លោក​ Biden ការពារ​រដ្ឋាភិបាល​និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​សុន្ទរកថា​ទៅ​កាន់​សភា

លោក​ប្រធានាធិបតី​ Joe Biden ថ្លែង​ទៅ​កាន់​សភា​​ទាំង​ពីរ​អង្គ​របស់​សហរដ្ឋ​អាមេរិក ដោយ​មាន​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris និង​អ្នកស្រី​ប្រធាន​រដ្ឋសភា Nancy Pelosi ឈរ​នៅ​ពី​ក្រោយ​លោក នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១។

ដោយសារ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ សុន្ទរកថា​របស់​លោក​ប្រធានាធិបតី Joe Biden​ទៅ​កាន់​សភា​ទាំង​ពីរ​អង្គ មាន​ការ​ចូលរួម​របស់​មនុស្ស​តែ​២០០​នាក់​ប៉ុណ្ណោះ។ តាម​ធម្មតា​អ្នក​ចូលរួម​មាន​ចំនួន​១.៦០០​នាក់។

សារ​សំខាន់​របស់​លោក​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​គឺ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រដ្ឋាភិបាល​នៅ​តែ​អាច​បំពេញ​តួនាទី​របស់​ខ្លួន។

លោក Biden បានថ្លែងថា៖ «យើង​កំពុង​ចាក់​វ៉ាក់សាំង​ជូន​ប្រទេស​ជាតិ។ យើង​កំពុង​បង្កើត​ការងារ​រាប់​សែន។ យើង​កំពុងធ្វើ​ឲ្យ​មាន​លទ្ធផល​ពិតប្រាកដ​ដែល​មនុស្ស​ទាំងឡាយ​អាច​មើលឃើញ​និង​អាច​ជួយ​ជីវិត​របស់​ពួកគេ។ យើង​បើក​ឱកាស​ជាច្រើន។ យើង​ធានា​នូវ​ភាព​ស្មើគ្នា​និង​យុត្តិធម៌»។

លោក Biden បង្ហាញ​នូវ​ផែនការ​ជួយ​គ្រួសារ​អាមេរិកាំង​ដែល​មាន​ទឹកប្រាក់​ចំនួន ១,៨​លានលាន​ដុល្លារ ដើម្បី​ពង្រីក​សេវា​អប់រំ​និង​ថែទាំ​កូនក្មេង​ ដែល​មួយផ្នែកនឹង​យក​ពី​ថវិកា​នៃ​ការ​យក​ពន្ធពី​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន។ នេះ​ជា​ផែនការ​បន្ថែម​ពីលើ​ផែនការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទឹកប្រាក់​ ២,៣ លានលាន​ដុល្លារ ដែល​លោក​បាន​ប្រកាស​កាលពីខែមីនា។

លោក Biden ថ្លែងថា៖ «ផែនការ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​អាមេរិកាំង​ជា​ផែនការ​សាងសង់​ប្រទេស​អាមេរិក​សម្រាប់​ពលរដ្ឋ​ដែល​មិន​ចាំបាច់មាន​សញ្ញាបត្រ​ខ្ពស់»។

លោក Biden បាន​ថ្លែង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​សភា​ទាំង​ពីរ​អង្គ យឺត​ជាង​ប្រធានាធិបតី​ភាគច្រើន​កន្លងមក។ មូលហេតុ​នៃ​ការយឺត​យ៉ាវនេះ មិន​មែន​ដោយសារ​តែ​លោក​ចង់​ផ្តោត​ទៅលើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ទូទាំង​ប្រទេស​តែប៉ុណ្ណោះទេ ក៏ប៉ុន្តែ​ថែមទាំង​ដោយសារ​មាន​ការ​បារម្ភ​អំពី​រឿង​សន្តិសុខ​ផង​ដែរ។ ទើបតែ​កាលពី​៤​ខែមុន ក្រុម​អ្នកគាំទ្រ​លោក​អតីត​ប្រធានាធិបតី Donald Trump បាន​លុកលុយចូល​អគារ​សភា ដើម្បី​ព្យាយាម​បញ្ឈប់​ការ​រាប់​សន្លឹកឆ្នោត​ក្នុង​សភា​ដែល​បាន​បង្ហាញ​ថា​លោក Biden ជាអ្នកឈ្នះ​ឆ្នោត​ប្រធានាធិបតី​នោះ។

លោក​ប្រធានាធិបតី​ Joe Biden ថ្លែង​ទៅ​កាន់​សភាទាំង​ពីរ​អង្គ​របស់​សហរដ្ឋ​អាមេរិក ដោយ​មាន​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris និង​អ្នកស្រី​ប្រធាន​រដ្ឋសភា Nancy Pelosi ឈរ​នៅ​ពី​ក្រោយ​លោក នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១។

លោក Biden ថ្លែងថា៖ «នោះ​ជា​ការ​វាយប្រហារ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង តាំង​ពី​សង្គ្រាម​ស៊ីវិល​មក»។

លោក Biden ឥឡូវ​នេះ​កំពុង​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ដែល​មាន​រួម​ទាំង​អ្នកគាំទ្រ​លោក Trump ផង​នោះ ឲ្យ​គាំទ្រ​ផែនការ​ទាំងឡាយ​របស់​លោក។

លោក Todd Belt ​ជា​នាយក​នៃ​កម្មវិធី​សិក្សា​ផ្នែក​គ្រប់គ្រង​នយោបាយ នៃ​សាកលវិទ្យាល័យ George Washington។ លោក​ថ្លែងថា៖ «លោក Biden បាន​រៀបចំ​គោលនយោបាយ​របស់​លោក ​ជា​គោលនយោបាយប្រកួត​ប្រជែង​ដោយ​សេចក្តី​ស្នេហាជាតិ។ មានអ្នកណាចង់​ប្រឆាំង? លោក​រៀបចំ​សេចក្តីព្រាងច្បាប់​របស់​លោក​ស្តីពីការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ ជា​ផែនការ​បង្កើតការងារ​ជូនពលរដ្ឋ​អាមេរិកាំង ហើយ​និយាយ​ម្តងហើយ​ម្តងទៀត​អំពី​ការ​បង្កើត​ការងារ។ ដូច្នេះ​តើ​មាន​អ្នកណា​ប្រឆាំង​នឹង​រឿង​បែបនេះ?»

