មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថា សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនធ្វើឲ្យប៉ះពាល់ដល់ការរីកលូតលាស់សេដ្ឋកិច្ចសាកលលោក។ ការព្យាករណ៍ថ្មីកើតមានឡើងនៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គំរាមកំហែងម្តងទៀតដាក់ពន្ធគយកាន់តែច្រើនឡើងលើទំនិញនាំចេញរបស់ចិនមកកាន់សហរដ្ឋអាមេរិក។
សង្គ្រាមពាណិជ្ជកម្មដែលរីកកាន់តែធំឡើងរវាងសហរដ្ឋអាមេរិក និងចិននឹងរារាំងការរីកលូតលាស់សេដ្ឋកិច្ចសាកលលោកនៅឆ្នាំនេះ និងឆ្នាំក្រោយ នេះតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានប្រាប់កាលពីថ្ងៃអង្គារ នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងម្តងទៀតដាក់ពន្ធគយកាន់តែខ្ពស់ឡើងលើការនាំទំនិញចេញរបស់ចិនមកកាន់សហរដ្ឋអាមេរិក។
នៅក្នុងការវាយតម្លៃថ្មីមួយដែលបានចេញផ្សាយនៅឯជំនួបនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី មូលនិធិរូបីវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា «ប្រទេសទាំងអស់ នឹងរងផលប៉ះពាល់»នៅពេលដែលសហរដ្ឋអាមេរិកនិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចដ៏ធំបង្អស់២ របស់ពិភពលោកបានឈ្លោះប្រកែកគ្នាលើពន្ធគយហើយនឹងបញ្ហាពាណិជ្ជកម្មផ្សេងទៀត។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានប្រាប់ឲ្យដឹងទៀតថា ជម្លោះរវាងសហរដ្ឋអាមេរិកនិងចិន ជាពិសេសនឹងធ្វើឲ្យប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ទទួលផលប៉ះពាល់ដល់មានការតឹងតែងភ្លាមៗ។
ទីភ្នាក់ងារហិរញ្ញវត្ថុអន្តរជាតិបានទម្លាក់ចោលការព្យាករណ៍របស់ខ្លួនសម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចមកនៅត្រឹម២ភាគ១០នៃមួយភាគរយសម្រាប់ទាំងឆ្នាំ២០១៨និង២០១៩មកនៅត្រឹម2,5ភាគរយនៅឆ្នាំក្រោយ ហើយនៅត្រឹម1,8 ភាគរយនៅឆ្នាំ២០២០ នៅពេលឥទ្ធិពលនៃការបន្ថយពន្ធដាររបស់សហរដ្ឋអាមេរិកធ្លាក់ចុះបន្តិចម្តងៗហើយសង្គ្រាមពាណិជ្ជកម្មជាមួយចិនបានទប់ការរីកចម្រើនសេដ្ឋកិច្ចនោះ។
លោក Maurice Obtfeld សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិរូបីវត្ថុអន្តរជាតិ (IMF) បានប្រាប់ពួកអ្នកយកព័ត៌មានថា «មិនមានការបដិសេធថា មានផលប៉ះពាល់ដ៏តក់ស្លុតជាសាកលបានកើតមានឡើង»។
សហរដ្ឋអាមេរិកនិងចិនបានដាក់ពន្ធគយកាន់តែច្រើនឡើងលើទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារដែលប្រទេសទាំង២បាននាំចេញទៅវិញទៅមក ដោយមិនមានសញ្ញាបញ្ចប់ភ្លាមៗនោះទេដល់ជម្លោះទៅវិញទៅមករវាងប្រទេសទាំង២នេះ។លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបង្ហាញនូវភាពសមហេតុផលអំពីការយកពន្ធគយសហរដ្ឋអាមេរិកខ្ពស់ថាជាការឆ្លើយតបទៅនឹងអតុល្យភាពខាងពាណិជ្ជកម្មរវាងប្រទេសទាំង២ ហើយចិនបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងការយកពន្ធគយលើការនាំចូលទំនិញសហរដ្ឋអាមេរិកក្នុងប្រទេសខ្លួន។
កាលពីឆ្នាំទៅ ចិនបានដឹកជញ្ជូនទំនិញដែលមានតម្លៃ៣៧៥ពាន់លានដុល្លារច្រើនជាងទៅកាន់សហរដ្ឋអាមេរិកជាងចិនបាននាំចូលមកពីសហរដ្ឋអាមេរិក ជាតួលេខដែលប្រធានាធិបតីត្រាំជារឿយៗបាននិយាយថា លោកចង់ទប់ស្កាត់យ៉ាងខ្លាំងនៅក្នុងការខំប្រឹងប្រែងមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវពាណិជ្ជកម្មអាមេរិកាំង។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែងរបស់លោកដាក់ពន្ធគយលើទំនិញនាំចូលបន្ថែមដែលមានតម្លៃ២៦៧ពាន់លានដុល្លារ ប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងបង្កើនយកពន្ធគយកាន់តែខ្ពស់ឡើងលើផលិតផលសហរដ្ឋអាមេរិកដែលចូលក្នុងប្រទេសចិន។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា «ចិនចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយខ្ញុំ និយាយថា ចិនមិនទាន់បានប្រុងប្រៀបខ្លួននៅឡើយទេ។ខ្ញុំ ទើបតែនិយាយថា ចិនមិនទាន់បានប្រុងប្រៀបរៀបចំខ្លួននៅឡើយទេ។ហើយ យើងបានលប់ចោលជំនួបបីបួនដងមកហើយពីព្រោះខ្ញុំនិយាយថា ពួកគេមិនទាន់បានប្រុងប្រៀបខ្លួនដើម្បីធ្វើកិច្ចព្រមព្រៀងនោះទេ»។
លោកប្រធានាធិបតីត្រាំ បានពោលអះអាងថា ចិនបានធ្វើការសងសឹករួចហើយប្រ ឆាំងនឹងការបង្កើនពន្ធគយរបស់លោក។កាលពីខែកញ្ញា លោកប្រធានាធិបតីត្រាំបានដាក់ពន្ធគយលើការនាំចូលទំនិញចិនដែលមានតម្លៃជិត២រយពាន់លានដុល្លារ ដោយចិនបានឆ្លើយតបដោយយកពន្ធគយកាន់តែខ្ពស់ដែលមានតម្លៃ៦០ពាន់លានដុល្លារលើការនាំចូលទំនិញសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន