ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក​ពិភាក្សា​​អំពី​ទំនាក់​ទំនង​រវាង​អាមេរិក​ចិន​​​​នៅ​ក្នុង​ការ​ហៅ​តាម​ទូរសព្ទ​ជា​មួយ​​រដ្ឋមន្ត្រីការបរទេស​ចិនថ្មី


រូបឯកសារ៖ រូបផ្គុំ​នេះ​បង្ហាញ​ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Qin Gang។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាននិយាយតាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែល​ទើបត្រូវ​បាន​តែង​តាំង​ថ្មី​ គឺ​លោក Qin Gang។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Blinkenនៅ​លើ​បណ្តាញ Twitter បន្ទាប់ពីប្រទេស​ចិន​កាល​ពី​សប្តាហ៍​មុន​បាន​តែង​តាំង​ឯកអគ្គរដ្ឋទូតរបស់​ខ្លួន​ប្រចាំសហរដ្ឋ​អាមេរិក​រូប​នេះឱ្យ​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសថ្មី​របស់​ចិន។

លោក Blinken បាន​និយាយ​ថា​នៅ​ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​រដ្ឋមន្ត្រី​ការបរ ទេស​ចិន​ថ្មី​នោះ លោក​បាន​ពិភាក្សាពី​ទំនាក់​ទំនង​រវាង​អាមេរិក​និងចិន​ហើយនឹង​ការ ថែរក្សា​ខ្សែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​នៅ​បើក​ចំហ។

ចិន​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​បាន​តែង​តាំង​លោក Qin ដែល​ជា​ឯកអគ្គរដ្ឋទូត​របស់​ខ្លួនប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​និង​ជាជំនួយការ​ដ៏​ទុកចិត្ត​ម្នាក់​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ឱ្យ​ធ្វើ​ជារដ្ឋមន្ត្រី​ការបរទេស​ថ្មីរបស់​ខ្លួន ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ស្វះស្វែង​ធ្វើ​ឱ្យ​មាន​ស្ថិរភាពឡើង​វិញ​នូវ​ទំនាក់​ទំនង​ដ៏​រកាំរកូស​រវាង​ប្រទេស​ទាំង​ពីរ។

លោក Qin ដែល​មាន​អាយុ​៥៦​ឆ្នាំ​នឹង​ត្រូវ​ជំនួសលោក Wang Yi ដែលបានធ្វើជា​រដ្ឋមន្ត្រី​ការបរទេស​ចិនអស់​រយៈ​ពេល​១០​ឆ្នាំ​មកហើយ។ លោក Wang ដែល​មានវ័យ៦៩​ឆ្នាំ​នោះ​ត្រូវ​បាន​តម្លើង​តួនាទីជាសមាជិក​ការិយាល័យ​នយោបាយនៅ​ក្នុងបក្ស​កុម្មុយនីស្ត​ចិន​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ ហើយ​ត្រូវ​គេ​រំពឹង​ថា​នឹង​ដើរតួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​គោល​នយោបាយ​ការបរទេសរបស់​ចិន​ផង​ដែរ។

បើ​ទោះ​បីរដ្ឋមន្ត្រី​ការបរទេស​ថ្មី​លោក Qin មាន​ភាព​សុទិដ្ឋិនិយមអំពី​ទំនាក់​ទំនងរវាង​ចិន​និង​អាមេរិក​ក្នុង​អំឡុង​ពេល​នៃ​ការកាន់តំណែង​ជា​ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​សហរដ្ឋ​ អាមេរិក​ដែល​មាន​រយៈពេល​ខ្លី​ត្រឹម​ប្រមាណ​តែ​១៧​ខែប៉ុណ្ណោះ ហើយ​ឯកអគ្គរដ្ឋទូត​ចិន​មុន​លោកក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​កាន់​តំណែង​នេះ​អស់រយៈពេល​៨​ឆ្នាំ​ក៏​ដោយ ក៏​មុខ​តំណែងរបស់​លោក​បាន​កើត​មាន​ឡើង​ចំ​ពេលដែល​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេសមហាអំណាច​ទាំង​កំពុង​តែ​ចុះដុនដាប​យ៉ាង​ខ្លាំង។

គេ​ឃើញ​មាន​ការកើន​ឡើង​នូវ​ភាពតានតឹង​យ៉ាង​ខ្លាំង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុងអំឡុង​ពេល​នៃ​ការកាន់តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន​របស់​លោក Wang Yi លើបញ្ហា​ជា​ច្រើន ដោយ​រាប់តាំង​ពីបញ្ហា​ពាណិជ្ជកម្ម​រហូត​ដល់បញ្ហា​កោះ​តៃវ៉ាន់​ជាដើម៕



ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG