ​នោះ​ទេ ប៉ុន្តែ​អត្ថបទ​នោះ​កត់​សម្គាល់​ថា ​សារព័ត៌មាន​លោក​ខាង​លិច​កំពុង​បន្ថែម​ការ​ចាប់​អារម្មណ៍លើ​ឯកសារ​ដែល​ទាក់ទង​នឹង​លោក​ប្រធានាធបិតី​ Vladimir Putin របស់ប្រទេស​រុស្ស៊ី​កាន់​តែ​ខ្លាំង។​

អត្ថបទ​វិចារណកថា​ដដែល​សរសេរ​ថា៖ «នៅ​ក្នុង​សម័យ​អ៊ីនធឺណិត​នេះ​ ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្លាំង​ទៅ​លើ​វរជន​ល្បីៗ​នៅ​លោក​ខាង​លិច​ ឬ​លើ​ប្រទេស​លោក​ខាង​លិច​ទេ។​ សម្រាប់​រយៈពេល​វែង​ទៅ​មុខ​ទៀត​ វា​នឹង​ក្លាយ​ជា​មធ្យោបាយ​ថ្មី​មួយ​សម្រាប់ប្រទេស​លោក​ខាង​លិច​ប្រើ​ដើម្បី​ផ្សព្វ​ផ្សាយ​មនោគម​វិជ្ជា គឺ​សម្រាប់​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​លោក​ខាង​លិច​ក្នុង​ការ​វាយ​ប្រហារ​លើ​ឥស្សរជន​ដែល​មិន​មែន​មក​ពី​លោក​ខាង​លិច​និង​លើស្ថាប័ន​សំខាន់ៗ​ផ្សេង​ទៀត»។

គេ​រំពឹង​ថា​នឹង​មាន​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត

រហូត​មក​ដល់​ពេល​នេះ​ សមាគម​អ្នក​កាសែត​ស៊ើបអង្កេត​អន្តរជាតិ​ ឬ​ International Consortium of Investigative Journalists (ICIJ) បាន​ចេញ​ផ្សាយ​ឯកសារ​ទាក់ទង​នឹង​មន្រ្តី​កំពូលៗ​៤​រូប​របស់​បក្ស​កុម្មុសនិស្ត​ចិន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន។

យោង​តាម​ឯកសារ​បែក​ធ្លាយ​ដែល​ ICIJ​ ទទួល​បាន​ ប្អូន​ថ្លៃ​របស់​លោក​ប្រធានាធិបតី ​Xi Jinping ​ដែល​មាន​ឈ្មោះ​ថា ​Deng Jiajun ​បាន​ក្លាយ​ជា​នាយក​និង​ជា​ម្ចាស់​ភាគហ៊ុន​តែ​មួយ​គត់​របស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស​ចំនួន​ពីរ​កាលពី​ឆ្នាំ២០០៩។ ​ក្រុមហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ទាំង​ពីរ​នេះ​ (ឬ​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​ប៉ុន្តែ​មិន​មាន​សកម្មភាព) ​ស្ថិត​នៅ​ក្នុង​បញ្ជី​របស់​ក្រុមហ៊ុន​មេធាវី Mossack Fonseca ដែល​ក្រុម​ហ៊ុន​មេធាវី​នេះ​មាន​ជាប់​ទាក់ទិន​ខ្លាំង​ទៅ​នឹង​បណ្តុំ​ឯកសារ​ដែល​ត្រូវ​បាន​គេ​ទម្លាយ។ សមាគម​ ICIJ និយាយ​ថា​ នៅ​ពេល​ដែល​លោក ​Xi Jinping ​បាន​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ឆ្នាំ២០១៣​ ក្រុមហ៊ុន​នោះ​នៅ​អសកម្ម​នៅ​ឡើយ។​

ការ​លាត​ត្រដាង​មួយ​ចំនួន​នោះ មិន​មែន​ជា​រឿងថ្មី​ទេ។ បណ្តុំ​ឯកសារ​ដែល​បាន​បែក​ធ្លាយ​នោះ​ក៏​មាន​និយាយ​ពីព័ត៌មាន​លម្អិត​ពី​លោក​ Patrick Henri Devillers ​ដែល​ជា​អតីត​ដៃគូ​ពាណិជ្ជកម្ម​របស់​ភរិយា​លោក​ Bo Xilai ​ដែល​ជា​ប្រធាន​បក្ស​ Chongqing ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង។

លោក ​Deng​ ដែល​ជា​ប្អូន​ថ្លៃ​លោក​ប្រធានាធិបតី​ Xi Jinping ​និង​ អ្នកស្រី​ Li Xiaolin ​កូនស្រី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​Li Peng​ ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្នុង​ឯកសារ​ពី​មុនៗ​ដែល​សមាគម ​ICIJ​ ​បាន​ចេញ​ផ្សាយ​ផ្សាយ​អំពី​ភាគហ៊ុន​នៅ​ក្រៅ​ប្រទេស។

នៅ​ខណៈ​ពេល​ដែល​មាន​អ្នក​ខ្លះ​អះអាង​ថា​ ព័ត៌មាន​នៅ​ក្នុង​ឯកសារ​បែក​ធ្លាយ​ទាំង​នោះ​អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​ស៊ើបអង្កេត​លើ​អំពើ​ពុករលួយ​របស់​ប្រទេស​ចិន​ក៏​ដោយ​ វា​ទំនង​ជា​មិនមាន​ការ​បន្ត​តាម​ដាន​លើ​ការ​លាត​ត្រដាង​នេះ​ ​ពី​សំណាក់​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​នេះ​ទេ។

កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ជាលើក​ដំបូង​ទៅ​នឹង​សំណួរ​អំពី​ឯកសារ​ទាំង​នោះ ​លោក ​Hong Lei អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន​បាន​និយាយ​ដោយ​ខ្លី​ថា៖ «រឿង​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ទាំង​នេះ ខ្ញុំ​មិន​គ្មាន​យោបល់​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG