នៅថ្ងៃចន្ទនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមានដាក់ដាក់សម្ពាធថ្មីៗបន្ថែមទៀតទៅលើក្រុមមន្រ្តីបក្សប្រឆាំង ប្រសិនបើសហភាពអឺរ៉ុបដកកម្ពុជាចេញពីកិច្ចអនុគ្រោះពន្ធលើការនាំចេញ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ដែលហៅកាត់ថា EBA មែននោះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងដោយសំដៅលើសហភាពអឺរ៉ុបដែលព្រមានដកពន្ធអនុគ្រោះនៃការនាំចេញពីកម្ពុជាថា ការដាក់ទណ្ឌកម្មលើកម្ពុជាស្មើនឹងការសម្លាប់គណបក្សប្រឆាំង។ លោកបន្ថែមថា ក្រុមមន្រ្តីបក្សប្រឆាំងជាអ្នកអំពាវនាវឲ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា ដូច្នេះលោកថា ប្រសិនបើអន្តរជាតិពិតជាដាក់ទណ្ឌកម្មលើកម្ពុជាមែន នោះលោកនឹងបន្ថែមការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំងដែលកំពុងស្ថិតនៅកម្ពុជា។
ថ្លែងដោយលើកឡើងពីខួបនៃការឡើងកាន់អំណាចជានាយករដ្ឋមន្រ្តីបានចំនួន៣៤ឆ្នាំគត់ផងនោះ លោក ហ៊ុន សែន បញ្ជាក់ថា៖
«ពួកអ្នកឯងរងចាំមើលទៅអ្នកឯងសប្បាយទៅ សួរថារដ្ឋបាល ហ៊ុន សែន នឹងចាត់វិធានការចំពោះពួកអាក្រក់របៀបណា? ឲ្យច្បាស់លាស់ជាមួយគ្នា។ អ្នកឯងគ្មានសិទ្ធិមកនិយាយជាមួយខ្ញុំតទៅទៀតទេ។ អញ្ចឹងពួកអ្នកមានទោសទាំងប៉ុន្មានគឺត្រូវបន្តទោស។ អាគួរតែរួច មិនឲ្យហ្អែងរួចខ្លួន ប្រមូលយកកាត់ទោសហើយ។ ព្រោះបានជាជ្រុលអញ្ចឹងទៅហើយ ពួកហ្អែងអ្នកធ្វើអាក្រក់ អញអនុវត្តច្បាប់ ហ្អែងទៅប្តឹងចៅហ្វាយហ្អែងឲ្យធ្វើបាបអញ អញ្ចឹងអញដាក់ជាន់ក ហ្អែងថែម»។
កន្លងមកលោកនាយករដ្ឋមន្រ្តីដែលក្តាប់អំណាចពេញដៃរូបនេះ តែងប្រកាសថា គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ គឺស្មើទៅនឹងសាកសពដែលស្លាប់ហើយមិនអាចរស់ឡើងវិញយ៉ាងដូច្នោះ។ យ៉ាងណាក្តីនៅព្រឹកនេះលោក ហ៊ុន សែន បានប្រកាសបើកឲ្យសហគមន៍អឺរ៉ុបជជែកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ ជាជាងដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
លោកថ្លែងថា៖
«បើចង់ឲ្យពួកប្រឆាំងងាប់អាហ្នឹងកាត់ទៅបើចង់ឲ្យពួកប្រឆាំងរស់អាហ្នឹងកុំធ្វើទៅ មកជជែកគ្នាពិភាក្សាគ្នា កែលំអរសភាពការណ៍ជាមួយគ្នា បន្តទៅមុខជាមួយគ្នា ក្នុងភាពជាដៃគូស្មើភាព លើការគោរពឯករាជ្យ និងអធិបតេយ្យ។ អញ្ចឹងគេរង់ចាំជំហានរបស់យើង យើងក៏រង់ចាំជំហានរបស់គេដើរដែរ»។
គណបក្សសង្គ្រោះជាតិដែលជាគណបក្សដ៏ធំ និងមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដោយចោទថាគណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ នៅមុនការរំលាយបន្តិចលោក កឹម សុខា ប្រធានគណបក្សនេះក៏ត្រូវបានចាប់ខ្លួន ដោយចោទពីបទក្បត់ជាតិ ចំណែកមន្រ្តីជាន់ខ្ពស់គណបក្សនេះមួយចំនួនធំបានភៀសខ្លួនទៅបរទេសជាបន្តបន្ទាប់ និងខ្លះស្វែងរកអន្តរាគមន៍ពីអន្តរជាតិ តាមរយៈការអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មលើរដ្ឋបាលរបស់លោក ហ៊ុន សែន ជាថ្នូរឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅបរទេស ប្រាប់ VOA ថា ការសម្រេចចង់ចរចារជាមួយសហគមន៍អឺរ៉ុបគឺជាដំណោះស្រាយល្អដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើ ដើម្បីការពារការបាត់បង់ប្រយោជន៍របស់ប្រជាពលរដ្ឋដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ។
អ្នកស្រីបញ្ជាក់ថា៖
«សហគមន៍អឺរ៉ុបបានជម្រាបលោក ហ៊ុន សែន ពេលដែលបានជួបគ្នានៅប្រ៊ុចស៊ែលច្បាស់ណាស់ នូវអ្វីដែលជាលក្ខខណ្ឌ គឺឲ្យប្រជាធិបតេយ្យរស់ឡើងវិញ ដោះលែងលោកប្រធាន កឹម សុខា ដោះស្រាយបញ្ហាការសម្លាប់ប្រជាធិបតេយ្យទាំងមូល និងជាពិសេសការបោះឆ្នោតកែ្លងក្លាយដែលសហគមន៍អឺរ៉ុបមិនទទួលយកបាន»។
ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» (EBA) ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ២០០១ ដោយមានការព្រមព្រៀងថា ប្រទេសដែលទទួលបាន EBA ត្រូវគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានផលចំណេញពីការរួចពន្ធទំនិញ នាំចេញទៅទីផ្សារអឺរ៉ុប ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
កម្មករជិត ១លាននាក់នៅកម្ពុជា ពឹងផ្អែកលើវិស័យវាយនភណ្ឌ និងផលិតផលផ្សេងទៀត ដែលរកចំណូលជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែការនាំចេញផលិតផលទៅទីផ្សារអឺរ៉ុប។ វិស័យឧស្សាហកម្មនេះ គឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យចំនួន៤ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម សំណង់ និងទេសចរណ៍។
សហភាពអឺរ៉ុបនៅដើមខែតុលា ឆ្នាំ២០១៨ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយឯកបក្សថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហភាពអឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។ សហភាពអឺរ៉ុបក៏បានទុកពេលឲ្យកម្ពុជារយៈពេល១២ខែ ដើម្បីស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញ មុននឹងសម្រេចដកពន្ធអនុគ្រោះដែលផ្ដល់ផលចំណេញដល់កម្ពុជាប្រមាណ ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល នារសៀលថ្ងៃចន្ទនេះថា ការចាប់ផ្តើមនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាធ្វើឡើងដោយសារការព្រួយបារម្ភពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ នីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា មិនទាន់ត្រូវបានចាប់ផ្តើមជាផ្លូវការនៅឡើយដោយត្រូវរង់ចាំរហូតដល់រយៈពេល១២ខែដូចបានកំណត់។
លោក George Edgar បញ្ជាក់ពីការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន ឲ្យមានការចរចារ ក្នុងន័យដើមថា៖
«សហភាពអឺរ៉ុបបានសង្កត់ធ្ងន់ថា នៅតែបើកចំហរឲ្យមានការចរចារជាមួយនឹងកម្ពុជា ហើយប្រសិនបើកម្ពុជាចាត់វិធានការណាមួយភ្លាមៗ ដើម្បីកែប្រែស្ថានការណ៍ដែលបានផ្តើមឲ្យមាននីតិវិធីដកពន្ធអនុគ្រោះ នោះសហភាពអឺរ៉ុបនឹងពិចារណាឡើងវិញនូវស្ថានការណ៍នេះ»។
ការព្រមានរបស់សហភាពអឺរ៉ុបក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើឡើងបន្ទាប់ពីស្ថានការណ៍នយោបាយនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះ។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយកអាសនៈទាំងអស់ចំនួន១២៥ កាលពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរឹតត្បិតក្រុមសំឡេងប្រឆាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្ម និងរិះគន់ផងដែរ។
ក្រុមសហជីព អ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករជាច្រើនបានលើកឡើងជាបន្តបន្ទាប់ពីការព្រួយបារម្ភនិងផលប៉ះពាល់ថា កម្ពុជាអាចប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកចេញពីកម្ពុជា។ ពួកគេក៏បានស្នើឲ្យមានការចរចារវាងភាគីរដ្ឋាភិបាលនិងគណៈកម្មការសហភាពអឺរ៉ុប នៅមុនពេលមានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាអាវុធ» ជាផ្លូវការ។
យ៉ាងណាក្តីទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសជារឿយៗថា ការដកប្រព័ន្ធអនុគ្រោះពន្ធឬការដាក់ទណ្ឌកម្មណាមួយពីអន្តរជាតិនឹងមិនធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ។ ពួកគេក៏បានបញ្ជាក់ថា ការរំលាយគណបក្សប្រឆាំងនិងការបង្ក្រាបនានាដែលអន្តរជាតិហៅថាជាការបង្ក្រាបដែលធ្វើឲ្យខូចខាតប្រជាធិបតេយ្យនោះ គឺជាការអនុវត្តច្បាប់ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ៕