រដ្ឋមន្ត្រី​ការបរទេស​ចិន​ពន្លះ​អាមេរិក​ក្នុង​សន្និសីទ​កាសែត​ផ្លូវការ​លើក​ដំបូង​របស់​ខ្លួន

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang ចូលរួម​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន នៅ​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

នៅ​ក្នុង​សន្និសីទ​កាសែត​លើក​ដំបូង​បង្អស់​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​តាំងពី​ពេល​ចូល​កាន់​តំណែង​មក រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang បាន​ពន្លះសហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ទំនាក់ទំនង​ទ្វេ​ភាគី​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​និង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក​ក៏​បាន​និយាយ​បញ្ឆិតបញ្ឆៀង​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឱ្យ​អន្តរាយ​ដល់​កិច្ច​ប្រឹងប្រែង​ដើម្បី​សន្តិភាព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​ធ្វើ​ឱ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន​កាន់តែ​អូស​បន្លាយ​ទៅ​មុខ​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

គោល​នយោបាយ​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​ចិន​បាន «ងាក​ចេញ​ទាំងស្រុង​ពី​គន្លង​សម​ហេតុ​ផល​និង​ត្រឹមត្រូវ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Qin ប្រាប់​អ្នក​កាសែត​នៅ​ក្រៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ប្រទេស​ចិន ក្នុង​សន្និសីទ​កាសែត​ផ្លូវការ​ដែល​ត្រៀម​ឡើង​របស់​លោក​តែ​មួយ​គត់ក្នុង​ឆ្នាំ​នេះ។

លោក​បាន​និយាយ​ថា រដ្ឋាភិបាល​អាមេរិក «មាន​បំណង​បង្អាក់​និង​ជិះជាន់​ប្រទេស​ចិន​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ និង​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជាប់​គាំង​នៅ​ក្នុង​ការ​ប្រជែង​ចាញ់​ឈ្នះ»។

លោក Qin បាន​ថ្លែង​ថា៖ «របាំង​ការពារ​ដែល​បង្កើត​ឡើង​និង​ការ​មិន​ចង់​ឱ្យ​មាន​ជម្លោះ​ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​នោះ​គឺ​ចង់​មាន​ន័យ​ថា ​ប្រទេស​ចិន​គួរតែ​មិន​ឆ្លើយតប​ជា​ពាក្យ​សម្ដី​ ឬ​សកម្មភាព​នៅ​ពេល​ណា​ដែល​ត្រូវ​គេ​មួល​បង្កាច់ ​ឬ​វាយ​ប្រហារ។ នោះ​ជា​រឿង​ដែល​ចិន​មិន​អាច​ធ្វើ​បាន​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​បញ្ឈប់ ហើយ​នៅតែ​បន្ត​បង្កើន​ល្បឿន​តាម​គន្លង​ខុសឆ្គង នោះ​គ្មាន​របាំង​ការពារ​ណា​មួយ​អាច​បង្ការ​មិន​ឱ្យ​ធ្លាក់​ខុស​ពី​គន្លង​បាន​ទេ ហើយ​ជម្លោះ​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ប្រាកដ​ជា​នឹង​កើតឡើង។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ដូច​នេះ​គឺ​ជា​ល្បែង​ដែល​គ្មាន​ការ​គិត​ពិចារណា​ត្រឹមត្រូវ ដោយ​មាន​ហានិភ័យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​មូលដ្ឋាន​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ និង​សូម្បីតែ​អនាគត​នៃ​មនុស្សជាតិ​ផង​ដែរ»។

ភាសា​ខ្លាំងក្លា​របស់​លោក Qin នេះ​ហាក់​ដូចជា​ផ្ទុយ​ពី​ការ​រំពឹងទុក​ដែល​ថា ​ប្រទេស​ចិន​បាន​លះបង់​ចោល​ការទូត​បែប «ចចក​ចម្បាំង» ដ៏​គឃ្លើន​របស់​ខ្លួន​ដើម្បី​ឱ្យ​គេ​មើល​មក​ខ្លួន​ថា​មាន​លក្ខណៈ​កណ្ដាល​និយម ស្រប​ពេល​ដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទាក់ទិន​នឹង​បញ្ហា​ពាណិជ្ជកម្ម​និង​បច្ចេកវិទ្យា បញ្ហា​តៃវ៉ាន់ បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន៕