ក្រុមហ៊ុនច្បាប់អន្តរជាតិ Global Diligence ដែលមានឯកទេសខាងច្បាប់ព្រហ្មទណ្ឌនិងសិទ្ធិមនុស្សអន្តរជាតិ បានសម្ដែងការសាទររបស់ខ្លួនចំពោះការសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ឬហៅកាត់ថាICC) ក្រោយពីតុលាការនេះ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួននឹងចាប់ផ្ដើមផ្ដោតទៅលើឧក្រិដ្ឋកម្មទាក់ទិននឹងការបំផ្លិចបំផ្លាញបរិស្ថាន និងការរំលោភបំពានដីធ្លីដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសថ្លែងការណ៍មួយរបស់ក្រុមហ៊ុនច្បាប់អន្តរជាតិ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។
ក្រុមអ្នកច្បាប់អន្តរជាតិនេះ បានលើកឡើងថា ការផ្តោតទៅលើឧក្រិដ្ឋកម្មអន្តរជាតិថ្មីនេះ នឹងជួយបិទគម្លាតនិទ្ទណ្ឌភាពនៃឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានប្រព្រឹត្តិក្នុងពេលប្រទេសមួយមានសន្តិភាព។
ក្រុមហ៊ុន Global Diligence បាននិយាយថា «ការណ៍នេះ ក៏បានបើកចំហទ្វារសម្រាប់សំណុំរឿងដែលបានដាក់ជូនតុលាការ តំណាងឲ្យជនរងគ្រោះកម្ពុជា ប្រឆាំងនឹងក្រុមអភិជនដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជាផងដែរ»។
កាលពីឆ្នាំ២០១៤ មេធាវីអង់គ្លេសម្នាក់គឺលោក Richard Rogers ដែលជាដៃគូរបស់ក្រុមហ៊ុនច្បាប់ Global Diligenceនេះ បានដាក់សារណា ប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ ដោយបានស្នើព្រះរាជអាជ្ញានៃតុលាការនេះ ឲ្យស៊ើបអង្កេតការជម្លៀសពលរដ្ឋ និងការបណ្តេញចេញពីលំនៅដ្ឋានដែលមានលក្ខណៈជាប្រព័ន្ធនិងយ៉ាងទូលំទូលាយ ដែលបណ្តាលមកពីការរំលោភបំពានដីធ្លីនៅក្នុងប្រទេសកម្ពុជា។
លោក Richard Rogers បានថ្លែងថា «គោលនយោបាយថ្មីរបស់អយ្យការតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ បានបញ្ជាក់ពីតម្រូវការក្នុងការដោះស្រាយឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលបានប្រព្រឹត្ត ក្រោមឈ្មោះ«ការអភិវឌ្ឍ» ដោយសារឧក្រិដ្ឋកម្មបែបនេះ បំផ្លាញជនរងគ្រោះ មិនតិចជាងឧក្រិដ្ឋកម្មក្នុងពេលមានសង្គ្រាមនោះទេ»។
តុលាការ ICC ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។ តុលាការនេះ ភាគច្រើនសម្រេចក្តីតែលើសំណុំរឿងទាក់ទិននឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមប៉ុណ្ណោះ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២។
ប៉ុន្តែ ក្រោយពីមានការតស៊ូមតិយ៉ាងខ្លាំងក្លាពីសកម្មជនដីធ្លីនានាទូទាំងពិភពលោកមក តុលាការនេះ បាននិយាយថា ការបំផ្លិចបំផ្លាញបរិស្ថាន និងការរំលោភបំពានដីធ្លី ក៏អាចធ្វើឲ្យរដ្ឋាភិបាលនិងបុគ្គល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផងដែរ។
នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋប្រមាណ៨៣ម៉ឺននាក់ បានរងផលប៉ះពាល់យ៉ាងអាក្រក់ដោយសារជម្លោះដីធ្លី ដោយប្រជាពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីដីធ្លីនិងផ្ទះសម្បែងរបស់ពួកគេ ហើយត្រូវរស់នៅក្នុងភាពក្រីក្រ។ នេះបើផ្អែកតាមក្រុមអ្នកច្បាប់ Global Diligence៕