នៅ​ឥណ្ឌា ការធ្វើការ​ពី​ផ្ទះ​អាច​កើត​ឡើង​នៅ​ពេល​អនាគត​ តែ​អ្នក​ខ្លះ​មិន​​យល់​ស្រប​ទេ

  • Anjana ​Pasricha

បន្ទាប់​ពី​ធ្វើ​ការ​ពី​ផ្ទះ​អស់​រយៈ​ពេល​២​ខែ អ្នកស្រី Shweta Andrews អ្នកធ្វើ​ការ​កែ​សម្រួលផ្នែក​ឌីជីថល​​នៃ​ក្រុមហ៊ុន​បោះ​ពុម្ព​​​មួយ និយាយ​ថា អ្នក​ស្រី​ចង់​ត្រឡប់​ទៅ​ការិយាល័យ​វិញ ព្រោះ​ទំនាក់​ទំនង​ជាមួយ​ក្រុមការងារ​សំខាន់​ខ្លាំង​ណាស់។

គ្រា​ដែល​អ្នកស្រី​បាន​ត្រៀម​ខ្លួន​ធ្វើការ​ពី​ផ្ទះ នៅពេលដែល​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​បិទ​ដំណើរការ​សកម្មភាព​មួយ​រយៈ​កាលពី​ខែមីនា អ្នកស្រី Shweta Andrews បាន​គិត​ថា «នេះ គឺ​ជា​របៀប​ធ្វើការ​បែប​ថ្មី»។

របៀប​ធ្វើការ​បែប​ថ្មី​នេះ អាច​ធ្វើ​ឲ្យ​អ្នកស្រី មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​មក​ពី​ផ្ទះ​ទៅ​ការិយាល័យ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា ដែល​ត្រូវ​ចំណាយ​ពេល​ពីរ​ម៉ោង​ជា​រៀងរាល់​ថ្ងៃ។

ពីរ​ខែ​ក្រោយមក អ្នកកែ​សំរួល​ផ្នែក​ឌីជីថល​នៃ​គ្រឹះស្ថាន​បោះពុម្ភផ្សាយ​រូប​នេះ មាន​ការនឹកនា​ដល់​ការ​ធ្វើដំណើរ​ទៅ​មកពី​ផ្ទះ​ទៅ​ការិយាល័យ។ អ្នកស្រី Shweta Andrews បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំ​នឹក​មិត្ត​រួមការងារ​របស់​ខ្ញុំ ហើយ​និយាយ​មែនទែន​ទៅ ខ្ញុំ​នឹក​ដល់​ការធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ធ្វើការ។ ខ្ញុំ នឹក​ដល់​ការប្រញាប់​រូតរះ​ទៅ​ធ្វើការ។ ខ្ញុំ នឹក​ដល់​ហ្វូង​មនុស្ស»។

បទពិសោធន៍​ធ្វើការ​ពី​ផ្ទះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដែល​បាន​ចាប់ផ្តើម​បន្ទាប់ពី​មាន​ការរាតត្បាត​ដោយ​វីរុស​កូរ៉ូណា​នេះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ចំនួន ស្វែង​រក​លទ្ធភាព​នៃ​ការធ្វើ​ឲ្យ​ការធ្វើការ​ពី​ផ្ទះ​មាន​ភាពប្រសើរ​ឡើង គ្រាដែល​ពួកគេ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​យូរអង្វែង ដូចជា​ការ​មាន​ការិយាល័យ​តូច​ជាង​មុន និង​ថ្លៃ​ជួល​ការិយាល័យ​តិច​ជាង​មុន។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​វិធានការ​បិទ​ដំណើរការ​សកម្មភាព​ដ៏​តឹងរ៉ឹង បាន​ធ្វើឲ្យ​មាន​ភាពឯកោ​នៅ​ក្នុង​សង្គម​កាន់តែ​ខ្លាំង​ឡើង​នោះ មនុស្ស​ជាច្រើន​យល់​ឃើញ​ថា ការធ្វើការ​ពី​ផ្ទះ មិន​អាច​ជំនួស​បរិយាកាស​ដែល​មាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​នៅ​ឯ​ការិយាល័យ​បាន​ទេ។

អ្នកស្រី Apoorva Bapna អ្នកជំនាញ​ជាន់ខ្ពស់​មួយ​រូប​ក្នុង​ក្រុមហ៊ុន​សាកល​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវដេលី បាន​ច្រានចោល​ទស្សនៈ​ដែល​ថា ការ​ធ្វើការ​ពី​ផ្ទះ​ជា«រឿង​ធម្មតា​ថ្មី​មួយ» ហើយ​អ្នកស្រី​បាន​លើក​ឡើង​ថា ខណៈពេល​ដែល​មនុស្ស​ចូលចិត្ត​ភាព​បត់បែន​នៃ​ម៉ោង​ធ្វើការ និង​ការទាក់ទងគ្នា​តាម​អនឡាញ​នោះ វា​មិន​អាច​ជំនួស​ថាមពល​ដែល​មនុស្ស​បាន​ទទួល​ពី​កន្លែង​ធ្វើការ​បាន​ទេ។

