ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បានបញ្ចេញគំនិតសុទិដ្ឋិនិយមកាលពីថ្ងៃអាទិត្យថា ផែនការកាត់បន្ថយពន្ធនិងបន្ថែមការចំណាយទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកប្រសើរឡើង ប៉ុន្តែអាចធ្វើឲ្យមានវិបត្តិដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលពិភពលោកក្នុងទីក្រុងឌូបៃ លោកស្រី Lagarde បានមានប្រសាសន៍ថា៖ «ពីអ្វីតិចតួចដែលយើងបានដឹង ហើយខ្ញុំនឹងនិយាយទទូចនៅលើអ្វីតិចតួចដែលយើងដឹងនោះ ដោយសារតែនេះជាដំណើរការការងារ ប៉ុន្តែពីអ្វីតិចតួចដែលយើងបានឮ យើងអាចមានហេតុផលដើម្បីមានសុទិដ្ឋិនិយមទៅលើកំណើនសេដ្ឋកិច្ចអាមេរិក»។
សន្ទស្សន៍ផ្សារហ៊ុនភាគច្រើននៅអាមេរិកកំពុងតែស្ថិតជិតទៅរកកម្រិតខ្ពស់មួយ ដោយសារតែមេដឹកនាំថ្មីរបស់អាមេរិកសន្យាថា នឹងបង្ហាញពីផែនការកាត់បន្ថយពន្ធនៅក្នុងរយៈពេល២ឬ៣សប្តាហ៍ខាងមុខនេះ និងសន្យាចំណាយប្រាក់១លានលានដុល្លារក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីជួសជុលផ្លូវថ្នល់ ស្ពាន និងពង្រីកអាកាសយានដ្ឋានដែលខូចខាតនៅក្នុងប្រទេស។
ប៉ុន្តែវិធានការទាំង២នេះត្រូវការការអនុម័តពីសភា ដែលតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋគ្រប់គ្រង ដែលពួកគេបានបញ្ចេញការមន្ទិលសង្ស័យអំពីការផ្លាស់ប្តូរដែលអាចនឹងធ្វើឲ្យបំណុលរយៈពេលវែងរបស់អាមេរិកកើនឡើងដល់ជិត២០លានលានដុល្លារ៕