លោក Biden បាន​ធ្វើការ​អំពាវនាវ​របស់​លោក​ជាថ្មីឡើងវិញ នូវ​សេចក្តីព្រាងច្បាប់​ស្តីពី​កាំភ្លើង​ ​ហើយ​ខណៈ​ដែល​មាន​ការកើនឡើង​នូវ​ចំនួន​ជន​អន្តោប្រវេសន៍ នៅ​តាម​បណ្តោយ​ព្រំដែន​អាមេរិក ​លោក​បាន​តឿនឲ្យ​សភា​អនុម័ត​សេចក្តីព្រាងច្បាប់​អន្តោប្រវេសន៍​របស់​លោក​ឲ្យបាន​ឆាប់ៗ។

ក្នុងវិស័យ​នយោបាយ​ការ​បរទេស លោក Biden បាន​ផ្តោតទៅ​លើ​ការ​ដកទ័ព​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ការគំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ​ពី​ប្រទេស​កូរ៉េ​ខាងជើង​និង​អ៊ីរ៉ង់ និង​ការ​ទប់ទល់​ប្រទេស​រុស្ស៊ី។

លោក Biden បាន​ព្រមាន​ថា​លោក​ប្រធានាធិបតីចិន Xi Jinping មិនមែន​និយាយ​លេង​សើច​ទេ ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយ​ទៅ​ជា​ប្រទេស​សំខាន់​ជាទីបំផុត​មួយ​ក្នុង​ពិភពលោក ហើយ​ថា​សត្រូវ​របស់​អាមេរិក​កំពុងតែ​ចង់ឃើញ​ការ​បែកបាក់គ្នា​ក្នុង​សង្គម​អាមេរិក។

លោក Biden ថ្លែងថា៖ «ពួក​គេ​សម្លឹងមើល​រូប​ហ្វូងមនុស្សដែល​វាយប្រហារ​លើ​វិមាន​កាពីតូល ហើយ​ចាត់ទុក​ថា​ជា​ភស្តុតាង​ដែល​បង្ហាញថា​ព្រះ​អាទិត្យ​កំពុង​តែ​អស្តង្គតលើ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។ ប៉ុន្តែ​ពួកគេ​គិតខុសហើយ»។

អ្នកស្រី Jill Biden ដែល​ត្រូវជាភរិយា​លោក​ប្រធានាធិបតី Joe Biden មិន​បាន​នាំ​ភ្ញៀវ​មក​ចូលរួមដើម្បី​ជួយ​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​របៀប​វារៈ​របស់​លោក​ប្រធានាធិបតីទេ។ ប៉ុន្តែ​អ្នកស្រី​បាន​អញ្ជើញ​ពួកគេ​ឲ្យចូលរួម​តាម​អនឡាញ។ ភ្ញៀវទាំងនោះ​មាន​រួម​គិលានុបដ្ឋាយិកា​ម្នាក់​ដែលជា​ជន​អន្តោប្រវេសន៍ អ្នកគាំទ្រ​ការ​រឹតបន្តឹង​ច្បាប់​ទិញកាំភ្លើងម្នាក់ ហើយនឹង​ក្មេង​ជំទង់​ភេទ​ទី៣​ម្នាក់។

លោក Tim Scott ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាងគណបក្ស​សាធារណរដ្ឋ​តែម្នាក់គត់​ដែល​ជា​ជនជាតិ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នោះ បាន​ថ្លែង​សុន្ទរកថា​របស់​គណបក្ស​លោក ឆ្លើយតប​វិញនោះ បាន​បន្ថយ​នូវ​សារៈសំខាន់​នៃ​កិច្ច​ប្រឹងប្រែង​របស់លោក Biden ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក Tim Scott ថ្លែងថា៖ «ដោយសារ​តែ​គុណបំណាច់​នៃ​កម្មវិធីផលិត​វ៉ាក់សាំង​យ៉ាង​ឆាប់រហ័ស និង​រដ្ឋបាល​របស់​លោក Trump ទើប​ប្រទេស​យើង​មាន​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​យ៉ាង​ច្រើន​ហូរហៀរ​បែបនេះ»។

ជាលើកទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ ស្ត្រី​២​នាក់​ស្ថិត​នៅពី​ក្រោយ​ប្រធានាធិបតី​អាមេរិក ក្នុង​អំឡុង​នៃ​ការ​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា។ អ្នក​ទាំងពីរ​គឺ​អ្នកស្រី​អនុប្រធានាធិបតី Kamala Harris និង​អ្នកស្រី​ប្រធានរដ្ឋសភា Nancy Pelosi ដែលមាន​លំដាប់​ទី២ និង​ទី៣ ក្នុង​ការ​ឡើង​បន្ត​តំណែង​ប្រធានាធិបតី។

ប្រែសម្រួលដោយលោក ប៉ូច រាសី