លោកប្រធានាធិបតី Joe Biden បានប្រាប់សម័យប្រជុំសភារួមគ្នាថា «បន្ទាប់ពីការសង្គ្រោះនិងការកែសម្រួលឡើងវិញរយៈពេល១០០ថ្ងៃ អាមេរិកត្រៀមខ្លួនរួចស្រេចហើយ» ដោយលោកប្រើឱកាសនេះដើម្បីជំរុញសំណើគម្រោងថវិកាចំណាយរបស់លោកចំនួន៤លាន លានដុល្លារនិងបានលើកសរសើរកិច្ចការរបស់លោកក្នុងការទប់ទល់វិបត្តិជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃពុធ លោកប្រធានាធិបតីបាននិយាយថា លោកបានទទួលមរតកដឹកនាំពេលប្រទេសមានវិបត្តិប្រឈមនឹងជំងឺរាតត្បាតធ្ងន់ធ្ងរបំផុតក្នុងមួយសតវត្សរ៍វិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតតាំងពីមានវិបត្តិសេដ្ឋកិច្ចដ៏ធំនិងការវាយប្រហារអាក្រក់បំផុតទៅ លើលទ្ធិប្រជាធិបតេយ្យរបស់យើងចាប់តាំងពីសង្គ្រាមស៊ីវិលមក។
សុន្ទរកថានៅមុនថ្ងៃចូលកាន់តំណែងគ្រប់រយៈពេល១០០ថ្ងៃនេះមិនត្រូវបានចាត់ទុកថាជាសុន្ទរកថាស្តីពីស្ថានភាពសហព័ន្ធ» ឬ State of the Union ទេ ពីព្រោះវាត្រូវបានថ្លែងនៅក្នុងឆ្នាំដំបូងនៃអាណត្តិប្រធានាធិបតីថ្មី។ វាក៏ត្រូវបានគេមើលឃើញថាជាសុន្ទរកថាប្រធានាធិប តីប្រចាំឆ្នាំទៅកាន់ទាំងរដ្ឋសភានិងព្រឹទ្ធសភាដោយសារតែការរឹតត្បិតបណ្តាលមកពីមេរោគរាតត្បាត។
ជាធម្មតាមានមនុស្សដល់ទៅ១៦០០នាក់ចូលរួមពេញអង្គសភាដើម្បីចូលរួមស្តាប់សុន្ទរកថាប្រធានាធិបតី។ ប៉ុន្តែលើកនេះមានមនុស្សតែ២០០ នាក់ប៉ុណ្ណោះដែលភាគច្រើនជាសមាជិកសមាជិកាសភានិងមន្រ្តីមួយចំនួនតូចមកពីសាខាផ្សេងៗនៃរដ្ឋាភិបាលព្រមទាំងសមាជិកគ្រួសារផង។ ពួកគេអង្គុយឃ្លាតឆ្ងាយពីគ្នានៅក្នុងបន្ទប់សភាហើយពាក់ម៉ាស។
លោកBidenបាននិយាយពីកន្លែងដែលក្រុមបះបោរបានចូលកាន់កាប់នៅថ្ងៃទី៦ ខែមករានៅ ពេលអ្នកគាំទ្រលោកអតីតប្រធានាធិបតី Donald Trump សម្រុកឆ្លងកាត់មន្ត្រីពង្រឹងច្បាប់ចូលទៅក្នុងអគារសភាអាមេរិកដើម្បីរារាំងការទទួលស្គាល់ថា លោក Bidenឈ្នះការបោះ ឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាកន្លងទៅ៕