ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកព្រឹទ្ធសភា​អាមេរិក​ស្នើ​ច្បាប់​សើរើ​មើល​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP ពី​កម្ពុជា


រូបឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា ​​Ted Cruz នៃ​រដ្ឋ​តិចសាស និយាយជាមួយអ្នកសារព័ត៌មាន។
រូបឯកសារ៖ លោក​សមាជិក​ព្រឹទ្ធសភា ​​Ted Cruz នៃ​រដ្ឋ​តិចសាស និយាយជាមួយអ្នកសារព័ត៌មាន។

កម្ពុជា​ទទួល​បាន​ពន្ធ​អនុគ្រោះ GSP ក្នុងឆ្នាំ ១៩៩៧ ហើយ​បាន​នាំ​ទំនិញ​ក្រោម​កម្មវិធី​ចូល​សហរដ្ឋ​អាមេរិក​​ចំនួន​១៩៧​លានដុល្លារ​គិត​ត្រឹម​ឆ្នាំ​២០១៦។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ពន្យា​ពន្ធ​អនុគ្រោះ​GSP ដល់​កម្ពុជា​កាលពី​ខែ​មេសា​ឆ្នាំ​២០១៨។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ពីររូប គឺ​លោក Ted Cruz និង​លោក Chris Coons បាន​ដាក់​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​នៅថ្ងៃ​ពុធ​នេះ ដែល​មាន​ឈ្មោះ​ថា​«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩‍»​ដើម្បី​តម្រូវឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការ​ពិនិត្យ​មើល​ឡើង​វិញ​ឋានៈអនុគ្រោះពន្ធ​ទូទៅ​(GSP) ដែល​សហរដ្ឋ​អាមេរិក​បានផ្តល់​ឱ្យ​កម្ពុជា។

លោក​សមាជិក​ព្រឹទ្ធសភា Ted Cruz នៃ​រដ្ឋ​តិចសាស បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា៖

«សហរដ្ឋ​អាមេរិក បាន​វិនិយោគ​លើ​អនាគត​នយោបាយ​នៃ​កម្ពុជា​ដោយ​បង្កើត​ពាណិជ្ជកម្ម​គួរ​ឱ្យ​ទុកចិត្ត​បាន ដូច​ដែល​បាន​កំណត់​នៅ​ក្នុង​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ​ហៅ​ថា GSP។ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​កម្ពុជា​បាន​កេងប្រវ័ញ្ច​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ដែល​ផ្តល់​ឱ្យ​ដោយ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប។ គាត់​បាន​បរាជ័យ​មិនគោរព​តាម​និយាម​សិទ្ធិ​ការងារ មើលស្រាល​ដល់​សុច្ចរិតភាព​នៃការបោះឆ្នោត​នៅ​កម្ពុជា ហើយ​បាន​ងាក​ឆ្ពោះ​ទៅ​ប្រទេស​ចិន‍»។

លោក Ted Cruz បាន​បន្ថែម​ទៀត​ថា៖

«ច្បាប់​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩​នេះ​នឹង​ធ្វើ​ឱ្យ​លោក (ហ៊ុនសែន) និង​រដ្ឋាភិបាល​របស់​គាត់​ទទួល​ខុសត្រូវ​ចំពោះ​ឥរិយាបទ​នេះ និង​ដើម្បី​ពង្រឹង​ជំហរ​ដែល​ដៃគូ​អឺរ៉ុប​របស់​យើង​កំពុង​ចាត់​វិធានការ‍»។​

កម្ពុជា​ទទួល​បាន​ពន្ធ​អនុគ្រោះ GSP ក្នុងឆ្នាំ ១៩៩៧ ហើយ​បាន​នាំ​ទំនិញ​ក្រោម​កម្មវិធី​ចូល​សហរដ្ឋ​អាមេរិកចំនួន​១៩៧​លានដុល្លារនៅ​ឆ្នាំ​២០១៦។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​ពន្យា​ពន្ធ​អនុគ្រោះ​GSP ដល់​កម្ពុជា​កាលពី​ខែ​មេសា​ឆ្នាំ​២០១៨។

លោក​សមាជិក​ព្រឹទ្ធសភា​ Chris Coons នៃ​រដ្ឋ​ឌែលឡាវែ និយាយ​ជាមួយ​អ្នកសារព័ត៌មាននៅ​វិមាន​សភា​អាមេរិក។
លោក​សមាជិក​ព្រឹទ្ធសភា​ Chris Coons នៃ​រដ្ឋ​ឌែលឡាវែ និយាយ​ជាមួយ​អ្នកសារព័ត៌មាននៅ​វិមាន​សភា​អាមេរិក។

លោក​សមាជិក​ព្រឹទ្ធសភា​ Chris Coons នៃ​រដ្ឋ​ឌែលឡាវែ បាន​ចោទ​សួរថា​តើ​កម្ពុជា​គួរតែ​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ដើម្បី​នាំ​ទំនិញ​ចូល​ទីផ្សារ​សហរដ្ឋ​អាមេរិក​ទៀត​ដែរ ឬ ទេ។

លោក Chris Coons ​បាន​បន្ថែម​ថា៖

«ប្រទេស​ដែល​មើលស្រាល​ដល់​លទ្ធិ​ប្រជាធិបតេយ្យ មិន​យក​ចិត្ត​ទុកដាក់​និយាម​ពលកម្ម មិន​គោរព​សិទ្ធិ​មនុស្ស និង​មិន​យកចិត្តទុក​ដាក់​ការពារ​កម្មសិទ្ធិ​បញ្ញា មិន​គួរ​ទទួល​បាន​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ទេ។ ក្នុង​អំឡុងពេល​គ្រប់គ្រង​អំណាច​៣៤ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​បង្ហាញការមិនគោរព​នីតិរដ្ឋ និង​សិទ្ធិ​មូលដ្ឋាន​នៅ​កម្ពុជា‍»។​

សហរដ្ឋ​អាមេរិក​ជាទីផ្សា​រនាំចេញ​ដ៏​ធំទីពីរ​របស់​កម្ពុជា​បន្ទាប់ពី​សហភាព​អឺរ៉ុប។ ​ក្នុងមួយឆ្នាំ​ៗ​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​ចំនួន ជាង​៣ពាន់​លាន​ដុល្លារ។

ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​និង​ចាប់​ប្រធាន​គណបក្ស គឺ​លោក កឹម សុខា​ដាក់​ពន្ធនាគារ ហើយ​រៀបចំ​ការបោះឆ្នោត​កាលពី​ខែកក្កដា​ឆ្នាំ​មុន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន​ឈ្នះ​យក​អាសនៈសភា​ទាំង​១២៥។ ការបោះឆ្នោត​នោះ​រង​ការរិះគន់​ពី​បស្ចិម​ប្រទេស។

សហគមន៍​អឺរ៉ុប​ក៏កំពុងដំណើរការ​ដក​ឋានៈអនុគ្រោះពន្ធ​ដែល​ហៅ​ថា​«រាល់​មុខ​ទំនិញ​លើកលែងតែសព្វាវុធ​‍»​ (EBA) ពី​កម្ពុជា​ផងដែរ។ ឋានៈ​អនុគ្រោះពន្ធ​នេះ ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

XS
SM
MD
LG