កាលពីថ្ងៃអង្គារ អាជ្ញាធរនៃប្រទេសហុងគ្រីបានប្រកាសស្ថានភាពមានអាសន្ននៅក្នុងស្រុកពីរក្នុងផ្នែកខាងត្បូងប្រទេសរបស់ខ្លួន ដែលនេះជាផ្នែកមួយនៃការបង្ក្រាបពួកជនចំណាកស្រុកដែលខិតខំប្រឹងប្រែងឱ្យបានទៅដល់សហភាពអឺរ៉ុប។
ចំណាត់ការនេះមានឡើងតែប៉ុន្មានម៉ោងក្រោយពីប្រទេសហុងគ្រី បានបិទច្រករបងព្រំដែនរបស់ខ្លួនដែលជាប់ជាមួយប្រទេសស៊ែប៊ី ជាទីដែលពួកជនទេសន្តរប្រវេសន៍បានប្រើប្រាស់ច្រើនសប្តាហ៍មកហើយធ្វើជាកន្លែងចូលក្រៅផ្លូវការ។
កាលពីថ្ងៃអង្គារ ពួកជនចំណាកស្រុករាប់រយនាក់បានបន្តទៅមុខប្រឆាំងនឹងរបាំងថ្មីនេះ ហើយទាមទារឱ្យអាជ្ញាធរអនុញ្ញាតឱ្យពួកគេឆ្លងកាត់ព្រំដែន។ ពួកគេបានស្រែកបន្ទរថា៖ «បើកព្រំដែន បើកព្រំដែន»នៅពេលដែលពួកប៉ូលិសឈរនៅម្ខាងទៀតនៃព្រំដែន។
ពួកអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋានដែលបានចែកចាយម្ហូបអាហារនិងទឹកបាននិយាយថា មនុស្ស២០០នាក់បានឆ្លងកាត់ព្រំដែននៅទីនោះកាលពីថ្ងៃចន្ទ។
កាលពីល្ងាចថ្ងៃចន្ទ តង់ដែលពួកអ្នកស្ម័គ្រចិត្តបានដំឡើងនៅជិតរបងនោះមិនមានមនុស្សនៅទីនោះទៀតទេ ក៏ប៉ុន្តែកាលពីពីរបីថ្ងៃមុននេះ មានពួកជនចំណាកស្រុកសម្រាកនៅពេញទីនោះ នៅក្រោយការធ្វើដំណើរយ៉ាងឆ្ងាយរបស់ពួកគេ។
នៅចម្ងាយប្រមាណមួយគីឡូម៉ែត្រពីទីនោះ នៅកន្លែងឆ្លងកាត់ព្រំដែនជាផ្លូវការពីប្រទេសស៊ែប៊ីចូលទៅក្នុងប្រទេសហុងគ្រី ពួកប៉ូលិសបានដាក់របាំងមួយដើម្បីរារាំងពួកអ្នកកាសែតឬពួកអ្នកស្ម័គ្រចិត្តពីទីនោះនៅពេលដែលពួកជនទេសន្តប្រវេសន៍ដែលបានទៅដល់ព្រំដែន ត្រូវបានដឹកនៅក្នុងឡានក្រុងទៅកាន់ស្ថានីយ៍រថភ្លើង Roszke៕