អ្នកស្រី Apoorva Bapna បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ ឬ តាម​ការហៅ​ជា​វីដេអូ មិន​អាច​ផ្តល់​គំនិត ឬ ការច្នៃប្រឌិត ដូច​ដែល​យើង​បាន​អង្គុយ​ទល់​មុខ​គ្នា ដោយ​ជជែក​ដេញដោល ឬ សន្ទនា​ដ៏​ក្តៅ​គគុក​នោះ​ទេ»។

វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា ហាក់ដូចជា​កំពុង​ត្រួសត្រាយ​ផ្លូវសម្រាប់ការធ្វើការ​ពី​ផ្ទះ ដោយ​ឧស្សាហកម្ម​នេះ មាន​អ្នក​ធ្វើការ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ជិត​ពាក់​កណ្តាល​នៃអ្នក​ធ្វើការ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងអស់​ជិត ៤ លាន​នាក់​នៃ​ប្រទេស​នេះ កំពុង​ធ្វើការ​ពី​ផ្ទះ។ ចំនួន​នេះ កើនឡើង​ពី​ចំនួន​ជា​មធ្យម ២០ ភាគរយ នៅ​មុន​ខែមីនា។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា ដែល​មាន​ឈ្មោះ​ថា Tata Consultancy Services និយាយ​ថា ខ្លួន​នឹង​មាន​អ្នកធ្វើការ​ចំនួន ៧៥ ភាគរយ ដែល​នឹងធ្វើការ​ពី​ផ្ទះ នៅ​ឆ្នាំ ២០២៥។

ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅ​លើ​ការធ្វើ​ការងារ​តាម​អនឡាញ​នោះ អាច​ផ្លាស់ប្តូរ​ទៅ​ធ្វើការ​នៅ​ផ្ទះ​បាន​លឿន ពីព្រោះ​ពួកគេ​យល់ថា វា​ជា​គំរូ​នៃ​ការធ្វើការ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ពីរ​ខែចុងក្រោយ​នេះ។

លោក Raghav Gupta ជា​នាយក​គ្រប់គ្រង​នៃ​វេទិកា India and Asia Pacific with Coursera ដែល​ជា​វេទិកា​សិក្សា​តាម​អនឡាញ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ លោកGupta បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «បើ​គិត​តែ​ពីសាច់​ការ​សុទ្ធសាធ យើង​បាន​ឃើញ​ថា ការផ្លាស់ប្តូរ​ទៅ​ធ្វើការ​ពី​ផ្ទះ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន»។

លោក​បាន​លើក​ឧទាហរណ៍​មួយ​ថា៖ «ប្រសិនបើ​ខ្ញុំទៅ​ទីក្រុង Bangalore សម្រាប់​កិច្ច​ប្រជុំ​ពីរក្នុង​មួយ​ថ្ងៃ​នោះ ខ្ញុំ​អាច​ធ្វើការ​ប្រជុំ​ចំនួន ៥ នៅ​ថ្ងៃ​នេះ ដោយ​អង្គុយ​នៅ​ក្នុង​ផ្ទះ»។

នៅពេលដែល​ប្រទេស​ឥណ្ឌា បន្ធូរបន្ថយ​ការដាក់កំហិត​នៃ​ការបិទ​ដំណើរការ​សកម្មភាព ហើយ​ការិយាល័យ​នានា ចាប់ផ្តើម​បើកដំណើរការ​ឡើង​វិញ​ដោយ​មាន​បុគ្គលិក​មក​ធ្វើ​ការ​នៅ​ការិយាល័យ​តិច​ជាងមុន​នោះ ការជជែក​ដេញដោល​អំពី​រឿង​នេះ បាន​ចាប់ផ្តើម​កើនឡើង។

អ្នក​ខ្លះ​បាន​លើកឡើង​ថា បរិយាកាស​នៅក្នុង​ការិយាល័យ​ដែល​មនុស្ស​អាច​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់​នោះ គឺ​មិន​អាច​មើលរំលង​បាន​ទេ សូម្បីតែ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ក៏ដោយ។ លោក Abhimanyu Mukherji ជា​ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​នៅ​ទីក្រុង​ញូវដេលី​ជាមួយ​ក្រុមហ៊ុន​ដៃគូ SAPដែល​ជា​ក្រុមហ៊ុន​រៀបចំ​បង្កើត​កម្មវិធី​សូហ្វវ៉ែរ(software)។

