IMF​ជំរុញ​សហរដ្ឋ​អាមេរិក​និង​ចិន​ឲ្យ​បន្ធូរ​បន្ថយ​សង្គ្រាម​ពន្ធគយ​

លោកស្រី Christine Lagarde​ ប្រធាន IMF និង​លោក Jim Yong Kim ប្រធាន​ធនាគារ​ពិភពលោក​ ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ Fintech Agenda នៅ​កោះ​បាលី។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​និយាយ​ថា​ សេដ្ឋ​កិច្ច​សហ​រដ្ឋ​អាមេរិកមាន​កម្លាំង​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន ​ពី​ព្រោះ​តែ​គោលនយោបាយ​សេដ្ឋ​កិច្ចនិង​ពាណិជ្ជកម្ម​របស់​លោក។​ ក៏ប៉ុន្តែ ​មូលនិធិ​រូបីយ​វត្ថុ​អន្តរ​ជាតិ​ IMF​ និង​ធនាគារ​ពិភពលោក​កំពុង​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​ចិន​បន្ធូរ​បន្ថយ​សង្គ្រាម​ពន្ធគយ​របស់​ខ្លួន ដោយ​និយាយ​ថា ​ភាព​មិន​ចាញ់​មិន​ឈ្នះ​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ការរីក​លូត​លាស់​សេដ្ឋ​កិច្ច​សាកល​លោក។

ការ​ប្រែ​ប្រួល​ដ៏​ឆាប់​រហ័ស​នៃ​ផ្សារ​ភាគហ៊ុន​ Wall Street ​បាន​រាល​ដាល​ទៅ​កាន់​ទីផ្សារ​អាស៊ី និង​អឺរ៉ុប​នៅកាល​ពី​សប្តាហ៍​មុន។​ លោក ​Desmond Lachman ​នៃ​វិទ្យា​ស្ថាន American Enterprise ​និយាយ​ថា​ ពួក​អ្នក​វិនិយោគ​ទុន​មាន​ហេតុ​ផល​ត្រូវ​ព្រួយ​បារម្ភ។លោក​ Desmond Lachman​ បាន​ថ្លែង​ថា៖ «ធនាគារ​កណ្តាល​របស់​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ​មើល​ទៅ​នឹង​ត្រូវ​បង្កើន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​មនុស្ស​រំពឹង​ទុក ​សូរ​សំឡេង​ខ្លះ​ចេញ​ពី​ធនាគារ​កណ្តាល​ថា ​អាចដំឡើ​ងអត្រា​ការ​ប្រាក់។ ការណ៍​នេះ​ធ្វើ​ឲ្យអ្នក​វិនិយោគ​ទុន​មាន​ការ​មិន​ស្រួល​ក្នុង​ចិត្ត។​ ចំណែក​ខាង​ពាណិជ្ជកម្ម​វិញ ​មាន​ភាព​មិន​ប្រាកដ​ប្រជា​អំពី​ចិន ​វា​ប្រាកដជា​មាន​ផលប៉ះ​ពាល់»។

សង្គ្រាម​ពន្ធគយ​រវាង​សហរដ្ឋ​អាមេរិកនិង​ចិន​ជា​ការ​យក​ចិត្ត​ទុក​ដាក់របស់​ជំនួប​មូល​និធិរូបិយ​វត្ថុ​អន្តរជាតិ ​IMF ​និង​ធនាគារ​ពិភពលោក​នៅ​លើ​កោះ​បាលី​នៃ​ប្រ​ទេស​ឥណ្ឌូនេស៊ី។

លោកស្រី ​Christine Lagarde​ នាយិកា​នៃ​មូលនិធិ​រូបីយ​វត្ថុ​អន្តរជាតិ​ IMF ​បាន​និយាយ​ថា៖ «យើងប៉ាន់​ស្មាន​ថា ការ​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​នៃ​ការ​តាន​តឹង​ពាណិជ្ជកម្ម​នៅ​ពេល​បច្ចុប្បន្ន​នេះ​ អាច​កាត់​បន្ថយ​ផលិត​ផល​ក្នុង​ស្រុក​របស់​សាកល​លោក​ (GDP) ​ជិត​១​ភាគរយ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ខាង​មុខ​ទៀត។​ ជាការ​ពិត​ណាស់ ​យើង​ចាំ​បាច់​បន្ធូរ​បន្ថយ​ជម្លោះ​ទាំង​នោះ ​ក៏ប៉ុន្តែ ​យើង​ចាំ​បាច់​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពាណិជ្ជកម្ម​សាកល​លោក​ដើម្បី​ធ្វើ​ឲ្យ​វា​ប្រសើរ​ឡើង ​ខ្លាំង​ឡើង ​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​អស់​និង​មនុស្ស​ទាំង​អស់​ ហើយ​និង​សាក​សម​សម្រាប់​ពេល​អនាគត»។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ស្តី​បន្ទោស​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​ការ​រំជើប​រំជួល​ទីផ្សារ​ហិរញ្ញវត្ថុ។​ លោក​ប្រធានា​ធិបតី​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​ធនាគារ​កណ្តាលកំពុង​ធ្វើ​ខុស។​ ធនាគារ​កណ្តាល​រឹត​បន្តឹង​ខ្លាំង​ពេក។​ ខ្ញុំ​គិតថា ​ធនាគារ​កណ្តាល​កំពុង​ឆ្កួត​ហើយ»។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ថា ​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក។ ​ពួក​អ្នក​វិភាគ ​យល់​ស្រប​ថា ​គោល​នយោបាយ​របស់​លោកធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​សេដ្ឋ​កិច្ច​សហរដ្ឋ​អាមេរិក​រយៈ​ពេល​ខ្លី។

​ក្នុង​រយៈ​ពេល​យូរ​ ពួក​គេ​មាន​ការព្រួយ​កង្វល់​ពី​ការ​កើន​ឡើង​នូវ​ឱនភាព​ពាណិជ្ជ​កម្ម​និង​ថវិកា​របស់​រដ្ឋបាល​ប្រធានាធិបតី​ត្រាំ​ ដែល​បាន​នាំ​ឲ្យ​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​បង្កើន​អត្រា​ការ​ប្រាក់​ដែល​អាច​ប៉ះ​ពាល់​ប្រទេស​ដែល​មានសេដ្ឋ​កិច្ច​ងើប​ឡើង។

លោក​ Desmond Lachman​ នៃវិទ្យាស្ថាន American Enterprise ​បាន​ថ្លែង​ទៀត​ថា៖ «នៅ​ពេល​ដែល​អត្រា​ការ​ប្រាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង ​នៅ​ពេល​ដែល​ប្រាក់​ដុល្លារ​ឡើង​ថ្លៃ ប្រាក់​ដែល​ទៅ​កាន់​ទីផ្សារ​ប្រទេស​មាន​សេដ្ឋ​កិច្ច​ងើប​ឡើង​វិល​ត្រ​ឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​នៅ​ពេល​ឥឡូវ​នេះ​ហើយ​សេដ្ឋ​កិច្ច​ទីផ្សារ​របស់​ប្រទេស​ដែល​សេដ្ឋ​កិច្ច​ងើប​ឡើង​ដូចជា​ប្រទេស​អាហ្សង់ទីន ​ឬតួកគី​ឬ​ ប្រ​ទេសអាហ្វ្រិក​ខាង​ត្បូង​ដែល​មិន​ប្រើ​ប្រាក់​នោះ ​ហើយ​បន្ទាប់​មក​មាន​អតុល្យ​ភាព​និង ឱនភាព​យ៉ាង​ខ្លាំង ពួក​គេ​ឥឡូវនេះកំពុង​មាន​បញ្ហា​ដើម្បី​ដោះស្រាយ​ស្ថានភាព​រូបីយវត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

សង្គ្រាម​ពន្ធដារវាង​សហរដ្ឋ​អាមេរិក​និង​ចិន​ធ្វើ​ឲ្យមាន​បញ្ហា។ លោក Jim Yong Kim ប្រធានធនាគារ​ពិភពលោក​ព្រមាន​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រុង​ប្រៀប​ទប់​ទល់់​សង្គ្រាម​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​អនាគត។ លោក​ថ្លែង​ថា៖«យើង​ត្រូវ​គិត​ច្រើន​អំពី​អ្វី​ដែល​ប្រទេស​អភិវឌ្ឍន៍​ចាំ​បាច់​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​ប្រុង​ប្រៀប​រៀប​ចំ​សម្រាប់​ការ​តាន​តឹង​ពាណិជ្ជកម្ម​ដ៏​អាក្រក់។ ដូច្នេះ ​យើង​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ហើយយើង​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​នីមួយៗ​ដើម្បី​ប្រុង​ប្រៀប​រៀប​ចំ​សម្រាប់​ពួក​គេ​ក្នុង​ករណី​បញ្ហា​នេះ​កាន់​តែ​អាក្រក់​ឡើង»។

ចិន​និយាយ​ថា​ ខ្លួន​កំពុង​ទាក់​ទង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ពេល​មាន​សេចក្តី​រាយការណ៍​ពី​គម្រោង​នៃ​ជំនួប​រវាង​ប្រធានា​ធិបតី​ចិន ​ស៊ី ​ជីង​ពីង ​និង​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​នៅ​ខែ​ក្រោយ៕

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន