ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចៅក្រម​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​អនុវត្ត​បទបញ្ជា​របស់​លោក​ប្រធានាធិបតី ត្រាំ ឡើង​វិញ​នោះ​ទេ


បុរស​ម្នាក់​ដើរ​នៅ​លើ​កាំជណ្តើរ​នៃ​អគារ​សាលា​ឧទ្ធរណ៍​អាមេរិក​ទី​៩​នៅ​ក្នុង​ទីក្រុង San Francisco កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។

សាលា​ឧទ្ធរណ៍​សហព័ន្ធ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​មិន​ឲ្យ​អនុវត្ត​ឡើង​វិញ​នូវ​បទបញ្ជា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ការ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ទាំង​៧​ចូល​មក​កាន់​សហរដ្ឋអាមេរិក។

អង្គ​តុលាការ​មួយ​ដែល​មាន​ចៅក្រម​៣​នាក់​មក​ពី​សាលា​ឧទ្ធរណ៍​អាមេរិក​ទី​៩​នៅ​ក្នុង​ទីក្រុង San Francisco បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុង​ការ​រក្សា​សាលក្រម​របស់​សាលា​ដំបូង​ដែល​ព្យួរ​ការ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​កាន់​សាសនា​ឥស្លាម​មក​ពី​ប្រទេស​ទាំង​៧​ចូល​មក​សហរដ្ឋ​អាមេរិក និង​អនុញ្ញាត​ឲ្យ​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ហាមឃាត់​កាល​ពី​មុន​អាច​ចូល​មក​កាន់​សហរដ្ឋ​អាមេរិក​បាន។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​ភ្លាមៗ​ក្រោយ​ពី​តុលាការ​បាន​ប្រកាស​អំពី​សេចក្តី​សម្រេច​នេះ​ថា «ជួប​គ្នា​នៅ​តុលាការ ហើយ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​របស់​យើង​កំពុង​តែ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ហើយ»។ បន្តិច​ក្រោយ​មក លោក ត្រាំ ​បាន​ត្អូញត្អែរ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​ថា តុលាការ​ធ្វើ «សេចក្តីសម្រេច​ដែល​មាន​លក្ខណៈ​នយោបាយ» ហើយ​នៅ​ទីបំផុត រដ្ឋបាល​របស់​លោក​នឹង​ឈ្នះ​ក្នុង​ករណី​នេះ​ «ដោយ​ងាយ​ស្រួល»។ ​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង Seattle លោក Bob Ferguson រដ្ឋអាជ្ញា​នៃ​រដ្ឋ Washington ដែល​ប្រឆាំង​នឹង​ការ​អនុវត្ត​បទបញ្ជា​របស់​លោក​ប្រធានាធិបតី​ឡើង​វិញ​បាន​មាន​ប្រសាសន៍​ថា «ប្រទេស​យើង​មាន​ច្បាប់ ហើយ​គ្រប់គ្នា​ត្រូវ​តែ​អនុវត្ត​ច្បាប់​ទាំង​នោះ ហើយ​ប្រធានាធិបតី​អាមេរិក​ក៏​ត្រូវ​អនុវត្ត​ដែរ។ តាម​គំនិត​របស់​ខ្ញុំ អនាគត​របស់​រដ្ឋធម្មនុញ្ញ​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ហើយ»៕

XS
SM
MD
LG