លោកប្រធានាធិបតីស.រ.អា. Donald Trump បាននិយាយថា លោកនឹងអភិវឌ្ឍន៍ «ទំនាក់ទំនងមួយប្រកបដោយការស្ថាបនាដែលផ្តល់អត្ថប្រយោជន៍ដល់ស.រ.អា. និងប្រទេសចិន»។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា លោក Trump បានសម្តែងមនោសញ្ចេតនានេះនៅក្នុងសារលិខិតមួយច្បាប់ផ្ញើទៅជូនលោកប្រធានាធិបតីចិន Xi Jinping។
សេតវិមានបាននិយាយដែរថា លោក Trump បានអរគុណលោក Xi ចំពោះលិខិតមួយច្បាប់ដែលលោកប្រធានាធិបតីចិនបានសរសើរលោកនៅពេលលោកសម្ពោធចូលកាន់តំណែងកាលពីខែមុន។ លោក Trump ក៏បានជូនពរដល់ប្រជារាស្ត្រចិន «ឱ្យបានសប្បាយរីករាយក្នុងពិធីបុណ្យអុជគោម និងឱ្យមានភាពសម្បូររុងរឿងក្នុងឆ្នាំរកាផងដែរ»។
លោក Lu Kang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនអរគុណដល់សារលិខិតរបស់លោក Trump ហើយថា ចិនចង់ធ្វើការជាមួយស.រ.អា.ដើម្បីឧបត្ថម្ភផ្ចុងផ្តើមកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ចំណងទាក់ទងគ្នាឱ្យបានជិតស្និទ្ធជាងមុនថែមទៀត។
មេដឹកនាំស.រ.អា. និងចិនទាំងពីរនាក់នេះមិនបាននិយាយគ្នាទេចាប់តាំងពីលោក Trump បានក្លាយទៅជាប្រធានាធិបតីអាមេរិកាំង ក៏ប៉ន្តែលោក Kang បានថ្លែងថា ប្រទេសទាំងពីរបានថែរក្សាឱ្យមាន «ការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ»៕