លោក Mukherji បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «អ្នកត្រៀម​ខ្លួន​សម្រាប់​ថ្ងៃនេះ ហើយ​វា​គឺ​ជា​ការផ្លាស់ប្តូរ​ផ្នែក​ផ្លូវ​ចិត្ត​មួយ។ គ្រាន់តែ​ការដើរ​ទៅ​រក​នរណា​ម្នាក់ ហើយ​និយាយ​ជាមួយ​សមាជិក​នៅក្នុង​ក្រុម​ខ្ញុំ វា​ផ្តល់​នូវ​ភាពខុសគ្នា​មួយ។ ឥឡូវ​នេះ យើង​មិន​អាច​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់​បាន​ទេ ហើយ​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ដែល​យើង​ទាំងអស់​គ្នា​ធ្លាប់​មាន​ក្នុង​ពេល​កន្លង​មក ក៏លែង​មាន​ដែរ​ក្នុង​ពេល​ឥឡូវ​នេះ»។

ខណៈពេលដែល​លោក និង​ក្រុម​របស់​លោកផ្តល់​សេវាកម្ម​ជា​ទីគាប់ចិត្ត​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​អំឡុងពេល​នៃ​ការបិទ​ដំណើរការ​សកម្មភាព​ក្នុង​សង្គម​នេះ លោក Mukherji បាន​ចង្អុល​បង្ហាញ​ថា ការធ្វើការ​នៅផ្ទះ​ពី​បន្ទប់​ទទួលភ្ញៀវ និង​តុបាយ អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​សមាជិក​ក្រុម​របស់​លោក​ដែល​មាន​កូន​តូចៗ។

លោក Mukherji បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ពេល​ក្មេងៗ​នៅ​ផ្ទះ ពួកគេ​រំពឹង​ថា នឹង​មាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​ឪពុក​ម្តាយ ហេតុដូច្នេះ​ហើយ ឪពុក​ម្តាយ មាន​ការលំបាក​ក្នុង​ការផ្តោត​អារម្មណ៍​លើ​ការងារ។ កុមារ​គិត​ថា ឪពុកម្តាយ​កំពុង​ឈប់​សម្រាក​វិសមកាល ដូច្នេះ​ពួកគេ​គួរតែ​យកចិត្ត​ទុកដាក់​ដល់​ខ្លួន»។

បញ្ហា​មួយ​ដែល​មនុស្ស​ជាច្រើន​ប្រឈម​ដែរ​នោះ គឺ​ការរស់នៅ​ក្នុង​ផ្ទះល្វែង​តូចៗ ឬ គ្រួសារ​ដែល​មាន​សមាជិក​ច្រើន ជាពិសេស​អ្នក​នៅ​ទីក្រុង​ដែល​ការជួល​ផ្ទះ​មាន​តម្លៃ​ថ្លៃ។

អ្នកស្រី Apoorva Bapna បាន​ចង្អុល​បង្ហាញ​ថា៖ «វា​មិន​ងាយស្រួល​ទេ សម្រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង Bombay។ អ្នក​ខ្លះ មាន​សមាជិក​គ្រួសារ​ពី ៦ ទៅ ៨ នាក់ រស់​នៅ​ក្នុង​ផ្ទះ​តូច ចង្អៀត ដែល​មាន​បន្ទប់គេង​តែ​ពីរ​ប៉ុណ្ណោះ»។

ការធ្វើការ​ពី​ផ្ទះ​នេះ អាច​ជា​បន្ទុក​កាន់តែ​ធ្ងន់​ថែម​ទៀត​សម្រាប់​ស្ត្រី។ អ្នកស្រី Apoorva Bapna បាន​ទៅ​លេង​ឪពុក​ម្តាយ​របស់​អ្នកស្រី​នៅក្នុង​ទីក្រុង Jaipur ហើយ​បាន​ជាប់​នៅ​ទីនោះ ដោយសារ​ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ។

អ្នកស្រី បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «យើង​ធ្វើ​កិច្ចការ​ផ្ទះ​គ្រប់យ៉ាង​ហើយ​យើង​ក៏​ត្រូវ​ធ្វើការងារ​វិជ្ជាជីៈ​របស់​យើង​ដែរ ដូច្នេះ យើង​មមាញឹក​ខ្លាំង​ណាស់»។

