លោកអនុប្រធានាធិបតី Mike Pence មកពីតំបន់កណ្តាលនៃភាគខាងលិចសហរដ្ឋអាមេរិក។ លោកមានគំនិតអភិរក្សនិយមយ៉ាងខ្លាំង។
លោក Mike Pence បានថ្លែងថា៖
«អ្នកដែលស្គាល់ខ្ញុំច្បាស់ដឹងថា ខ្ញុំគឺជាមនុស្សសាមញ្ញម្នាក់។ ខ្ញុំគឺជាអ្នកកាន់សាសនាគ្រិស្ត ហើយខ្ញុំជាមនុស្សអភិរក្សនិយម និងជាសមាជិកគណបក្សសាធារណរដ្ឋមួយរូប»។
លោកនាំមកនូវសេចក្តីថ្លៃថ្នូរពីរដ្ឋកំណើតរបស់លោក។
លោក Randy Decleene មកពីក្រុមហ៊ុន kglobal Consulting បានថ្លែងថា៖
«មនុស្សល្អធ្វើអំពើល្អនៅពេលដែលគ្មានអ្នកណាមើល។ នេះហើយជាផ្នែកមួយនៃអ្នកដែលមកពីភាគកណ្តាលនៃប្រទេសនិងរដ្ឋដូចជា Indiana នេះ»។
កាលពីទសវត្សរ៍១៩៩០ នៅពេលដែលលោក Pence ធ្វើជាអ្នកសម្របសម្រួលកម្មវិធីពិភាក្សាបែបអភិរក្សនិយមមួយនោះ លោកបានចំណាយពេលពិភាក្សាជាមួយនឹងលោក Randy Decleene អំពីក្តីសង្ឃឹមរបស់លោកសម្រាប់ពេលអនាគតនិងសម្រាប់ការបម្រើខ្លួនក្នុងរដ្ឋាភិបាល។
លោក DeCleene បានថ្លែងបន្ថែមថា៖
«សារដ៏ទូលំទូលាយរបស់លោកគឺពិតជាប្រកបដោយភាពវិជ្ជមាន សុទិដ្ឋិនិយម និងប្រកបដោយការលើកទឹកចិត្ត»។
លោកប្រធានសភា Paul Ryan បានថ្លែងថា៖
«លោកគឺជាមនុស្សដែលពោរពេញដោយក្តីសង្ឃឹម។ លោកគឺជាមនុស្សដែលពោរពេញដោយជំនឿជឿជាក់។ លោកគឺជាមនុស្សដែលអ្នកអាចជឿជាក់បាន។ លោកគឺជាមនុស្សដែលចេញពីបេះដូងរបស់ចលនាអភិរក្សនិយម និងជាបេះដូងរបស់អាមេរិក»។
ក្រោយពេលដែលលោក Pence ចាញ់ការប្រកួតចូលកាន់តំណែងជាតំណាងរាស្ត្រពីរដងរួចមក នៅទីបំផុតលោកបានក្លាយជាតំណាងរាស្ត្រសម្រាប់រដ្ឋ Indiana នៅក្នុងរដ្ឋសភារបស់អាមេរិកនៅឆ្នាំ២០០០។
លោកបានបង្កើនបទពិសោធន៍របស់លោកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែលោកមិនយល់ឃើញថា រដ្ឋាភិបាលជាចម្លើយតែមួយគត់សម្រាប់ដោះស្រាយបញ្ហារបស់ពលរដ្ឋនោះទេ។
លោក Pence បានថ្លែងថា៖
«យើងធុញទ្រាន់នឹងការណ៍ដែលគេប្រាប់ថា អ្នកចេះដឹងមួយចំនួនតូចនៅសភាអាចធ្វើឲ្យជីវិតរបស់យើងមានភាពប្រសើរឡើងជាងអ្វីដែលយើងគ្រោងទុកសម្រាប់ខ្លួនយើងនោះ»។
លោក Pence បានវិលត្រឡប់ទៅរដ្ឋ Indiana វិញកាលពីឆ្នាំ២០១២ ដើម្បីកាន់តំណែងជាអភិបាលរដ្ឋ។ លោកបានធ្វើឲ្យមានរឿងចម្រូងចម្រាសក្នុងរឿងរំលូតកូន និងជម្លោះរវាងសិទ្ធិរបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា និងសេរីភាពសាសនា។
លោក Pence បានលើកឡើងទៀតថា៖
«ច្បាប់មិនបានផ្តល់សិទ្ធិដល់ពាណិជ្ជកម្មទាំងឡាយក្នុងការបដិសេធមិនផ្តល់សេវាកម្មដល់នរណាម្នាក់នោះទេ»។
លោក Decleene ថ្លែងថា ជំនឿដ៏មុតមាំរបស់លោក Pence នាំមកនូវតុល្យភាពនៅក្នុងបក្ស។
លោក Gary Nordlinger មកពីសកលវិទ្យាល័យ George Washington បានថ្លែងថា៖
«ក្រុមអភិរក្សនិយមរបស់គណបក្សដែលមន្ទិលចំពោះលោក Trump ដឹងថាពួកគេអាចទុកចិត្តលោក Pence បាន។ លោកគឺជាមនុស្សដែលមានបទពិសោធន៍។ លោកបានចំណាយពេលវេលានៅក្នុងសភា ហើយលោកគឺជាអភិបាលរដ្ឋ Indiana។ ខ្ញុំគិតថា លោក Pence អាចជាមនុស្សដ៏មានតម្លៃក្នុងការដោះស្រាយបញ្ហាជាមួយនឹងសមាជិកសភាជំនួសមុខឲ្យរដ្ឋបាលលោក Trump»។
ប៉ុន្តែសេចក្តីថ្លៃថ្នូររបស់លោក Pence គឺមានសារៈសំខាន់ជាងនេះឆ្ងាយណាស់ នេះបើយោងតាមលោក DeCleene។
«ខ្ញុំគិតថាលោកមានលក្ខណៈសម្បតិ្តជាមេដឹកនាំដ៏អង់អាច ប្រាកដប្រជា និងប្រកបដោយយុទ្ធសាស្ត្រ»។
លោកមានគុណសម្បត្តិដែលអនុញ្ញាតឲ្យលោកធ្វើជាមេបញ្ជាការដឹកនាំប្រទេសទី២ ដ៏ល្អនៅក្នុងរដ្ឋបាលរបស់លោក Trump៕