សាជីវកម្ម​ IFC​ ស្នើ​ពិនិត្យ​ឡើង​វិញ​លើ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

រូបឯកសារ៖ ស្ត្រីម្នាក់ជិះម៉ូតូនៅតាមផ្លូវលំមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០។

ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​ (International Finance Corporation ​ឬ IFC) ​កាល​ពី​សប្តាហ៍​មុន​ បាន​កំណត់​ថា​ ការ​ស៊ើប​អង្កេត​លើ​ភាព​អនុលោម​ត្រូវ​បាន​អនុញ្ញាត ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្តឹង​លើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​៦នៅ​កម្ពុជា។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ដែល​បានប្តឹង​ទៅ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ ​IFC​ ដែល​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។​

កាលពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ តាង​នាម​ឱ្យ​ពល​រដ្ឋ​កម្ពុជា​ជា​អ្នក​ខ្ចី​ឥណទាន​ខ្នាត​តូច ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​ដើម្បី​ជំរុញ​ឱ្យមាន​ការ​ស៊ើប​អង្កេត​ស្ថាប័ន​ផ្ដល់​កម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ដ៏​ចាំបាច់​មួយ​ចំពោះ​ការ​រំលោភ​បំពាន​ជា​ច្រើន​ឆ្នាំ​ទៅ​លើ​ស្ដង់ដារ​អនុវត្តន៍​របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ។​

អង្គការ​ទាំង​ពីរ​នោះ​បញ្ជាក់​ថា ​ធនាគារ​អេស៊ីលីដា ​ធនាគារ​ហត្ថា ​ធនាគារ​ស្ថាបនា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ​អិល​អូអិល​ស៊ី ​និង​ប្រាសាក់ ​បាន​បំពាន​បទដ្ឋាន​ស្តង់ដា​អនុវត្តន៍​របស់​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​ដែល​ហាម​ឃាត់​ការ​វិនិយោគ​ទាំង​ឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹងពលកម្ម​កុមារ ​និង​ការ​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ជន​ជាតិ​ដើម​ភាគតិច​ដោយ​គ្មាន​ការ​យល់ព្រម។​

អង្គការ​លីកាដូ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«ទោះ​បីជា​យ៉ាង​ណា ​ក្នុង​ដំណើរការ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ផ្នែក​គ្រប់​គ្រង​នៃ​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​បាន​ស្នើ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ដោយ​ក្រុម​ប្រឹក្សាភិបាល​នៃ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ចំពោះ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ។ ​ការ​ស្នើ​នេះ​អាច​នាំ​ឱ្យ​ពន្យារ​ពេល​ ឬ​បញ្ចប់​ដំណើរ​ការ​ស៊ើប​អង្កេត​ភាព​អនុលោម»។

បើ​តាម​អង្គការ​លីកាដូ ​ក្រុមប្រឹក្សាភិបាល​មាន​ពេល​១០​ថ្ងៃ ​ដើម្បី​ត្រួត​ពិនិត្យ​មើល​សំណើ​នេះ។ ​

ដំណើរ​ការ​នេះ​អាច​អនុញ្ញាត​ឱ្យ​ការ​ស៊ើប​អង្កេត​ភាព​អនុលោម​បន្ត​ទៅ​មុខ​ ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​របស់​ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​ ឬ​ក៏​ផ្តល់​ឱ្យ​ក្រុម​ប្រឹក្សាភិបាល​នូវ​ពេល​វេលា​បន្ថែម ​ដើម្បី​ត្រួត​ពិនិត្យ​សំណើ។​

ព័ត៌មាន​ទាក់ទង៖ សង្គម​ស៊ីវិល​ថា​ បណ្តឹង​អំពី​ការ​រំលោភ​បំពាន​ទាក់ទិន​កម្ចី​ខា្នត​តូច​ត្រូវ​បាន​ទទួល​យក​ដោយ​ស្ថាប័ន​ឃ្លាំ​មើល​ហិរញ្ញវត្ថុ ​IFC

អ្នកស្រី ​ណាលី ពីឡូក​ នាយិកា​ទទួល​បន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លីកាដូ ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា៖​ «ការ​ស៊ើប​អង្កេត​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​យុត្តិធម៌ ​និង​ដំណោះ​ស្រាយ​សំណង​សម្រាប់​ពល​រដ្ឋកម្ពុជា​អ្នក​ខ្ចីប្រាក់ ​ដែល​បន្ត​រង​គ្រោះ​ដោយ​សារ​តែ​ក​ម្ចី​បែប​កេង​ប្រវ័ញ្ច»។​

ចំណែក​លោក ​អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា ​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែរ​ថា​ ប្រជាពល​រដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចីប្រាក់​នៅ​បន្ត​រង​គ្រោះ​ពី​ផល​ប៉ះ​ពាល់​នៃ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ​និង​កម្ចី​ឥណទាន​ខ្នាត​តូច។​

លោក​បញ្ជាក់​ថា៖ ​«យើង​សង្ឃឹម​ថា ​ការ​ស៊ើប​អង្កេត​នេះ​អាច​ដំណើរ​ការ​ទៅ​មុខ​បាន​ឆាប់ៗ​នេះ ​ដើម្បី​ជំរុញ​ដល់​សិទ្ធិ​ទទួល​បាន​ដំណោះ​ស្រាយ​របស់​អ្នក​ខ្ចី​ឥណទាន​ ​និង​ចាប់​ផ្តើម​ដោះ​ស្រាយ​ការ​ខូចខាត​ធ្ងន់ធ្ងរ​នានា​ ​ដែល​បណ្តាល​មកពី​ការ​វិនិយោគ​ទាំង​អស់​នេះ»។​

លោក ​អៀង វុទ្ធី ​ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«ក្នុង​ករណី​ដែល​ការ​រក​ឃើញ​នោះ ​វា​សុក្រឹត្យ​ត្រឹម​ត្រូវ​ អ៊ីចឹង​ប្រាកដ​ណាស់​នឹង​មាន​បង្កើត​នូវ​គោល​ការណ៍​ ឬ​ក៏​លក្ខខណ្ឌ​ដោះ​ស្រាយ​ទៅ​លើ​បញ្ហា​ដែល​កើត​ឡើង។ ​ហើយ​យើ​ង​សង្ឃឹម​ថា ​គោល​នយោបាយ​មួយ​ចំនួន​ក៏​នឹង​ត្រូវ​បាន​អនុម័ត​ផង​ដែរ»។​

ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ​និង​ជា​អ្នក​នាំពាក្យ​គឺ​លោក​ កាំង តុងងី ​យល់​ថា ​វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ ​ពាក់ព័ន្ធ​ជាមួយ​ករណី​នេះ​ ប៉ុន្តែ​លោក​ដាក់​ក្តី​សង្ឃឹម​លើ​ការ​ស៊ើប​អង្កេត​របស់​ IFC។​

លោក​ថ្លែង​ថា៖ ​«តែ​យ៉ាងណា​ ពេល​ខ្លះ​បើ​មាន​យន្តការ​អន្តរជាតិ​ដូច​ជា ​IFC នេះ​ គាត់​ជា​អ្នក​រក ​ជាអ្នក​ស៊ើប​អង្កេត​ ប្រហែល​ជា​គ្រប់​គ្នា​អាច​មាន​ការ​ការ​ស្ងប់​ចិត្ត ជឿ​ជាក់ ​ជាង។​ អ៊ីចឹង​មក​ដល់​ដំណាក់​កាល​នេះ ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​យើង​កំពុង​តែ​តាម​ដាន​ករណី​នេះ​ដូច​គ្នា»។​

លោក ​សុខ វឿន ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អិលអូអិលស៊ី ​ប្រាប់​វីអូអេ​តាម​សារ​តេឡេ​ក្រាម​ថា៖​ «យើង​ស្វាគមន៍​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ណាមួយ ​ហើយ​គាំទ្រ​ចំពោះ​ការ​ស៊ើប​អង្កេត​បែប​នេះ ​រួម​ទាំង​ការ​ស៊ើប​អង្កេត​ដោយ ​IFC ដូច​ដែល​យើង​រំពឹង​ថា ​វា​មិន​លម្អៀង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ធនាគារ​អេស៊ីលីដា​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រិត​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ​ធនាគារ​ហត្ថា ​និង​ធនាគារ​ស្ថាបនា​បាន​នៅ​ឡើយ​ទេ។​

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ធ្លាប់ឱ្យ​ដឹង​ថា​ ស្ថាប័នហិរញ្ញ​វត្ថុ​ទាំង​៦​ខាង​លើ​ធ្លាប់​ទទួល​បាន​ការ​អនុម័ត​ទឹកប្រាក់​ច្រើន​ជាង​៤០០​លាន​ដុល្លារពី​មូលនិធិ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ ​នៅ​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ រួមមាន​កម្ចី​ឥណទាន​ដោយ​ផ្ទាល់​ កម្ចី​បញ្ចូល​គ្នា​ កម្ចី​ឥណទាន​ និង​ការ​វិនិយោគ​ផ្អែក​លើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយ​សាជីវ​កម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ។​

​អង្គការ​លីកាដូ ​កាល​ពី​កន្លង​ទៅ ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ជា​បន្ត​បន្ទាប់​ស្តីពី​ការ​រង​គ្រោះ​របស់​ប្រជា​ពលរដ្ឋ​ដែល​ខ្ចី​លុយ​ពី​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​មិន​អាច​បង់សង់​ត្រឡប់​វិញ ​រហូត​ដល់​មាន​ការ​បង្ខំ​លក់​ដី​ ផ្ទះ​សម្បែង​ជាដើម៕