នៅ​ចំ​ពេល​ការបិទដំណើរការ​សកម្មភាព​ក្នុង​សង្គម​នេះ មិនមាន​ការស្ទង់មតិ​ដ៏​ទូលំទូលាយ​ណាមួយ ដើម្បី​បង្ហាញ​ថា តើ​របៀប​ធ្វើការ​មួយណា​ដែល​ប្រជាពលរដ្ឋ​ឥណ្ឌា​ចូលចិត្ត​ជាង​នោះ។ ក៏ប៉ុន្តែ ការស្ទង់មតិ​កាលពី​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ឈ្មោះ​ថា Feedback Insights ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Bengaluru បាន​រក​ឃើញ​ថា និយោជិក ២ ភាគ ៣ មាន​ការព្រួយបារម្ភ​អំពី​សុខុមាលភាព​ផ្ទាល់ខ្លួន កង្វះ​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ និង​ការថប់​អារម្មណ៍​អំពី​បរិយាកាស​ការងារ។ ពួកគេ ក៏​បាន​លើក​ឡើង​ផងដែរ​ថា ការរំខាន​ជាញឹកញាប់​នៅ​ពេល​ពួកគេ​ធ្វើ​ការ​ពី​ផ្ទះ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ផងដែរ។

ទោះជាយ៉ាង​នេះក្តី អត្ថប្រយោជន៍​ដែល​ក្រុមហ៊ុន​នានា​ទទួល​បាន​ពី​ការណ៍​ដែល​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​នោះ មាន​ដូចជា​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ការបំពុល​បរិស្ថាន និង​ការចំណាយ​លើ​ប្រេង​ឥន្ធនៈ គឺ​តិច​ជាង​មុន ហើយ​នឹង​ការ​យក​កូន​តូច​ទៅ​ដាក់​កន្លែង​មើលថែ​នៅ​ពេល​ឪពុកម្តាយ​ធ្វើការ​នោះ នឹង​ក្លាយជា​កត្តា​ជម្រុញ​កាន់តែខ្លាំង​ក្នុងការ​ឲ្យ​មាន​ការធ្វើការ​ពី​ផ្ទះ ក្រោយ​ពី​ជំងឺ​កូវីដ​១៩ បាន​បញ្ចប់​ទៅ។

លោក Gupta នៃ​វេទិកា India and Asia Pacific with Coursera បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «តាម​ជំរើស និង​តាម​ផែនការ យើង​ថា លោកអ្នក​ទៅ​ធ្វើការ​នៅ​រិយាល័យ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ លោកអ្នក​ប្រហែល​ជា​មាន ឬ គ្មាន​តុ​ធ្វើការផ្ទាល់​ខ្លួន​ទេ ហើយ​បី ឬ បួន​ថ្ងៃ​ទៀត លោកអ្នក អាច​ធ្វើការ​ពី​ផ្ទះ​ជា​ប្រចាំ​បាន»។

ក៏ប៉ុន្តែ ការបង្រួម​ទំហំ​ការិយាល័យ​ឲ្យ​តូច​ដោយសារ​បច្ចេកវិទ្យា និង​ការផ្តោត​ថ្មី​មួយ​ទៅ​លើ​ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ក្នុង​សង្គម គឺជា​អ្វី​ដែល​មនុស្ស​ជាច្រើន​មាន​ការភ័យ​ខ្លាច។ អ្នកស្រី Shweta Andrews បាន​ធ្វើ​ការ​ប្រៀបធៀប​ការ​ធ្វើការ​ពី​ផ្ទះ​នេះ ទៅ​នឹង​ការអាន​សៀវភៅ​អេឡិចត្រូនិច Kindle ដែល​អ្នកស្រី​ថា គឺ​មិន​ដូច​យើង​កាន់​សៀវភៅ​ក្រដាស​អាន​នោះ​ទេ។

អ្នកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «អារម្មណ៍​នៃ​ការកាន់សៀវភៅ​នៅក្នុង​ដៃ​របស់​លោកអ្នក ការប៉ះ ក្លិន​សៀវភៅ អារម្មណ៍​ជាក់​ស្តែង​ដែល​លោកអ្នក​បាន​ទទួលនោះ ក៏​ដូចគ្នា​នឹងទំនាក់ទំនង​ផ្ទាល់​ខ្លួន ដែល​យើង​បាន​ទទួល​នៅ​ក្នុង​ការិយាល័យដូច្នោះ​ដែរ។ ដូច្នេះហើយ បច្ចេកវិទ្យា ម៉ាស៊ីន​កុំព្យូទ័រ ការ​ឃើញ​មុខ​គ្នា​តាម Zoom និង​ការ​អាន​តាម​ឧបករណ៍ Kindle មិន​ល្អ​ដូច​កា​រជួប​មុខ​មនុស្សផ្ទាល់​នោះ​ទេ‍»។

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់